ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឱ្យដឹងថា លោកប្រធានាធិបតីចិន ស៊ី ជិនភីង នឹងមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី ១៣ និង ១៤ តុលា ២០១៦ សប្ដាហ៍ក្រោយនេះ ដែលជាទស្សនកិច្ចដើម្បីពង្រឹងចំណងមិត្តភាពទេ្វភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ការថ្លែងរបស់នាយករដ្ឋមន្ដ្រីធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យា ល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពានិជ្ជកម្មកោះពេជ្រ នៅព្រឹកថ្ងៃនេះ។
សម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន គឺ មានកិច្ចព្រមព្រៀងចំនួន២៨ នឹងត្រូវបានធ្វើឡើងក្នុងអំឡុងពេលនោះ។
ទំនាក់ទំនងកម្ពុជា ចិន ចាប់ផ្ដើមស្និទស្នាលនឹងគ្នាឡើងវិញ បន្ទាប់ពីអតីតព្រះមហាក្សត្រ ព្រះបាទនរោត្ដមសីហនុ ព្រះអង្គបានឡើងសោយរាជ្យសម្បត្តិជាលើកទី២ នៅឆ្នាំ១៩៩៣ ក្រោយពី កម្ពុជាបញ្ចប់សង្គ្រាមស៊ីវិលជាង២ទសវត្ស។
យ៉ាងណាក៏ដោយកម្ពុជាត្រូវបានអ្នកសង្កេតការណ៍ និងអ្នកវិភាគបញ្ហាសង្គមមើលឃើញថា ជាផ្នែកមួយស្ថិតក្រោមឥទ្ធិពលរបស់ចិន ដោយសារតែចិន មានគុណបំណាច់លើកម្ពុជា ជួយផ្ដល់ប្រាក់កម្ចី សំណងឥតការប្រាក់ច្រើនពាន់លានដុល្លារអាមេរិក៕