en     km
en     km

CNRP៖​ យើង​មិន​ចូល​ប្រជុំ​សភា​ ព្រោះ​មានការ​គំរាម​សុវត្ថិភាព​ តែ​CPP​ថា​គ្រាន់​ជា​លេស​ប៉ុណ្ណោះ​

Share

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ ដែល​បាន​អះអាង​ថា​ នឹង​ចូល​ប្រជុំ​សភា​ពេញអង្គ​ នៃ​ បវេសនកាល​ ថ្មី​មួយទៀត​ របស់​រដ្ឋសភា​ តែ​នៅ​ពេល​រដ្ឋសភា​ បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ​ទី​០៧​តុលា​ នេះ​ បែរជា​បក្ស​ប្រឆាំង​ មិន​បាន​ទៅ​ចូលរួម​ប្រជុំ​តាម​ការ​អះអាង​របស់​ខ្លួន​។​ គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នេះ​បញ្ជាក់​ថា​ មាន​ព័ត៌មាន​ច្បាស់ការ​មួយ​ថា​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា​ និង​អាច​មានការ​យាយី​ដល់​សុវត្ថិភាព​ របស់​អ្នកតំណាង​រាស្ដ្រ​ដូច​កាលពី​ចុងឆ្នាំ​ ២០១៥​ ដែរ​។​

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នៅក្នុងសនិ្នសីទសារព័ត៌មាន ព្រឹកនេះ
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នៅក្នុងសនិ្នសីទសារព័ត៌មាន ព្រឹកនេះ

ប៉ុន្ដែ​បក្ស​កាន់​អំណាច​ថា​ ការ​ថ្លែង​របស់​បក្ស​ប្រឆាំង​នេះ​គឺជា​ការ​ដោះសារ​ដើម្បី​ការពារ​ ការ​បំពាន​ច្បាប់​របស់​ខ្លួន​ប៉ុណ្ណោះ​ ។​ ករណី​នេះ​អ្នកវិភាគ​យល់​ថា​ បក្ស​សង្គ្រោះ​ជាតិ​ចង់​បង្ហាញ​ប្រាប់​បក្ស​កាន់​អំណាច​ពី​ ការ​រឹតត្បិត​សេរីភាព​សម្ដែង​មតិ​ និង​ការ​កៀបសង្កត់​ទៅ​លើ​បក្ស​ប្រឆាំង​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ទី​ ០៧​ ខែ​ តុលា ឆ្នាំ​ ២០១៦​ នេះ​មិន​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​សភា​ពេញអង្គ​ ដែល​ជា​ការ​បើក​ បវេសនកាល​ ថ្មី​មួយទៀត​ របស់​រដ្ឋសភា​ នីតិកាល​ទី​៥​ ឡើយ​។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ ក្នុង​ស​និ្ន​សី​ទ​សារព័ត៌មាន​ថា​ ការ​ដែល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​ប្រជុំ​សភា​ ពីព្រោះ​តែ​គណបក្ស​បាន​ទទួល​ដំណឹង​ច្បាស់ការ​មួយ​ថា​ មាន​មនុស្ស​មួយ​ចំនួន​បាន​ចង​ភ្ជាប់​ព្រឹត្ដិការណ៍​បាតុកម្ម​នៅ​ប្រទេស​អូស្ដ្រាលី​នៅ​ថ្ងៃនេះ​ ជា​ទ​ង្វើ​របស់​បក្ស​ប្រឆាំង​ ហើយ​ប៉ុនប៉ង​យាយី​លើ​រូប​កាយ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ផង​ដែរ​។​ លោក​ថា​នេះ​ជា​ហេតុ​នាំ​ឲ្យ​ CNRP​ មិន​ចូល​ប្រជុំ​សភា​។​

​លោក​ យឹ​ម​ សុវណ្ណ​៖«​បើ​យោង​តាម​ព័ត៌មាន​ចុង​ក្រោយ​ ដែល​យើង​អាច​ជឿជាក់​បាន​ បញ្ជាក់​ថា​ មានការ​គំរាមកំហែង​មក​លើ​សមាជិក​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ អ​ញ្ចឹ​ង​បានជា​ យើង​ប្រមូល​ព័ត៌មាន​ ធ្វើ​សេចក្ដីសម្រេច​រួម​គ្នា​ថា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទៅ​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃនេះ​ទេ​»​។​

