យ៉ាំងហ្គោន៖ មន្ត្រីប៉ូលិសបានឱ្យដឹងនៅថ្ងៃសុក្រទី ០៧ ខែតុលា នេះថា សមាជិកម្នាក់នៃគណបក្សប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា បានដាក់សម្ពាធប្រឆាំងទៅនឹងបុរសអ្នកភូមិពីរនាក់ ដោយចោទប្រកាន់អ្នកទាំងពីរ ថាបានប្រមាថមេដឹកនាំថ្មីរបស់រដ្ឋាភិបាលភូមា គឺលោកស្រី អ៊ុងសាន ស៊ូជី។
ករណីចោទប្រកាន់ថ្មីបំផុតនេះ ត្រូវបានគេរកឃើញលើបុរសទាំងពីរនាក់ ដែលបានជេរប្រមាថ និងប្រើពាក្យសម្តីអាសអាភាសប្រឆាំងនឹងជ័យលាភីពានរង្វាន់ណូបែលសន្តិភាពលោកស្រី ស៊ូជី បន្ទាប់ពីបុរសទាំងពីរនាក់នោះ បានផឹកស៊ីស្រវឹកនាពេលល្ងាចនៅក្នុងភូមិមួយ ដែលនៅមិនឆ្ងាយពីរដ្ឋធានី ណៃពីដោល(Naypyidaw) នៃប្រទេសភូមា។
នាយប៉ូលិសក្នុងតំបន់ លោក Zaw Khin Aung បានឱ្យដឹងថា បុរសទាំងពីរនាក់បានប្រើពាក្យប្រមាថ ប្រឆាំងនឹងលោកស្រី ស៊ូជី ដែលមានវ័យ ៧១ ឆ្នាំ ពោលគឺចាស់ជាងបុរសទាំងពីរនាក់នោះ។
នាយប៉ូលិសលោក Zaw Khin Aung បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «សមាជិកគណបក្ស NLD ម្នាក់បានផ្ញើពាក្យបណ្តឹងមកប៉ូលិស ដោយប្តឹងមនុស្សពីរនាក់សម្រាប់ការបំពានលើក្រុមប្រឹក្សារដ្ឋនេះ»។ លោកបន្ថែមថា៖«យើងស្គាល់បរុសពីរនាក់នេះ ប៉ុន្តែយើងមិនទាន់បានចាប់ខ្លួនពួកគេនៅឡើយនោះទេ»។
យោងតាមគេហទំព័រក្នុងតំបន់ដែលមានឈ្មោះថា សម្លេងប្រជាធិបតេយ្យភូមាបានឱ្យដឹងថា បុរសទាំងពីរនាក់នោះ បានហៅលោកស្រី ស៊ូជី ជាភាសាភូមាថា "hag" ដែលមានន័យថា ស៊ូជី សមនឹងត្រូវបានគេធ្វើឃាត។
លោកស្រី ស៊ូជី បានកាច់ចង្កូតគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ចូលមកកាន់អំណាចកាលពីដើមឆ្នាំនេះ បន្ទាប់ពីម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ បានយកឈ្នះជាមួយនឹងការតស៊ូអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។
ក្រោមរដ្ឋបាលរបស់លោកស្រី ស៊ូជី លោកស្រីបានប្តេជ្ញាចិត្តដើម្បីពង្រីកសេរីភាពនៃប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីមួយនេះ ក៏ប៉ុន្តែការកំហិតលើការបញ្ចេញមតិនៅតែមានដដែលជាដដែល។ ហើយអ្នករិះគន់តែងត្រូវរដ្ឋអាជ្ញាចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលបញ្ហានេះបានក្លាយវប្បធម៍ទៅហើយក្នុងប្រទេសនេះ។
លោកស្រី ស៊ូជី ត្រូវបានប្រជាជនភូមាចូលចិត្តលោកស្រីយ៉ាងខ្លាំង ហើយគណបក្សរបស់លោកស្រី ក៏បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាប្រ វត្តិសាស្ត្រកាលក្នុងខែវិច្ឆិកាកន្លងទៅយ៉ាងធ្លុះទឹកធ្លុះដី ដែល ការបោះឆ្នោតនេះ ត្រូវបានគេដឹងថា បានធ្វើឡើងដោយសេរីលើកដំបូងនៅក្នុងទស វត្សរ៍នៃប្រទេសភូមា។
កាលពីខែកញ្ញាកន្លងទៅ បុរសម្នាក់ត្រូវបានកាត់ទោសឱ្យជាប់គុកប្រាំបួនខែ បន្ទាប់ពីបុរសនោះបានផុសក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានហៅលោកស្រី ស៊ូជី ថាជាមិត្តយូរអង្វែង និងជាមិត្តដែលឆ្កួតលីលា។ ករណីនេះ ក៏ត្រូវបានសមាជិកគណបក្ស NLD ប្តឹងផងដែរ។
ហើយកាលពីខែកក្កដា មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងតំបន់ Magway ម្នាក់ ក៏ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ផងដែរ ព្រោះបានសរសេរប្រមាថលើ Facebook សំដៅទៅលើលោក ស៊ូជី នឹងការដឹករបស់លោកស្រី៕
ប្រភព៖CNA