TKS មកពីពាក្យពេញ «Tevibot Kmav Shadow» ឬជាភាសាខ្មែរ «ស្រមោលទេវបុត្រខ្មៅ» ជាឈ្មោះលោក ទេវបុត្រខ្មៅដែលជាអ្នកលេងហ្គីតាដ៏ជំនានម្នាក់ និងជាអ្នកផ្តួចផ្តើមបង្កើតក្រុមតន្ត្រីរ៉ុកនេះឡើង។ អត្ថន័យបង្កប់ក្នុងបទចម្រៀងរបស់ TKS សុទ្ឋសឹងតែផ្ដល់សារអប់រំដល់យុវវ័យដូចជា អប់រំយុវវ័យឪ្យចៀសឆ្ងាយពីគ្រឿងញៀន កុំឆាប់មានស្នេហាក្នុងវ័យសិក្សា និងលើកទឹកចិត្តយុវវ័យឱ្យស្រវាចាប់យកការសិក្សាជាចម្បង ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យកាន់តែប្រសើរ។ មួយវិញទៀត ក្រុមតន្ត្រីរ៉ុកស្ត្រីមួយនេះ ក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ស្នាដៃលេងឧបករណ៍តន្ត្រីរបស់យុវនារីខ្មែរ លើកកម្ពស់ការនិពន្ធទំនុកច្រៀង និងទំនុកភ្លេងកើតពីស្នាដៃកូនខ្មែរពិតៗ និងមិនចម្លងស្នាដៃពីបទច្រៀងបរទេសដាច់ខាត។ និយាយដោយសម្តីស្រទន់មួយៗ កញ្ញា សូហ្វៀ ប្រធានក្រុមតន្ត្រី TKS បានឱ្យដឹងថា «TKS Band» ជាក្រុមតន្ត្រីស្ត្រីដំបូងនៅកម្ពុជា ដែលមានសមត្ថភាពអាចលេងឧបករណ៍តន្ត្រីជាចង្វាក់រ៉ុកបាន ព្រោះក្នុងពេលកន្លងមកនៅកម្ពុជាពុំធ្លាប់មានក្រុមតន្ត្រីស្រ្តីចេះលេងជាចង្វាក់រ៉ុកឡើយ។ ប្រធានក្រុមតន្ត្រីរ៉ុកវ័យ ២២ ឆ្នាំរូបនេះបានឱ្យដឹងថា ក្រុម TKS បង្កើតឡើងទើបមានអាយុជាង ១ ឆ្នាំតែប៉ុណ្ណោះ។ សូហ្វៀ បានបន្តនិយាយថា រហូតមកដល់ពេលនេះ TKS បាននិពន្ធទំនុកច្រៀងនិងទំនុកភ្លេងដោយខ្លួនឯងបានចម្រៀងចំនួន ៣បទរួចមកហើយ មានដូចជាបទ អារម្មណ៍ចង់មានស្នេហ៍ លាប់របួសចាស់ និងបទចង់ឱ្យបងឃែរ។
ទន្ទឹមគ្នានេះ TKS បានយកបទចម្រៀងមួយបទរបស់អ្នកស្រី រស់ សេរីសុទ្ធា «ចាស់ជូរអែម» មកច្រៀងឡើងវិញ ដោយពុំមានកែប្រែទំនុកច្រៀងឬទំនុកភ្លេងឡើយ។ សូហ្វៀ បាននិយាយបញ្ជាក់ឲ្យដឹងផងដែរថា៖ «ក្រុម TKS បង្កើតឡើងគឺចង់ឱ្យមានលក្ខណៈប្លែកពីក្រុមតន្តី្រដទៃ ពួកយើងនឹងព្យាយាមធ្វើបទចម្រៀងថ្មីៗ ដែលមានអត្ថន័យអប់រំឱ្យបានច្រើនសម្រាប់យុវវ័យ ប៉ុន្តែមិនមែនធ្វើបទចម្រៀងទុក្ខសោកមនោសញ្ចេនាក្នុងស្នេហាខ្លាំងរហូតធ្វើឱ្យមនុស្សលង់អារម្មណ៍បាក់ទឹកចិត្តនោះទេ…ជារួមការនិពន្ធរបស់យើងគឺចង់ផ្តល់ជាសារអប់រំដល់យុវវ័យឱ្យបានច្រើនតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន»។ សើចបណ្តើរ និយាយបណ្តីរ កញ្ញា រ៉ាចូ ជាអ្នកលេងហ្គីតាក្នុងក្រុម TKS បាននិយាយឱ្យថា៖ «ខ្ញុំមានអារម្មណ៍រំភើបរីករាយនៅពេលបទចម្រៀងរបស់ក្រុងយើងខ្ញុំមានការគាំទ្រច្រើនពីយុវវ័យក្នុងប្រទេសនិងអ្នករស់នៅក្រៅប្រទេស…ដំបូងឡើយម្តាយឳពុកពុំសប្បាយចិត្តសកម្មភាពមួយចំនួនរបស់ពួកយើង ប៉ុន្តែនៅពេលដែលយើងបានបង្ហាញសមត្ថភាពឱ្យគាត់បានឃើញ យើងបែរជាមានការជួយគាំទ្រនឹងការលើកទឹកចិត្តពីគាត់វិញ»។ អ្នកលេងហ្គីតាវ័យក្មេងរូបនេះ បានបន្ថែមទៀតថា៖ «ខ្ញុំនៅតែបន្តធ្វើការងារមួយនេះ ព្រោះការងារសិល្បៈអាចជួយបំបាត់ភាពនឿយហត់ពីសម្ពាធការងាររបស់ខ្ញុំនិងធ្វើឱ្យជីវិតរបស់ខ្ញុំស្រស់ថ្លាជាមួយនឹងសិល្បៈ»។ លោក ទេវបុត្រខ្មៅ អ្នកផ្តួចផ្តើមគំនិតបង្កើតក្រុមតន្ត្រីរ៉ុកស្រ្តី TKS បានឱ្យដឹងថា ការបង្កើតក្រុមតន្ត្រីយុវវ័យនេះ ចង់បង្ហាញទៅកាន់សាធារណជនថា មិនមែនតែបុរសនោះទេដែលអាចលេងតន្ត្រីរ៉ុកបាន នារីក៏អាចលេងតន្ត្រីរ៉ុកបានដែរ ជាពិសេសចង់បង្កើតបទចម្រៀងដែលលើកទឹកចិត្តដល់ស្ត្រីឱ្យបានច្រើននៅថ្ងៃខាងមុខ។ កន្លងទៅក្រុមតន្ត្រីនេះ បាននិពន្ធបទចម្រៀងមួយបទ «អារម្មណ៍ចង់មានស្នេហ៍» ដើម្បីអប់រំឱ្យយុវវ័យកុំមានអារម្មណ៍ងប់ងល់ក្នុងសេចក្តីស្នេហាក្នុងវ័យសិក្សានិងជំរុញលើកទឹកចិត្តយុវវ័យឱ្យខិតខំសិក្សា។ អ្នកផ្តួចផ្តើមគំនិតបង្កើតក្រុមតន្ត្រីរូបនេះ បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះក្រុមតន្ត្រីរ៉ុកស្រី្ត TKS ពុំមានបំណងថតបទចម្រៀងសម្រាប់ចេញលក់ឡើយ យើងធ្វើដើម្បីផ្តល់ការកម្សាន្តនិងការអប់រំជួយដល់សង្គម»។ រាល់បទចម្រៀងទាំងអស់របស់ TKS ត្រូវបានផលិតឡើងដោយចំណាយថវិកាដោយខ្លួនឯង មិនមានការជួយឧបត្ថម្ភពីក្រុមហ៊ុនឬស្ថានប័នណាមួយឡើយ។ ម្យ៉ាងវិញទៀត បទចម្រៀងទាំងអស់ត្រូវបានបង្ហោះតាមបណ្តាញសង្គម Facebook និង Youtub ជាដើម។ សូមបញ្ជាក់ថា សមាជិកនារីវ័យជាងម្ភៃឆ្នាំទាំង ៥ រូបរបស់ TKS មានកញ្ញា រ៉ាជាល បច្ចុប្បន្នជាសិស្សកំពុងបន្តការសិក្សាភាសាអង់គ្លេសនៅមជ្ឈមណ្ឌលអប់រំអូស្ត្រាលី។ កញ្ញា រ៉ាចូ ជាអ្នកលេងហ្គីតាបើកឆាកដ៏រស់រវីក។ ចំណែកកញ្ញា ទីទី ជាអ្នកប៉ិនប្រសប់ខាងលេងស្គរ ព្រមទាំង សូហ្វៀ ជាអ្នកលេងហ្គីតាបាស ហើយចុងក្រោយគឺ កញ្ញា ឃីតធី បច្ចុប្បន្នជានិស្សិតនៅវិទ្យាស្ថានភាសាបរទេស (IFL) និងជា
អ្នកលេងឃីបតដ៏ចំណាន៕ [wpb-yt video=”EFS14QHOAfw”]