ភ្នំពេញ៖ តាមទម្លាប់ប្រមុខរដ្ឋាភិបាល បើប្រតិកម្មរឿងអ្វីមួយគឺតែងតែថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រយោជន៍ឲ្យមានភាពលេចឮ និងទូលំទូលាយតែនៅពេលនេះសម្ដេច ហ៊ុន សែន មិនបានថ្លែងប្រតិកម្មឆ្លើយតបចំពោះគណបក្សសង្គ្រោះជាតិ ដែលមិនចូលប្រជុំសភានោះទេ បែរជាសម្ដេច សរសេរលើ ហ្វេស ប៊ុក ថា៖«ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែលព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ»។
អ្នកសារព័ត៌មានជាច្រើនបានរងចាំស្ដាប់ប្រតិកម្ម ពីសម្ដេចនាយករដ្ឋមន្ដ្រី ជុំវិញគណបក្សសង្គ្រោះជាតិ ដែលមិនចូលប្រជុំសភាពេញអង្គនៅថ្ងៃនេះ។ តែមិនមានអ្នកសារព័ត៌មានណាម្នាក់ទទួលបាន ការឆ្លើយតបរឿងនេះ ពីសម្ដេចនោះឡើយ ។ អ្នករាយការណ៍ព័ត៌មានវិទ្យុស្ដ្រីFM102 បានរាយការណ៍ពីមន្ទីររដ្ឋសភាមកថា នៅពេលដែលសម្ដេចដើរចេញពីវិមានរដ្ឋសភា អ្នកសារព័ត៌មានម្នាក់ៗរៀបចំខ្លួនជាស្រេចដើម្បីថតរូបភាព សកម្មភាពរបស់សម្ដេចថ្លែងប្រតិកម្មរឿងនេះ តែមិនដូចនេះ អ្នកសារព័ត៌មានមិនទទួលបានអ្វីឡើយ ។
អ្នកសារព័ត៌មានជាច្រើនក៏រងចាំការផ្ដល់ព័ត៌មាន ពីអ្នកតំណាងរាស្ត្រ គណបក្សប្រជាជន ជាច្រើនទៀតដែរ ប៉ុន្ដែមិនមានអ្នកតំណាងរាស្ត្រ គណបក្សប្រជាជន រូបណាចេញឆ្លើយសំនួរអ្នកសារព័ត៌មាននោះទេ។ តាមប្រភពរបស់អ្នកសារព័ត៌មាន សម្ដេចនាយករដ្ឋមន្ដ្រី ចេញតាមទ្វារក្រោយនៃរដ្ឋសភា។
យ៉ាងណាក៏ដោយសម្ដេច បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា ៖«ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែលព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ»។ សម្ដេចក៏បានជំរាបលាដោយសរសេរបញ្ចប់ថា ៖«ជូនពរជនរួមជាតិជួបតែសេចក្តីសុខ»។
ក្នុងសន្និសីទសារព័ត៌មានព្រឹកមិញនេះលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា មូលហេតុដែលនាំឲ្យបក្សប្រឆាំង មិនចូលប្រជុំសភានៅថ្ងៃនេះដោយសារតែ ទទួលបានព័ត៌មានសំងាត់មួយថា នឹងមានការប្រើហិង្សាលើអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ដូចករណីវាយអ្នកតំណាងរាស្ដ្រពីរ រូបកន្លងមក ។ យ៉ាងណាក៏ដោយលោកអះអាងថា កិច្ចប្រជុំនៅលើកក្រោយគណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំសភាតែអាស្រ័យលើស្ថានការណ៍ល្អប្រសើរតែប៉ុណ្ណោះ ៕