ភ្នំពេញ៖ ជាការពិត នរណាក៏ដឹងដែរថា លោក កឹម សុខា មេដឹកនាំបក្សប្រឆាំងដ៏ធំមួយដែលមានរឿងក្ដី ជាច្រើននៅតុលាការ នឹងមិនមានវាសនា ល្អ មានន័យថា លោកជាអ្នកនយោបាយ ងាយនាំខ្លួនទៅពន្ធនាគារ បន្ទាប់ពីលោក រងការផ្ដន្ទាទោសឱ្យមានទោស ៥ខែ ពីបទ បដិសេធមិនចូលខ្លួនទៅបំភ្លឺ នៅតុលាការ ក្នុងសំនុំ រឿង សញ្ចារកម្ម។ តែកាលពីថ្ងៃពុធទី ៥តុលា លោកបានសម្រេចទៅចុះឈ្មោះបោះឆ្នោត ដែលគេមើលឃើញថា ជាជម្រើសចុងក្រោយ របស់លោក បង្ហាញភាពក្លាហាន ជំនះភាពភ័យខ្លាចពីការនាំខ្លួន។កញ្ញា ច្រឹក ស្រីអូន រាយការណ៍៖
ជំហរ របស់លោក កឹម សុខា ដូចនេះនាំឱ្យមានការវាយតម្លៃថា ជាសញ្ញាមួយប្រាប់ថា អ្នកគាំទ្របក្សប្រឆាំង ពិតជាមានទំនុកចិត្តឡើងវិញព្រោះថា មេបក្សប្រឆាំង មានសិទ្ធិស្របច្បាប់ ដើម្បី ដឹកនាំបក្សទៅរក ការប្រកួតប្រជែងរកសំឡេងឆ្នោតនៅពេលខាងមុខ។
អ្នកវិភាគដែល វិទ្យុស្ត្រីបានសុំ ធ្វើការវិភាគ ពួកគាត់យល់ឃើញថាលោក កឹម សុខា បានចុះឈ្មោះបោះឆ្នោតគឺជាទំនុកចិត្តរឹងមាំមួយចំពោះស្មារតី អ្នកគាំទ្របក្សសង្គ្រោះជាតិ ហើយជាជោគជ័យនៃការ តស៊ូមតិ ដោយអហិង្សា។
កញ្ញា ច្រឹក ស្រី អូន រៀបរៀង បទវិភាគនេះ៖
ជាលើកដំបូង លោក កឹម សុខា បានចុះឈ្មោះបោះឆ្នោត ទាំងស្ថិតក្នុងស្ថានភាព នៃការផ្ដនា្ទទោស បន្ទាប់ពីលោក សម្ងំរស់នៅក្នុងស្នាក់ការ គណបក្សសង្ក្រោះជាតិ រយៈពេលជាង៤ខែ ដោយសារមានរឿងក្ដីនៅតុលាការ។ កាលដែលលោកចេញទៅចុះឈ្មោះបោះឆ្នោតនេះ នាំឱ្យមានការភ្ញាក់ផ្អើល ជាខ្លាំង ដល់ មជ្ឈដ្ឋាន អ្នកនយោបាយ។ អ្នកវិភាគ ទទួលស្គាល់ថា ជំហររបស់លោក កឹម សុខា និង បក្សសង្គ្រោះជាតិ ដោយឱ្យមេបក្សកំពុងមានរឿងក្ដី ទៅចុះឈ្មោះបោះឆ្នោត ហើយ ដោយសុវត្ថិភាពទៀតនោះ គឺជា ជោគជ័យមួយ នៃការ តស៊ូដោយអហិង្សា។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវគោលនយោបាយការបរទេស និង ច្បាប់អន្តរជាតិ លើកឡើងថានេះជាជោគជ័យមួយរបស់គណបក្សប្រឆាំង តែលោកថាជាជោគជ័យជំហ៊ានដំបូង ប៉ុណ្ណោះ។
អ្នកវិភាគរូបនេះ យល់ថា មានកត្តាបីយ៉ាងដែលនាំឱ្យលោកកឹមសុខាទៅចុះឈ្មោះបោះឆ្នោត គឺទីមួយ បក្សទាំង២ចង់រួបរួមគ្នា។ ទីពីរដោយសារសហគមន៍អន្តរជាតិ ប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ កាន់តែខ្លាំង លើ បក្សកាន់អំណាចនិងទីបីគណបក្សប្រឆាំងព្រមានធ្វើបាតុកម្ម។
លោក ឡុង គឹមឃន៖ «ឃើញមានការព្រួយបារម្ភ ពីសហគមន៍អន្តរជាតិទាំងបណ្តាប្រទេស មហាអំណាចក៏ដូចជាអង្គការអន្តរដ្ឋាភិបាល ដូចជាអង្គការសហប្រជាជាតិ ឬអង្គការសហភាពអ៊ឺរ៉ុប ព្រួយបារម្ភខ្លាំងអំពីស្ថានភាពនឹងអ្នកនយោបាយកម្ពុជា ចង់មិនចង់ក៏ដោយរស់នៅក្នុងប្រព័ន្ធនយោបាយ អន្តរជាតិត្រូវតែឆ្លើយតបទៅនឹងអ្វីដែលកម្ពុជាខ្លួនឯងបានសន្យាជាមួយគេទាំងការគោរពច្បាប់ទាំងរឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
យ៉ាងណាក៏ដោយលោក ឡុង គឹមឃន យល់ថា ប្រជាជនខ្មែរ មិនចង់ឃើញ អ្នកនយោបាយខ្មែរ បែកបាក់គ្នា ហើយនាំឱ្យប្រទេសជិតខាង មើលស្រាលនោះទេ។