​ការ​មិន​ចូល​ប្រជុំ​សភា​ របស់​គណបក្សប្រឆាំង​ ទំនង​ធ្វើ​ឱ្យ​ មានការ​ភ្ញាក់ផ្អើល​ តិចតួច​ដែរ​ ពី​បក្ស​កាន់​អំណាច​។​
​សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ថា​«​ទោះ​មាន់​មិន​រងាវ​ ក៏​ព្រះអាទិត្យ​នៅ​រះ​ដដែល​ព្រោះ​មិនមែន​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ​នោះ​ទេ​»​។​

​សារ​របស់​សម្ដេច​ ទំនង​ចង់​និយាយ​ចំអក​ឱ្យ​ បក្ស​ប្រឆាំង​ ដែល​មិន​ចូល​ប្រជុំ​សភា​ថ្ងៃនេះ​។​

​ស្រប​នឹង​នេះ​ដែរ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ដ​ ដែល​បាន​ផ្ដល់​បទ​សម្ដា​សន៍​ឲ្យ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ០៧​ កញ្ញា​ នេះ​ថា​ លោក​មិន​ទទួលយក​ការ​ថ្លែង​ការពារ​ ការ​ប្រព្រឹត្ដិ​ល្មើសច្បាប់​ ល្មើស​បទ​បញ្ញា​ផ្ទៃក្នុង​រដ្ឋសភា​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូចនេះ​បាន​ឡើយ​។​ លោក​ថា​ នេះ​គឺជា​ ចេតនា​ អាក្រក់​របស់​បក្ស​ប្រឆាំង​។​

​លោក​ សុខ​ ឥ​សាន្ដ​៖«​ខ្ញុំ​យល់​ថា​នេះ​ ជា​លេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ ខ្លួន​ប្រព្រឹត្ដ​ល្មើសច្បាប់​ ល្មើសបទបញ្ជារ​ផ្ទៃក្នុង​ របស់​រដ្ឋសភា​ ល្មើស​សេចក្ដីសម្រេច​របស់​គណកម្មការ​អចិ​ន្ទ្រៃ​រដ្ឋសភា​ ខ្លួន​ចង់​ដាក់​កំហុស​លើ​អ្នក​ដទៃ​ខ្ញុំ​យល់​ថា​នេះ​ជា​ចេតនា​អាក្រក់​»​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ អ្នកនាំពាក្យ​បក្ស​ប្រឆាំង​ពន្យល់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​ប្រជុំ​សភា​បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​ មាន​ភាពល្អ​ប្រសើ​ ដោយ​មិន​មានការ​គំរាមកំហែង​លើ​សុវត្ថិភាព​ សមាជិក​អ្នកតំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​បន្ដ​ទៀត​។​ ជាង​នេះ​លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ចង់បាន​ដំណោះស្រាយ​ ជាក់ស្ដែង​ពាក់ព័ន្ធ​ការ​ចូលរួម​ធ្វើ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​ ដោយ​ត្រូវ​ដោះស្រាយ​រឿង​តំណាងរាស្ដ្រ​ដែល​ជាប់​ពន្ធនាគារ​ សកម្មជន​គណបក្ស​ សកម្មជន​ដីធ្លី​ និង​ សកម្មជន​សិទ្ធិ​មនុស្ស​ជាដើម​។​

​លោក​ យឹ​ម​ សុវណ្ណ​៖«​ យើង​ចង់បាន​ការ​ជួប​ប្រជុំ​គ្នា​និយាយ​គ្នា​ដោះស្រាយ​បញ្ហា​ ការ​ចូលរួម​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​  សិទ្ធិ​សេរីភាព​សកម្មជន​ និង​អ្នកតំណាង​រាស្ដ្រ​រដ្ឋសភា​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ហើយនឹង​សកម្មជន​សិទ្ធិ​មនុស្ស​ សិទ្ធិ​ដីធ្លី​ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​បក្ស​កាន់​អំណាច​ មិន​បាន​បង្ហាញ​ឆន្ទៈ​នយោបាយ​ និង​ដំណោះស្រាយ​ទេ​»​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

