en     km
en     km

មន្ដ្រី​រដ្ឋាភិបាល​ ៖​ ស្ដ្រី​ចូលរួម​យ៉ាង​សកម្ម​ក្នុង​វិស័យសេដ្ឋកិច្ច​ និង​ដឹកនាំ​

Share

ភ្នំពេញ៖ ​រដ្ឋលេខាធិការ​ក្រសួង​ កិច្ចការ​នារី​ លោកស្រី​ ឃី​ម​ ចំរើន​ ថ្លែង​ក្នុង​វេទិការ​ភាព​ជា​អ្នកដឹកនាំ គម្រប់ខួប ៦ឆ្នាំ ​នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​នៅ​ថ្ងៃ​ទី​ ០៨​ តុលា​ ថា​ ស្ដ្រី​បាន​លះបង់​យ៉ាងច្រើន​លើសលប់​ក្នុង​ការ​ចូលរួម​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​ ពិសេស​គឺ​វិស័យសេដ្ឋកិច្ច​គ្រួសារ​តែ​ម្ដង​។​ ជាង​នេះ​លោកស្រី​ថា​ ព្រោះតែ​ផ្នត់​គំនិត​សង្គម​ពី​អតីតកាល​បាន​ក្លាយជារ​នាំ​ងសម្រាប់​ស្ដ្រី​ មិន​ឲ្យ​ចូលរួម​ក្នុង​កិច្ច​សង្គម​បាន​អស់ពី​សមត្ថភាព​ ។​  ប្រការ​នេះ​ នាយិការ​អង្គការ​ដែល​ធ្វើការ​ខាង​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​យល់​ស្រប​ថា​ ស្ដ្រី​ពិតជា​បាន​ចូលរួម​ចំណែក​ក្នុង​សង្គម​យ៉ាង​សកម្ម​មែន​ ប៉ុន្ដែ​គឺ​នៅ​មាន​កម្រិត​នៅឡើយ​។​

ស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនានាចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។រូបភាពWMC
ស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនានាចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។រូបភាពWMC

​ក្នុង​វេទិការ​ភាព​ជា​អ្នកដឹកនាំ​នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ ឃី​ម​ ចំរើន​ បាន​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ប្រមាណ​ជាង​ ៣០០​នាក់​ នៅ​ថ្ងៃ​ទី​ ០៨​ តុលា​នេះ​ ដោយ​បញ្ជាក់​ថា​ ផ្នត់​គំនិត​សង្គម​នៅ​តែ​ជា​បញ្ហា​ចោទ​ទៅ​លើ​ស្ដ្រី​ ដែល​រាំង​ខ្ទប់​ការ​ចូលរួម​របស់​ស្ដ្រី​ក្នុង​វិស័យ​ផ្សេងៗ​ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ​។​ បន្ថែម​ពី​នេះ​លោកស្រី​ថា​ កិច្ចការ​ក្នុងផ្ទះ​ត្រូវ​បាន​គេ​គិត​ថា​ គឺជា​ការងារ​របស់​ស្ដ្រី​តែ​ម្នាក់ឯង​ ដែល​លោកស្រី​ស្នើ​ដល់​បុរស​ត្រូវ​តែ​ផ្ដល់​តម្លៃ​ដល់​ស្ដ្រី​ ហើយ​ចូលរួម​ចែករំលែក​ការងារ​ផ្ទះ​ជាមួយ​ស្ដ្រី​ឲ្យ​បាន​ច្រើន​ ។​​លោកស្រី​ ឃី​ម​ ចំរើន​«​ស្ដ្រី​លះបង់​ស្ដ្រី​ចូលរួម​វិស័យ​សាធារណៈ​ ក៏​ដូច​វិស័យ​ឯកជន​ និង​វិស័យសេដ្ឋកិច្ច​ក្នុង​ការ​រក​ចំណូល​សម្រាប់​គ្រួសារ​ ប៉ុន្ដែ​ទស្សនៈ​សង្គម​ប្រពៃណី​ ទំនៀមទំលាប់​ តែងតែ​ចាត់​ទុក​ការងារ​ផ្ទះ​ជា​ការងារ​របស់​ស្ដ្រី​តើ​ស្ដ្រី​មាន​ដៃ​ប៉ុន្មាន​ធ្វើ​ការងារ​ផ្ទះ​ផង​ ទៅ​ធ្វើ​ការងារ​ក្រៅ​ផ្ទះ​ផង​ តើ​អស់លោក​ជា​បុរស​ផ្លាស់​ប្ដូរ​ទេ​ផ្នត់គំនិត​នេះ​»​។​

