ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្លឹបអ្នកការសែតជំរុញឲ្យអ្នកសារព័ត៌មាន សរសេរអត្តបទ អំពីបញ្ហាបរិស្ថាន ឲ្យបានច្រើនខណៈរដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្តេជ្ញាគាំពារបរិស្ថាន ឲ្យបានប្រសើរឡើង។ ការលើកឡើងដូចនេះ នៅក្នុងវេទិកានិពន្ធនាយកស្ដីពី «ការចូលរួមចំណែករបស់វិស័យសារព័ត៌មាន ដើម្បីលើកកម្ពស់ការ ការពារបរិស្ថាននៅកម្ពុជា និង តំបន់ទន្លេមេគង្គ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៦ ខែ តុលា ឆ្នាំ ២០១៦។ លោក ធូ វិរៈ រាយការណ៍៖
លោក មាស សោភ័ណ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារឹទ្ធ បានថ្លែងថា ក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន ឱ្យសរសេរអត្តបទ ស្តីពីបរិស្ថាន ដើម្បីរួមចំណែកគាំពារបរិស្ថាន នៅក្នុងប្រទេសកម្ពុជា។
លោក មាស សោភ័ណ៖«ក្នុងនាមឲ្យក្រសួងព័ត៌មាន លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ក្នុងចូលរួមចំណែកសរសេរព័ត៌មាន ឬពាំនាំព័ត៌មាន ដល់សាធារណៈជន និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ផ្សព្វផ្សាយ ព័ត៌មានដែលពាក់ព័ន្ធវិស័យបរិស្ថាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ សាធារណៈជនទូទៅយល់អំពីការលើកកម្ពស់ និងការគាំពារបរិស្ថាន»។
ដូចគ្នានេះដែរ ប្រធានក្លឹបអ្នកការសែតកម្ពុជា លោក ប៉ែន បូណា យល់ថាវេទិកា នេះមានសារសំខាន់ព្រោះ បានផ្សារភ្ជាប់អ្នកសារព័ត៌មាន ទៅនឹងបញ្ហាបរិស្ថាន ដែលកំពុងក្លាយជាប្រធានបទសំខាន់នៅទូទាំងពិភពលោក។
លោក ប៉ែន បូណា៖«យើងយល់ថាបញ្ហាបរិស្ថានសំខាន់ យើងអញ្ជើញស្ថាប័នសាព័ត៌មាន ដែលជានិពន្ធនាយកតំណាងស្ថាប័នព័ត៌មានទាំងអស់មកចូលរួម ដើម្បីបានជួបជាមួយអ្នកជំនាញបរិស្ថាន ដូចជារដ្ឋមន្ត្រី អ្នកជំនាញអង្គការសង្គមស៊ីវិលផ្សេងទៀត តាមរយៈបទបង្ហាញ…ដើម្បីឲ្យអ្នកសារព័ត៌មាន មានគំនិតថ្មីសរសេរអំពីបញ្ហាបរិស្ថាន»។
ដើម្បីគាំពារបរិស្ថានដូចជាទប់ស្កាត់ ការបំរែបំរួលអាកាសធាតុ ការកាប់បំផ្លាញ់ព្រៃឈើ ជាដើម រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល បានថ្លែងថា ដោយសារបញ្ហានេះ រាជរដ្ឋាភិបាល បានលុបដីសម្បទានសេដ្ឋកិច្ច បិទច្រករបៀង មិនឲ្យមានការដឹកជញ្ជូនឈើឆ្លងដែន។ លោករដ្ឋមន្ត្រីថា ដើម្បីគាំពារបរិស្ថានក្រសួងកំពុងពិចារណាបិទមិនឱ្យមានការនាំចូលថង់ផ្លាស់ស្ទីក ចូលមកប្រទេសកម្ពុជា។
លោក សាយ សំអាល៖«ជម្រើសរបស់យើងគឺយើងត្រូវតែប្រភេទណាគួរ អាចបិទមិនឲ្យនាំតែម្តង កាលណានាំវាអាចបន្សល់កាក់សំណល់ ផ្លាស់ស្ទីក អញ្ចឹងយើងកំពុងមើល ពិភាក្សាគ្នា ព្រោះអាហ្នឹងងាចប៉ះពាល់ដល់ជីវភាពប្រជាជនយើង។ យើងកំពុងគិត ថ្លឹងឲ្យមត់ចត់បន្តិច ឲ្យគ្រប់ជ្រុងជ្រោយទាំងអស់»។
យ៉ាងណាក៏ដោយអ្នកជំនាញ និយាយថា ការប្រែប្រួលអាកាសធាតុ មិនមានតែ ការកាប់បំផ្លាញព្រៃ មួយនោះទេ គឺករណីការបង្កើតទំនប់វារីអគ្គិសនី ក៏ជាការបង្កឱ្យមានការប៉ះពាល់ បរិស្ថាន និង ធ្វើឱ្យ ធនធានធម្មជាតិគ្រោះថ្នាក់ដែរ៕