ភ្នំពេញ៖ វិទ្យាស្ថានបារាំងនៅថ្ងៃទី ០៨ ខែ តុលានេះ បានប្រារព្ធទិវានៃអ្នកស្ម័គ្រចិត្តជនជាតិបារាំងដែលបានធ្វើការងារស្ម័គ្រចិត្តនៅប្រទេសកម្ពុជា ក្នុងវិស័យអប់រំ សុខាភិបាល ជាដើម។ ក្រៅពីជនជាតិបារាំងធ្វើការងារស្ម័គ្រចិត្តនៅកម្ពុជា ក៏បញ្ជូនអ្នកស្ម័គ្រខ្មែរទៅធ្វើការងារស្ម័គ្រចិត្តនៅប្រទេសបារាំងផងដែរ។
នៅក្នុងទិវានៃអ្នកស្ម័គ្រចិត្តជនជាតិបារាំង ឬ ភាសាអង់គ្លេសហោថា French Volunteering Day គឺមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រលិស្បៈ លោក ស្រី ភឿង សកុណា និង អគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។
ទិវានេះប្រារព្ធឡើងគឺដើម្បីលើកស្ទួយ និងជំរុញកិច្ចការស្ម័គ្រចិត្តនៃជនជាតិបារាំង រួមទាំងបង្ហាញសមិទ្ធផលការងាររបស់ពួកគេ។ ជនបារាំងជាច្រើនរយនាក់ បានធ្វើការស្ម័គ្រចិត្តនៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍ វប្បធម៌ បរិស្ថាន កសិកម្ម អប់រំ និង សុខាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។
កញ្ញា សាន់ សារឿន អ្នកសិល្បៈសម្តែងសៀក នៅសាលាហ្វារពន្លឺសិល្បៈ បានថ្លែងជាភាសាបារាំងពីបទពិសោធន៍នៃការងារស្ម័គ្រនៅប្រទេសបារាំង ក្នុងរយៈពេល ៦ខែ ថា ការងារស្ម័គ្រចិត្ដ បានជួយឲ្យកញ្ញាមានទំនាក់ទំនងល្អជាមួយយុវជនដែលមានជាតិសាសន៍ផ្សេងៗ។
ចំណែកយុវតីជនជាតិបារាំងម្នាក់ បានប្រាប់អំពីបទពិសោធនៃការងារស្ម័គ្រចិត្តក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាថា កញ្ញាបានបង្ហាញដល់យុវជន យុវតីកម្ពុជា អំពីវិធីសង្គ្រោះបឋមនៃអ្នកជំងឺគាំបេះដូង។ កញ្ញាថា កិច្ចការស្ម័គ្រចិត្តនេះហើយ ដែលបានផ្សារភ្ជាប់នៃទំនាក់ទំនងយ៉ាងជិតស្និតជាមួយប្រជាពលរដ្ឋកម្ពុជា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក ស្រី ភឿង សកុណា ថ្លែងជាភាសាបារាំងថា ការងារស្ម័គ្រចិត្ត គឺ ជាការងារមួយដែលមនុស្សទូទៅត្រូវធ្វើដោយមិនទទួលបានកំរៃអ្វី ប៉ុន្តែកិច្ចការងារនេះ បានបង្រៀនមនុស្សឲ្យមានគុណធម៌ក្នុងខ្លួន។
នៅក្នុងទិវានៃអ្នកស្ម័គ្រចិត្តជនជាតិបារាំង ឬ ភាសាអង់គ្លេសហៅថា French Volunteering Day តែងតែប្រារព្វឡើងរៀងរាល់ឆ្នាំពោលគឺនៅក្នុងខែ តុលា ។ ការប្រារព្ធទិវានៃអ្នកស្ម័គ្រចិត្តជនជាតិបារាំងក្នុងឆ្នាំ ២០១៦ នេះគឺជាលើកទី ៤ ហើយ ដែលបានប្រារព្វឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