ហ្វីលីពីន ៖ ជាថ្មីម្តងទៀតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ចេញវោហាប្រមាថលោក អូបាម៉ា ប្រធានាធិបតីអាមេរិកថា លោក អូបាម៉ា «គួរទៅឋាននរកទៅ»។ កាលពីពេលថ្មីៗនេះលោក Duterte ក៏បានប្រើសម្តីវាយប្រហារលោក អូបាម៉ា ផងដែរ ដែលកាលណ្ណោះលោក Duterte ថា លោក អូបាម៉ា ជា«កូនស្រីពេស្យា»។
មេដឹកនាំហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃអង្គារ ទី០៤ តុលា បានប្រើពាក្យសម្តីអកុសលទៅកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ថា លោក អូបាម៉ា «ទៅកាន់ឋាននរកទៅ»។ ជាងនេះទៅទៀត លោកប្រធានាធិបតីបាទដៃប្រឡាក់ឈាមឧក្រិដ្ឋកម្មគ្រឿងញៀនរូបនេះ ក៏បានព្រលយសម្ដីទៀតថា បើទោះបីសហរដ្ឋអាមេរិកបដិសេធមិនឱ្យលក់អាវុធមួយចំនួនទៅហ្វីលីពីនក្តី ក៏លោកមិនខ្វល់នោះទេ ព្រោះនៅមានប្រទេសរុស្ស៊ី និង ចិន មានអាវុធសម្រាប់ផ្គត់ផ្គង់មហិច្ឆតារបស់លោក។
សម្ដីវាយប្រហារថ្មីបំផុតមួយទៀតរបស់លោក Duterte នេះ លោកបានថ្លែងថា លោកហាក់បាត់បង់សេចក្តីគោរពចំពោះសហរដ្ឋអាមេរិក ដែលប្រមាថមើលងាយលោក និងព្រួយបារម្ភក្នុងសង្គ្រាមបង្ហូរឈាមរបស់លោកលើបញ្ហាថ្នាំញៀន ដោយក្រុមអ្នករិះគន់បានហៅលោកថាជា «មនុស្សល្ងីល្ងើ»។ តែយ៉ាងណាក្តីលោក Duterte ថា គ្មាននរណាអាចបញ្ឈប់លោកពីយុទ្ធនាការបោសសំអាតគ្រឿងញៀន ដែលបានសម្លាប់មនុស្សជាង ៣៤០០ នាក់ ដោយគ្រាន់តែរយៈពេលបីខែ បាននោះទេ។
ថ្លែងសុន្ទរកថាពីទីក្រុងម៉ានីល លោក Duterte បានប្រើសម្ដីប្រមាថផង ដោយនិយាយថា ទោះសហរដ្ឋអាមេរិកមិនចង់លក់មីស៊ីល និង អាវុធទៀតៗដល់ហ្វីលីពីនយ៉ាងណាចុះ ក៏ប៉ុន្តែប្រទេសរុស្ស៊ី និង ប្រទេសចិនបានប្រាប់លោកថា ពួកគេអាចផ្តល់ឱ្យលោកបានយ៉ាងងាយស្រួល។
លោក Duterte បានថ្លែងនៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ចំនួនពីរ កាលពីថ្ងៃអង្គារថា ៖ «ទោះបីជាសម្ដីខ្ញុំស្តាប់ទៅអាក្រក់ចំពោះអ្នក តែវាគឺជាកាតព្វកិច្ចពិសិដ្ឋរបស់យើងក្នុងការរក្សាសុចរិតភាពនៃសាធារណរដ្ឋនេះ និងប្រជាជនដែលមានសុខភាពល្អ»។
លោកបន្តថា៖«ប្រសិនបើអ្នកមិនចង់ឱ្យលក់អាវុធ! ខ្ញុំនឹងទៅទិញប្រទេសរុស្ស៊ី។ ខ្ញុំបានផ្តាំផ្ញើជាទូទៅទៅប្រទេសរុស្ស៊ី ហើយប្រទេសរុស្ស៊ីបាននិយាយថា កុំបារម្ភ! យើងមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ, យើងនឹងផ្តល់វាទៅកាន់អ្នក»។ ចំណែកចិនវិញក៏ដូចគ្នា «ពួកគេបាននិយាយថា អ្វីគ្រប់យ៉ាងគ្រាន់តែមកចុះហត្ថលេខាទៅ នោះនឹងត្រូវបានបញ្ជូនមកភ្លាម»។
