en     km
en     km

អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ជំរុញ​ឲ្យ​ អ្នក​សារព័ត៌មាន​ផលិត​ អត្ត​បទ​អំពី​បញ្ហា​បរិស្ថាន​ឱ្យ​បាន​ច្រើន​

Share

ភ្នំពេញ៖ ក្រសួង​ព័ត៌មាន​ និង​ក្លឹ​ប​អ្នកការ​សែត​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​ សរសេរ​អត្ត​បទ​ អំពី​បញ្ហា​បរិស្ថាន​ ឲ្យ​បាន​ច្រើន​ខណៈ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ប្តេជ្ញា​គាំពារ​បរិស្ថាន​ ឲ្យ​បាន​ប្រសើរ​ឡើង​។​ ការ​លើក​ឡើង​ដូចនេះ​ នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​ស្ដី​ពី​ «​ការ​ចូលរួម​ចំណែក​របស់​វិស័យ​សារព័ត៌មាន​ ដើម្បី​លើកកម្ពស់​ការ​ ការពារ​បរិស្ថាន​នៅ​កម្ពុជា​ និង​ តំបន់​ទន្លេមេគង្គ​»​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ០៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

ដើម រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល

លោក​ មាស​ សោភ័ណ​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ តំណាង​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រឹទ្ធ​ បាន​ថ្លែង​ថា​ ក្រសួង​ព័ត៌មាន​ លើកទឹកចិត្ត​អ្នក​សារព័ត៌មាន​ ឱ្យ​សរសេរ​អត្ត​បទ​ ស្តី​ពី​បរិស្ថាន​ ដើម្បី​រួមចំណែក​គាំពារ​បរិស្ថាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ មាស​ សោភ័ណ​៖«​ក្នុង​នាម​ឲ្យ​ក្រសួង​ព័ត៌មាន​ លើកទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​ ក្នុង​ចូលរួម​ចំណែក​សរសេរ​ព័ត៌មាន​ ឬ​ពាំនាំ​ព័ត៌មាន​ ដល់​សាធារណៈជន​ និង​ប្រជាពលរដ្ឋ​ ក្នុង​ការ​លើកកម្ពស់​ផ្សព្វផ្សាយ​ ព័ត៌មាន​ដែល​ពាក់ព័ន្ធ​វិស័យ​បរិស្ថាន​ ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ សាធារណៈជន​ទូទៅ​យល់​អំពី​ការ​លើកកម្ពស់​ និង​ការ​គាំពារ​បរិស្ថាន​»​។​

​ដូច​គ្នា​នេះ​ដែរ​ ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​ លោក​ ប៉ែន​ បូ​ណា​ យល់​ថា​វេទិកា​ នេះ​មាន​សារសំខាន់​ព្រោះ​ បាន​ផ្សារ​ភ្ជាប់​អ្នក​សារព័ត៌មាន​ ទៅ​នឹង​បញ្ហា​បរិស្ថាន​ ដែល​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​នៅ​ទូ​ទាំង​ពិភពលោក​។​

​លោក​ ប៉ែន​ បូ​ណា​៖«​យើង​យល់​ថា​បញ្ហា​បរិស្ថាន​សំខាន់​ យើង​អញ្ជើញ​ស្ថាប័ន​សា​ព័ត៌មាន​ ដែល​ជា​និពន្ធ​នាយក​តំណាង​ស្ថាប័ន​ព័ត៌មាន​ទាំងអស់​មក​ចូលរួម​ ដើម្បី​បាន​ជួប​ជាមួយ​អ្នកជំនាញ​បរិស្ថាន​ ដូច​ជា​រដ្ឋមន្ត្រី​ អ្នកជំនាញ​អង្គការ​សង្គម​ស៊ី​វិល​ផ្សេង​ទៀត​ តាម​រយៈ​បទ​បង្ហាញ​…​ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ មានគំនិត​ថ្មី​សរសេរ​អំពី​បញ្ហា​បរិស្ថាន​»​។​

​ដើម្បី​គាំពារ​បរិស្ថាន​ដូច​ជា​ទប់ស្កាត់​ ការ​បំរែបំរួល​អាកាសធាតុ​ ការ​កាប់​បំផ្លាញ់​ព្រៃឈើ​ ជាដើម​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល​ បាន​ថ្លែង​ថា​ ដោយសារ​បញ្ហា​នេះ​ រាជរដ្ឋាភិបាល​ បាន​លុប​ដី​សម្បទាន​សេដ្ឋកិច្ច​ បិទ​ច្រករបៀង​ មិន​ឲ្យ​មានការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​។​ លោក​រដ្ឋមន្ត្រី​ថា​ ដើម្បី​គាំពារ​បរិស្ថាន​ក្រសួង​កំពុង​ពិចារណា​បិទ​មិន​ឱ្យ​មានការ​នាំ​ចូល​ថង់​ផ្លាស់​ស្ទីក​ ចូល​មក​ប្រទេស​កម្ពុជា​។​

​លោក​ សាយ​ សំ​អាល​៖«​ជម្រើស​របស់​យើង​គឺ​យើង​ត្រូវ​តែ​ប្រភេទ​ណា​គួរ​ អាច​បិទ​មិន​ឲ្យ​នាំ​តែ​ម្តង​ កាលណា​នាំ​វា​អាច​បន្សល់​កាក់​សំណល់​ ផ្លាស់​ស្ទីក​ អ​ញ្ចឹ​ង​យើង​កំពុង​មើល​ ពិភាក្សា​គ្នា​ ព្រោះ​អាហ្នឹង​ងា​ច​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន​យើង​។​ យើង​កំពុង​គិត​ ថ្លឹង​ឲ្យ​មត់​ចត់​បន្តិច​ ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​»​។​

​យ៉ាងណា​ក៏​ដោយ​អ្នកជំនាញ​ និយាយ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​ មិន​មាន​តែ​ ការ​កាប់​បំផ្លាញ​ព្រៃ​ មួយ​នោះ​ទេ​ គឺ​ករណី​ការ​បង្កើត​ទំនប់​វា​រី​អគ្គិសនី​ ក៏​ជា​ការ​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ បរិស្ថាន​ និង​ ធ្វើ​ឱ្យ​ ធនធានធម្មជាតិ​គ្រោះថ្នាក់​ដែរ​៕​

Share

Image
Image
Image