​ទាក់ទិន​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​ប្រឆាំង​ដូចនេះ​លោក​ សុខ​ ឥ​សាន្ដ​ មាន​ប្រសាសន៍​ថា​ មិន​អាច​យក​រឿង​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់​មក​ ធ្វើ​ជា​ថ្នូរ​ដើម្បី​ចូល​ប្រជុំ​សភា​នោះ​ ទេ​។​

​លោក​ សុខ​ ឥ​សាន្ដ​៖«​ត្រង់​ប្រការ​ហ្នឹង​គឺ​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ គាត់​ចង់​ដោះ​ដូរ​ចូល​ប្រជុំ​សភា​ លុះត្រាតែ​ដោះ​លែង​អ្នក​ជាប់គុក​ យើង​មិន​អាច​ធ្វើការ​ដោះ​ដូរ​ ដូច្នេះ​បាន​ទេ​ ព្រោះ​នីតិរដ្ឋ​ គឺ​ នីតិរដ្ឋ​ អ្នក​ណា​ប្រព្រឹត្ដ​ល្មើសច្បាប់​គឺ​ត្រូវ​ទទួលទោស​»​។​

​ជុំវិញ​រឿង​នេះ​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ បង្ហាញ​ការ​យល់​ឃើញ​រប​ល់​លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​គួរ​ មាន​ភាព​ក្លា​ហ៊ាន​ជាង​នេះ​ ដើម្បី​ដើរ​ចូល​ប្រជុំ​សភា​ ក្នុង​ការ​និយាយ​រឿង​ប្រទេស​ជាតិ​។​ ​លោក​បន្ដ​ថា​ការ​មិន​ចូល​ប្រជុំ​សភា​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​នេះ​គឺជា​ការ​បាត់បង់​ឱកាស​ក្នុង​ការ​ចរចា​រឿង​ប្រទេស​ជាតិ​ជាមួយ​បក្ស​កាន់​អំណាច​។​

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ

តែ​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ចូល​ប្រជុំ​សភា​ នេះ​អាច​មាន​បំណង​ចង់​ទាមទារ​ឲ្យ​មាន​សេរីភាព​ បញ្ចេញមតិ​សម្រាប់​ពួក​គាត់​កាន់តែ​ទូលាយ​ជាង​នេះ​ប៉ុណ្ណោះ​។​

​លោក​ គឹ​ម​ សុខ​៖«​ខ្ញុំ​មានគំនិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ គួរតែ​ក្លា​ហ៊ាន​ដើរ​ចូល​សភា​ ព្រោះ​សមរភូមិ​សភា​ មិនមែន​ជា​សមរភូមិ​ ដែល​ពិបាក​ដើរ​ចូល​នោះ​ទេ​ ពីព្រោះ​ប្រជារាស្ដ្រ​ផ្ដល់​ការ​ទុកចិត្ដ​ឲ្យ​យើង​ ចូលរួម​ជជែក​បញ្ហា​ប្រទេស​ជាតិ​ បើសិន​យើង​មិន​ចូល​ប្រជុំ​សភា​ គ្រាន់តែ​ខ្លាច​សុវត្ថិភាព​តាម​ផ្លូវ​ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​លោក​កាន់តែ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ដ​»​។​

​គួរ​ជម្រាប​ថា​ កាលពី​ម្សិលមិញ​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ថា​ ការ​ចូល​សភា​ ឬ​មិន​ចូល​សភា​របស់​បក្ស​ប្រឆាំង​ គ្មាន​អ្វី​ត្រូវ​រាំងស្ទះ​ដល់​ដំណើរការ​ នៃ​ការងារ​ ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​បារម្ភ​ទេ​គឺ​ ចូល​ក៏​ប៉ុណ្ណឹង​ មិន​ចូល​ក៏​ប៉ុណ្ណឹង​។​

​តែ​យ៉ាងណា​ក៏​ដោយ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​មិន​ចូល​សភា​ ចាប់តាំងពី​មានការ​វាយប្រហារ​លើ​អ្នកតំណាង​រាស្ត្រ​របស់​ខ្លួន​ ២​ រូប​ កាលពី​ចុងខែ​ តុលា​ឆ្នាំ​២០១៥៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង