ភ្នំពេញ ៖ គណបក្សយុវជនកម្ពុជាបានសម្រេចពន្យារពេលធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជាវិញ បន្ទាប់ពីក្រសួង ការបរទេសកម្ពុជាសម្រេចបដិសេធបញ្ចូនញត្តិទៅកាន់រដ្ឋាភិបាលវៀតណាម។ ការទាមទារស្នើសូមធ្វើបាតុកម្មរបស់គណបក្សយុវជនកម្ពុជានេះ គឺបំណងដើម្បីឲ្យប្រទេសជិតខាងគោរពបូរណភាពទឹកដីកម្ពុជា។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រាប់វិទ្យុស្ត្រីថា នៅថ្ងៃអាទិត្យទី០៩ តុលា នេះថា គម្រោងធ្វើបាតុកម្មទាមទារឲ្យប្រទេសជិតវៀតណាមគោរពបូរណភាពទឹកដីកម្ពុជា នៅមុខស្ថានទូតវៀតណាមនៅថ្ងៃទី ១០ តុលា ស្អែកនេះ ត្រូវពន្យារពេលវិញ ដោយសារករណីក្រសួងការបរទេសកម្ពុជាបដិសេធបញ្ជូនញត្តិទៅស្ថានទូតនេះ។ លោក ពេជ្រ ស្រស់ បន្តថា គម្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតប្រចាំនៅកម្ពុជា នៅតែបន្តបន្ទាប់គណបក្សនេះដោះស្រាយកិច្ចការរដ្ឋបាលចប់សព្វគ្រប់។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះបន្តថា ក្រសួងការបរទេសកម្ពុជាដែលបានបដិសេធបញ្ជូនញត្តិទៅស្ថានទូតវៀតណាម គឺជាបំបិទសិទ្ធិសេរីភាពធ្វើនយោបាយរបស់លោក។ លោក ពេជ្រ ស្រស់៖«ក្រសួងការបរទេសកំពុងធ្វើសកម្មភាពបំបិទសិទ្ធិអ្នកនយោបាយ និងអ្នកស្នេហាជាតិ ដែលទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការរំលោភបំពានបូរណភាពទឹកដីកម្ពុជា»។
ជុំវិញមតិរបស់លោក ពេជ្រ ស្រស់ ដែលលើកឡើងថា ក្រសួងការបរទេសកម្ពុជាបំបិទសិទ្ធិសេរីភាពធ្វើនយោបាយរបស់លោក វិទ្យុស្ត្រី មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងកាបរទេស លោក ជុំ សន្ទរី នៅរសៀលថ្ងៃ អាទិត្យនេះ នៅឡើយទេ។
កាលពីថ្ងៃទី ២៩ ខែ កញ្ញា តាមរយៈលិខិតរបស់សាលារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ថា ក្រសួងការបរទេសមិនបញ្ជូនញត្តិទៅស្ថានទូតវៀតណាមឡើយ ព្រោះក្រសួងធ្លាប់បានបញ្ជូនកំណត់ទូតតវ៉ាទៅរដ្ឋាភិបាលវៀតណាមរួចហើយ អំពីការរំលោភបំពានរបស់វៀតណាមតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី ១៨ ខែ សីហារកន្លងមក។
បើយោងតាមកំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៨ ខែសីហាកន្លងមក បានស្នើឱ្យប្រទេសវៀតណាមបញ្ឈប់សកម្មភាពនា នាដែលបានរំលោភបំពានមកលើព្រំដែនកម្ពុជា ដូចជាការសង់ប៉ុស្តិ៍រដ្ឋបាល ជីកស្រះ និងសាងសង់ផ្លូវ នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្ត មណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តកណ្តាល ជាដើម រហូតដល់គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបាន បញ្ចប់ខណ្ឌសីមាជាស្ថាពរនៅតំបន់ទាំងនោះ។
កំណត់ទូតបញ្ជាក់ថា ស្របតាមស្មារតីខ្លឹមសារនៃកំណត់ទូតខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមជាថ្មីម្តងទៀត សូមឱ្យបញ្ឈប់សកម្មភាពសាងសង់ទាំងអស់ជាបន្ទាន់ និងធ្វើឱ្យស្ថានភាពបរិស្ថាននៅតំបន់ដែលរំលោភបំពានទាំងនោះឱ្យមានសភាពដូចដើមវិញ ព្រមទាំងចាត់វិធានការរារាំងកុំឱ្យពលរដ្ឋវៀតណាម ចូលមកដាំដុះ ឬធ្វើសកម្មភាពនៅតំបន់ព្រំដែន ទាំងទ្បាយណាដែលមិនទាន់បញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន៕