លោក ឡុង គឹមឃន៖«ទីមួយយ៉ាងណាក៏ដោយខ្ញុំក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំមិនចង់ឃើញអ្នកនយោបាយគាត់មានការឈ្លោះទាស់ទែងគ្នាទេ ហើយខ្ញុំនៅតែសង្ឃឹមថាស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាហើយនឹងភាពចាស់ ទុំរបស់អ្នកនយោបាយ នឹងកាន់តែធ្វើឲ្យនយោយ បាននៅក្នុងប្រទេសកម្ពុជាល្អប្រសើរទៅប្រកួតប្រជែងគ្នាដោយភាពស្របច្បាប់ ដោយភាពស្មើរគ្នា និងយុត្តិធម៌ហើយស្ថានភាពនឹងកាន់តែប្រសើរ»។
លោក កឹម សុខា បានទៅសម្ងំជ្រកកោន នៅស្នាក់ការគណបក្សសង្គ្រោះជាតិ មានរយៈពេលជាង ៤ខែតែ លោកបានចេញមុខ ជាសាធារណៈ កាលពីថ្ងៃទី៩កញ្ញា គឺចំពេលតុលាការ ដែលមជ្ឈដ្ឋានមួយចំនួន ថា មិនឯករាជ្យ បានបើកសវនាការជំនុំជម្រះក្ដីលោក ករណីបដិសេធមិនចូលខ្លួន ដោយផ្ដន្ទាទោសលោក ៥ខែ។
ការដែលលោក កឹម សុខា សម្ងំស្នាក់នៅ ក្នុងគណបក្ស រយៈពេលច្រើនខែមកនេះ មានឯកអគ្គរដ្ឋទូត មួយចំនួន ប្រចាំនៅកម្ពុជា ជាពិសេស ទូតលោកខាងលិច មាន អាមេរិក បារាំង អង់គ្លេស សហភាព អឺរ៉ុប កាណាដា អាល្លឺម៉ង ស៊ុយអ៊ែត និងរដ្ឋមន្ត្រីការបរទេសកាណាដា អាល្លឺម៉ង់ និងមន្ត្រីជាន់ខ្ពស់អាមេរិក មកពីក្រសួងការបរទេស ពួកគាត់បាន មកសួរសុខទុក្ខលោក កឹម សុខា ដែលទង្វើនេះ ត្រូវបានអ្នកវិភាគ ចាត់ទុក ជាការលើកទឹកចិត្តដល់លោក កឹម សុខា ក្នុងការតស៊ូដោយអហិង្សា។ ដោយសារហេតុផលនេះហើយ មើលទៅ បានជាលោក ហ៊ានចេញទៅចុះឈ្មោះឆ្នោត។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនិងនយោបាយ យល់ស្របការលើកឡើងដូចនេះ ។ តែលោក ថា ការដែលលោក កឹមសុខា ទៅចុះឈ្មោះបោះឆ្នោត បានដោយសុវត្ថិភាព ពិតជានាំមកនូវការប្រែប្រួលមួយចំពោះគណបក្សសង្គ្រោះជាតិ ជាពិសេស ជាផ្នែកមួយនៃការលើកទឹកចិត្ត ដល់ស្មារតី អ្នកគាំទ្រ បក្សប្រឆាំងរូបនេះ ដែលលោកថាពួកគាត់សង្ឃឹមថា មានការផ្លាស់ប្ដូរការដឹកនាំ នៅក្នុងការបោះឆ្នោតខាងមុខ ។
លោក គឹម សុខ៖«ជោគជ័យរបស់ CNRP មិនមែនសន្លឹកឆ្នោតរបស់លោក កឹម សុខា មួយសន្លឹក និងទេ ពិតមែនវាជាចំនែកមួយដែលជួយជាស្មារតីដល់ CNRP នៅពេលមេដឹកនាំរបស់ខ្លួនហាក់បង្ហាញសេរីភាព នៃការចុះឈ្មោះបោះឆ្នោត វាជាការជួយពង្រឹងស្មារតីបានមួយផ្នែកធំ ក្នុងសង្គមខ្មែរយើង កាលណាមេដឹងនាំមើលទៅមានសេរីភាពហើយអាចចូលរួមក្នុងសកម្មភាពបានហើយ មានសិទ្ធបង្គោលធំក្នុងការពង្រឹងស្មារតីនៃសកម្មជននិងអ្នកនយោបាយថ្នាក់ក្រោមជាបន្តបន្ទាប់នឹង»។
តែយ៉ាងណា ក៏ដោយ អ្វីដែលនាំឱ្យលោកឹមសុខា បានទៅចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃម្សិលមិញ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពី សមាជិកសភាបក្សសង្គ្រោះជាតិសន្យា ចូលប្រជុំសភា វិញ ហើយស្របពេល សម្ដេចហ៊ុន សែន បង្ហើបពីការចរចាឡើងវិញបើសមាជិកសភាបក្សប្រឆាំង ចូលប្រជុំសភា។
តែបែបនេះក្ដី អ្នកវិភាគ នៅមិនទាន់មានសុទិដ្ឋិនិយម ច្រើន ទេចំពោះអនាគតដំណោះស្រាយនយោបាយនៃគណបក្សកាន់អំណាចនិងបក្សប្រឆាំងនៅកម្ពុជា ខណៈលោកសមរង្ស៊ី ប្រធានលោកកឹមសុខា នៅបន្តរស់នៅជាអ្នកនយោបាយនិរទេសខ្លួននៅឡើយ៕