សេចក្តីអត្ថាធិប្បាយរបស់លោក Duterte នាអំឡុងពេលចុងក្រោយថ្មីៗនេះ ហាក់មានភាពប្រទូសរ៉ាយខ្លាំងឆ្ពោះទៅរកសហរដ្ឋអាមេរិក ខណៈដែលលោក Duterte ចាប់ផ្តើមងាកចេញពីអតីតអាណានិគមរបស់ខ្លួន និងជាខ្នងបង្អែកមួយរបស់ហ្វីលីពីនផងដែល ស្របពេលអាមេរិកជាគូ ប្រជែងភូមិសាស្ត្រនយោបាយជាមួយ រុស្ស៊ី និង ចិន។
កាលពីថ្ងៃអាទិត្យ លោក Duterte បានបង្ហើរវោហាថា លោកបានទទួលការគាំទ្រពីប្រទេសរុស្ស៊ី និងប្រទេសចិន ខណៈដែលសហរដ្ឋអាមេរិកចេះតែត្អូញត្អែពីនយោបាយបោសសំអាតគ្រឿងញៀនរបស់លោក។ នៅថ្ងៃអាទិត្យដដែលនោះ លោកក៏បាននិយាយទៀតថា លោកនឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការការពារជាតិធ្វើ ឬហៅកាត់ថា EDCA ដែលហ្វីលីពីន និង សហរដ្ឋអាមេរិកបានចុះជាមួយគ្នាតាំងពីអតីតប្រធានាធិបតីគឺលោក បេនគីណូ អាគីណូ មកម្ល៉េះ។
កិច្ចព្រមព្រៀង EDCA នេះ ហ្វីលីពីន និង អាមេរិក បានចុះហត្ថលេខាកាលពីឆ្នាំ ២០១៤។ កិច្ចព្រមព្រៀងនេះ បានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកបានចូលដំណើរការផ្តល់កងទ័ពមួយចំនួន ទៅមូលដ្ឋានទ័ពហ្វីលីពីន និង អនុញ្ញាតឱ្យពួកគេអាចរៀបចំកន្លែងស្តុកសម្ភារៈ សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយសន្តិសុខមនុស្សជាតិ និង បញ្ហាដែនសមុទ្រ។
យ៉ាងណាមិញលោក Duterte បាននិយាយថា សហរដ្ឋអាមេរិកគួរតែជួយគាំទ្រដល់ប្រទេសហ្វីលីពីនដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនដ៏រ៉ាំរ៉ៃ ប៉ុន្តែអាមរិកបែរជារិះគន់ការសម្លាប់ឧក្រដ្ឋជនថ្នាំញៀនរបស់លោកទៅវិញ។
លោក Duterte និយាយថា៖«ជំនួយឱ្យការជួយពួកយើង ក្រសួងការបរទេសអាមេរិកបែរជាមកវាយប្រហារយើងទៅវិញ។ ដូច្នេះអ្នកអាចទៅកាន់នរកទៅលោក អូបាម៉ា»។
កាលពីដើមខែកញ្ញា ពោលគឺនាអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានដែលរៀបចំធ្វើនៅប្រទេសឡាវ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានលុបចោលជំនួបទ្វេភាគីជាមួយមេដឹកនាំហ្វីលីពីនវិញ បន្ទាប់ពីលោក Duterte បានប្រើពាក្យសម្តីប្រមាថលោក អូបាម៉ា ថាជាកូនស្រីពេស្យា។
កាលពីខែសីហា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិពីររូប បានរិះគន់លើករណីសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនក្នុងយុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់លោក Duterte ថា សកម្មភាពនេះ គឺបានញុះញង់ឱ្យមានអំពើហិង្សា និងការសម្លាប់ ហើយវាក៏ជាឧក្រិដ្ឋកម្មដែលស្ថិតក្រោមច្បាប់អន្តរជាតិផងដែរ៕ប្រភព៖ CNA