ភ្នំពេញ៖ រដ្ឋសភាជាតិ សម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ដែលនៅក្នុងសេចក្តីព្រាងច្បាប់នេះ នឹងដាក់ទោសទណ្ឌអ្នកគ្មានវិជ្ជាជីវៈ សុខាភិបាលត្រឹមត្រូវ ដោយមានទោស២ឆ្នាំ និងពិន័យប្រាក់ច្រើនលានរៀលថែមទៀតផង។ លោក ធូ វិរៈ រាយការណ៍៖
រដ្ឋសភាជាតិកម្ពុជា នៅថ្ងៃទី ០៧ ខែ តុលា នេះ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដោយសំឡេងចំនួន ៦៧ សំឡេង នៃអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខណៈដែលអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៥៥ រូប មិនចូលប្រជុំសភា ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល មានចំនួន ៩ ជំពូក ៣៥ មាត្រា។
នៅត្រង់ជំពូកទី ៧ និង មាត្រាទី ២៥ ដល់ មាត្រា ៣០ នៃសេចក្តីព្រាងច្បាប់នេះ បានចែងថា អ្នកគ្មានវិជ្ជាជីវៈសុខាភិបាលត្រឹមត្រូវ នឹងជាប់គុកពី ៦ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៥ លានរៀល ទៅ១០ លានរៀល ចំពោះអ្នកដែលត្រូវបានក្រសួងសុខាភិបាល បានផ្អាកហើយ នៅតែបន្តវិជ្ជាជីវៈទៀត។
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មាការនីតិកម្ម នៃរដ្ឋសភា បានអានសេចក្តីព្រាងច្បាប់នេះថា ជនណាដែលរំលោភបំពាន ដែនកំណត់វិជ្ជាជីវៈសុខាភិបាល ឬបំពានលក្ខខ័ណ្ឌ គឺជននោះនឹងពិន័យជាប្រាក់ទ្វេដងចំពោះករណី ដែលទទួលរងការពិន័យម្តងរួចទៅហើយ។
លោក ប៉ែន បញ្ញា៖«មាត្រា ៣០ ត្រូវពិន័យជាប្រាក់ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដោយរំលោភបំពានដែនកំណត់ ឬ លក្ខខ័ណ្ឌដែលបានកំណត់ ចំពោះការប្រកប វិជ្ជាជីវៈសុខាភិបាល។ ករណីដែលទទួលរងការពិន័យម្តងរួចទៅហើយ នៅតែបន្តបទល្មើសដដែលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ទ្វេដង»។
នៅពេលជាមួយគ្នានេះប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានថ្លែងថា សេចក្តីព្រាងច្បាប់នេះគឺ មានគោលដៅពង្រឹងសេវាសាធារណៈ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ នៅក្នុងវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។
សម្តេច ហេង សំរិន៖«សេចក្តីព្រាងច្បាប់នេះ សំដៅជំរុញលើកស្ទួយសុខភាពសាធារណៈ ឲ្យសមស្របទាំងស្រុងទៅតាមមាត្រា ៧២ នៃរដ្ឋធម្មនុញ្ញ»។
ទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ប្រធានរដ្ឋសភា ដែលបានសម្រេច អនុម័តសេចក្តីព្រាងច្បាប់នេះ។
យ៉ាងតិចណាស់ គ្រូពេទ្យម្នាក់ នៅឃុំរកាស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានតុលាការខេត្តនេះ ផ្ដន្ទាទោសមួយជីវិត ករណី ព្យាបាលអ្នកជំងឺដោយបណ្ដាលឱ្យឆ្លងមេរោគអេដស៍ ពីអ្នកជំងឺទៅអ្នកជំងឺម្នាក់ ដោយមានជាច្រើនរយ នាក់។ គ្រូពេទ្យម្នាក់នេះ ឈ្មោះ យ៉ែម ជ្រិន ត្រូវបានរកឃើញថា ជាគ្រូពេទ្យប្រកបវិជ្ជាជីវៈគ្មានអាជ្ញាប័ណ្ណ៕