en     km
en     km

លោក​ កឹ​ម​ សុខា​ នឹង​ចូលរួម​ប្រជុំ​សភា​ស្អែក​នេះ​ បើ​ស្ថានភាព​នយោបាយ​ល្អ​

Share

ភ្នំពេញ៖ លោក​ យែ​ម​ បុញ្ញា​ឬ​ទិ្ធ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា​លោក​ កឹ​ម​ សុខា​ អតីត​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ទៅ​ប្រជុំ​ សភា​វិញ​នៅ​ថ្ងៃ​សុក្រ​ ទី​០៧​ តុលា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​ បើសិនជា​ស្ថានភាព​នយោបាយ​កាន់តែ​ល្អ​។​ លោក​សង្ឃឹមថា​ការ​ដែល​លោក​ កឹ​ម​ សុខា​ ទៅ​ប្រជុំ​សភា​ អាច​នឹង​មាន​ជំនួប​ជាមួយ​បក្ស​កាន់​អំណាច​។​ កញ្ញា ជុំ ជោកជាតា ជូនសេចក្តីរាយការណ៍៖


រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា

លោក​ យែ​ម​ បុញ្ញា​ឬ​ទិ្ធ​ បញ្ជាក់​ដូចនេះ​ ថា​ ៖«​ថ្ងៃស្អែក​នេះ​ ក្រុម​សមាជិក​សភា​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ លោក​នឹង​អាច​ចូល​ប្រជុំ​ ក៏​ប៉ុន្ដែ​ករណី​ ឯកឧត្ដម​ កឹ​ម​ សុខា​ យើង​មិន​ទាន់​ប្រាកដ​ដែរ​។​ ក៏​ប៉ុន្ដែ​ក្ដី​សង្ឃឹម​មួយ​ អ្វី​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ លោក​បាន​លើក​ឡើង​ថា​ នឹង​អាច​មានការ​ជួប​ជជែក​គ្នា​នៅ​រដ្ឋសភា​ ដូច្នេះ​ ការ​នោះ​ មាន​កិច្ចការ​ចឹ​ង​មែន​ គាត់​នឹង​អាច​អញ្ជើញ​ទៅ​ដែរ​ »​។​

កាលពី​ថ្មីៗ​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ធ្លាប់​បាន​លើក​ឡើង​ថា​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ ចង់​ចរចា​ គឺ​ ទាល់តែ​ចូល​សភា​។​

​ជុំវិញ​រឿង​នេះ​ អ្នក​តាមដាន​ពី​ស្ថានការណ៍​សង្គម​ លោក​សាស្ដ្រ​ចា​រ្យ​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ បើ​គណបក្សប្រឆាំង​ អាច​ចូល​ធ្វើ​ការងារ​របស់​ខ្លួន​វិញ​ គឺ​ ជា​ចំណែក​មួយ​ដែល​ជំរុញ​ឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ ហើយ​ស្ថានភាព​វឹកវរ​ មួយ​ចំនួន​ក៏​អាច​កាត់​បន្ថយ​បាន​ផង​ដែរ​។​

​លោក​សាស្ដ្រ​ចា​រ្យ​វិទ្យាសាស្ត្រ​នយោបាយ​មាន​ប្រសាសន៍​បន្ដ​ថា​ ពលរដ្ឋ​ខ្មែរ​ចង់​ឃើញ​អ្នកនយោបាយ​កំពូលៗ​នៅ​កម្ពុជា​ អាច​ជជែក​គ្នា​ រក​ដំណោះស្រាយ​ដោយ​សន្ដិវិធី​ ដើម្បី​ប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​។​

​សាស្ដ្រ​ចា​រ្យ​ សូ​ ច​ន្ថា​ថា​ ៖«​អ្វី​ដែល​ខ្ញុំ​គិត​ ហើយ​ខ្ញុំ​ចង់​ឃើញ​ គឺ​ ស្ថានភាព​ប្រក្រតី​ ឬ​ដំណើរការ​នយោបាយ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ដែល​នាំ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ប្រទេស​ជាតិ​ទាំងមូល​។​ ចឹ​ង​ការ​ចូល​ធ្វើការ​របស់​ បក្ស​ប្រឆាំង​ ខ្ញុំ​គិត​ថា​ ជា​ចំណែក​មួយ​ដែល​ជម្រុញ​ឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ ហើយ​ស្ថានភាព​វឹកវរ​មួយ​ចំនួន​អាច​នឹង​កាត់​បន្ថយ​ ឬ​នឹង​ត្រូវ​បាន​ដោះស្រាយ​ ដោយ​ការ​ជជែក​គ្នា​ដោយ​សន្ដិវិធី​…»​។​

​ថ្ងៃ​ទី​ ០៧​ ខែតុលា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​ ជា​ថ្ងៃ​ដែល​សភា​បើក​កិច្ចប្រជុំ​ពេញអង្គ​ និង​ជា​ការ​បើក​ បវេសនកាល​ថ្មី​មួយទៀត​របស់​រដ្ឋសភា​ នីតិកាល​ទី​៥​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​មិន​ចូល​សភា​ ចាប់តាំងពី​មានការ​វាយប្រហារ​ លើ​អ្នកតំណាង​រាស្ត្រ​របស់​ខ្លួន​ ២​ រូប​ កាលពី​ចុងខែ​តុលា​ ឆ្នាំ​២០១៥​។​

​កន្លង​មក​គេ​ឃើញ​មាន​ សហគមន៍​អន្ដរជាតិ​មួយ​ចំនួន​ ដូច​ជា​  សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​អង្គការសហប្រជាជាតិ​  ចង់​ឃើញ​ គណបក្ស​នយោបាយ​ទាំង​ពីរ​ គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ វិល​រក​តុ​ ចរចា​ ជាមួយ​គ្នា​ឡើង​វិញ​៕

Share

Image
Image
Image