ភ្នំពេញ៖ នាង ខុម ចាន់តារាទី ហៅស្រីមុំ កាលពីព្រឹកថ្ងៃពុធ ទី០៥ តុលា នេះបានទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងសូក ប៉ាន់សាក្សី ដែលចោទប្រកាន់ទៅលើមន្ត្រីអាដហុកចំនួន ៤ រូប។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដែលបានប្រាប់អ្នកសារព័ត៌ មានតាមរយៈសារអេទ្បិចត្រូនិចតេទ្បេក្រាម នៅរសៀលថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានថា ព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងមន្ត្រីអាដហុក ចំនួន ០៤ រូប គឺ លោក ធាម ច័ន្ទពិសិដ្ឋ បានកោះហៅនាង ខុម ចាន់ តារាទី ហៅស្រីមុំ ដើម្បីស្តាប់ចម្លើយក្នុងនាមជាសាក្សី។ លោកថា ការស្តាប់ចំលើយនេះ ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី ដែលចោទប្រកាន់ទៅលើមន្ត្រីអាដហុកចំនួន ០៤ រូប។
លោក លី សុផាណា បញ្ជាក់ទៀតថា ចៅក្រមស៊ើបសួរនឹងបន្តការស៊ើបសួរលើរឿងក្តីនេះបន្តទៀត។
ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានទាញឱ្យប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងមន្ត្រីអាដហុកចំនួន ៤ រូប ព្រមទាំងមន្ត្រី គ.ជ.ប មួយរូបផងដែរ ចូលក្នុងសំណុំរឿងក្ដីនៅតុលាការ។
ករណីនេះ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៥ ខែ និងពិន័យជាប្រាក់ ៨ សែនរៀល ពីបទបដិសេធមិនចូលខ្លួនទៅតាមកោះហៅរបស់តុលាការ។ ចំណែកមន្ត្រីអាដហុកចំនួន ០៤ រូបដែលកំពុងជាប់ពន្ធនាគារបណ្តោះអាសន្ន គឺពីបទសូក ប៉ាន់សាក្សី រួមមាន៖ អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក ណៃ វង់ដា និងលោក នី សុខា ព្រមទាំងមន្ត្រី គ.ជ.ប មួយ រូបគឺ លោក នី ចរិយា ដែលជាប់ពីបទសមគំនិតសូកប៉ាន់សាក្សី។ យ៉ាងណាក៏ដោយករណីនេះ ត្រូវបាន សហគមន៍អន្តរជាតិ និងអ្នកសង្កេតការណ៍ចាត់ទុកជារឿងនយោបាយ៕