​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា​ ក្រសួង​កិច្ចការ​នារី​ គឺ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​លើក​ស្ទួយ​ស្ដ្រី​ឲ្យ​បាន​ចូលរួម​ចំណែក​កាន់តែ​ច្រើន​ក្នុង​កិច្ចការ​សង្គម​។​

​ទាក់ទិន​បញ្ហា​នេះ​ដែរ​ លោកស្រី​ ធីតា​ ឃឹះ​ នាយិការ​អង្គការ​សីល​ការ​ ដែល​ធ្វើការ​លើ​ផ្នែក​លើក​កម្ព​ស់​សិទ្ធិ​ស្ដ្រី​ បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​ FM102​ នៅ​ថ្ងៃ​ សៅរ៍​ ទី​ ០៨​ ខែ​ តុលា​  នេះ​ថា​ បច្ចុប្បន្ន​ស្ដ្រី​ពិត​បាន​ចូលរួម​ក្នុង​វិស័យ​សាធារណៈ​ វិស័យ​ឯកជន​ ក្នុង​ភាព​ជា​អ្នកដឹកនាំ​យ៉ាង​សកម្ម​ពិតមែន​ ក៏​ប៉ុន្ដែ​ចំនួន​ស្ដ្រី​គឺ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ ។​

​នាយិការ​អង្គការ​ដែល​ធ្វើការ​លើ​ផ្នែក​ស្ដ្រី​រូប​នេះ​ឲ្យ​ដឹង​បន្ថែម​ថា​ ចំនួន​ស្ដ្រី​នៅ​តែ​មាន​ចំនួន​តិចតួច​ដដែល​ បើសិន​រាជរដ្ឋាភិបាល​ ពិសេស​ក្រុម​គ្រួ សារ​ស្ដ្រី​ផ្ទាល់​ មិន​បាន​បើកឱកាស​ដល់​ស្ដ្រី​ឲ្យ​កាន់តែ​ទូលាយ​ និង​បន្ថែម​ការ​លើកទឹកចិត្ដ​ទេ​ នោះ​ គឺ​ស្ដ្រី​នៅ​មិន​អាច​មាន​ចំនួន​កាន់តែ​ច្រើន​ចូលរួម​ក្នុង​សង្គម​បាន​ដដែល​។ ​​លោកស្រី​ ធីតា​ ឃឹះ​៖«​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ខាង​ប្រជាពលរដ្ឋ​ហ្នឹង​ដឹង​ពី​ច្បាប់ទម្លាប់​ដែល​យើង​មាន​ ហើយ​អនុវត្ដន៍​មាន​គោលនយោបាយ​ លើក​កម្ព​ស់​ជា​ពិសេស​ដល់​ស្ដ្រី​ដើម្បី​ផ្ដល់​ឱកាស​ដល់​ស្ដ្រី​»​។​

​សូម​ជម្រាប​ថា​ វេទិការ​ភាព​ជា​អ្នកដឹកនាំ​ក្រោមប្រធានបទ «​ភាព​ជា​អ្នក​បន្ដវេន»​ នៅ​ឆ្នាំ​ ២០១៦​ នេះ​ធ្វើ​ឡើង​លើក​ទី​ ០៦​ ហើយ​ ដែល​វេទិការ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​អ្នកដឹកនាំ​។​ វេទិការ​នេះ​ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​ ០៨​ ទី​ ០៩​ និង​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​ រាជធានី​ភ្នំពេញ​៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង