ភ្នំពេញ៖ នៅក្នុងទំនាក់ទំនងការទូត ឬ គេហៅម្យ៉ាងទៀតគឺ បទអន្តរាគមន៍ការទូត គេត្រូវឆ្លងកាត់ ពាក្យស័ព្ទគឺបួនយ៉ាងគឺ អំពាវនាវ (Call for,on, in, ) ទទូច( Urge ) ថ្កោលទោស (Condemn ) និង ចុងក្រោយសេចក្ដី សម្រេច (Resolution)។ រៀបរៀងដោយ លោក នួន បូរិន៖
ពាក្យស័ព្ទទាំង៤នេះ មានន័យ និងមានទម្ងន់ប្រហាក់ប្រហែលគ្នា គឺគេចង់បានអ្វីមួយ ដែលគេត្រូវការពីភាគីពាក់ព័ន្ធ។
បើតាមការសង្កេត សហគមន៍អន្តរជាតិ មុនដើរដល់ការធ្វើសេចក្ដីសម្រេច (Resolution) គឺគេ ចេញសេចក្ដីថ្លែងការណ៍ ដោយប្រើពាក្យថា«អំពាវនាវ» ហើយគេប្រើមានជាច្រើដង ទើបចូលដល់ ដំណាក់កាលថ្មីមួយទៀត គឺពាក្យថា «ទទូច»។
ពាក្យស័ព្ទនៃការទទូចនេះត្រូវគេប្រើ គឺអាស្រ័យលើកាលៈទេសៈ ហើយគេក៏ប្រើច្រើនដងដែរ មុនចូលដំណាក់ការថ្មី គឺ«ការថ្កោលទោស» ។
តាមការអង្កេត ការចេញសេចក្ដីថ្លែងការណ៍ ដោយប្រើពាក្យ«ថ្កោលទោស» ក៏ត្រូវធ្វើឡើងទៅ តាមកាលៈទេសៈ ហើយមានច្រើនដងដែរ ដូចពាក្យថា អំពាវនាវ និង ទទូច នេះដែរ។
សរុបសេចក្ដីទៅ បើសហគមន៍អន្តរជាតិ ចេញសេចក្ដីថ្លែងការណ៍ ជាច្រើនដងច្រើនសា ហើយ ភាគីពាក់ព័ន្ធ មិនមានទង្វើវិជ្ជមានឆ្លើយតប គឺគេត្រូវរកការប្រើពាក្យថ្មីទៀត ហើយមានទម្ងន់ជាផ្លូវច្បាប់ តែស្របច្បាប់ការទូត និងសន្ធិសញ្ញាអន្តរជាតិ គឺ គេប្រើពាក្យ«សេចក្ដីសម្រេច-Resolutuon»។
សេចក្ដីសម្រេច ឬ Resolution នេះ គេអាចប្រើវា មិនលើស២ដងទេ គឺគេត្រូវ រកមធ្យោបាយ ជាច្រើន ទៀត ដើម្បីអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាព។
ពាក្យថា សេចក្ដីសម្រេច វាក្លាយជា ការដាក់កំហិតឱ្យភាគីពាក់ព័ន្ធ ទទួលយក ប្រការដែលគេបាន ចែង ព្រោះគេសំអាងលើ ហេតុផលនៃ ច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀង ទ្វេភាគី ។
តែយ៉ាងណាក៏ដោយ មុន ចូលដល់ដំណាក់ការថ្មីទៀតឬគេហៅការចាត់វិធានការ គឺត្រូវ បញ្ចូន ប្រេសិត ឬ បេសកជន ជាន់ខ្ពស់ ឬក្រុមស្វែងរកការពិត មកកាន់ប្រទេសនោះ ដើម្បីសិក្សាបន្ថែម ឬ ក៏បញ្ចុះបញ្ចូលភាគី ពាក់ព័ន្ធឱ្យ យល់ពីផលលំបាក ពីការជំទាស់ ចំពោះសេចក្ដីសម្រេចនេះ -Resolution។ សេចក្ដីសម្រេចរបស់ សហគមន៍អន្តរជាតិ -សហរដ្ឋអាមេរិក និងសហភាព អឺរ៉ុប មានទម្ងន់និង មានឥទ្ធិពលប្រហាក់ប្រហែលគ្នា ទៅនឹងសេចក្ដីសម្រេច របស់ ក្រុមប្រឹក្សាសិទិ្ធមនុស្ស អង្គការសហប្រជាជាតិ។ ប៉ុន្តែភាពខុសគ្នា ទៅតាមកាលៈទេសៈ។
ក្រុមប្រឹក្សាសិទិ្ធមនុស្ស អង្គការសហប្រជាជាតិ ចេញសេចក្ដីសម្រេច ដោយត្រូវការសំឡេង ច្រើនសមល្មមពីប្រតិភូចូលរួម ទើបអាចយកទៅសុំការអនុម័ត ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចាត់ការលើប្រទេសណាមួយ ឬមេដឹកនាំប្រទេសមួយ ដែលគេចង្អុលបង្ហាញថា ប្រទេសនោះឬមេដឹកនាំ បានរំលោភធ្ងន់ធ្ងរចំពោះ សិទ្ធិមនុស្ស។
យ៉ាងណា ក៏ដោយ ក្រុមប្រឹក្សាសិទិ្ធមនុស្ស ក៏អាចទទូចសុំឱ្យក្រុមប្រឹក្សាសន្តិសុខ បញ្ជូន កំណត់ហេតុសិទ្ធិមនុស្ស របស់ប្រទេសនោះ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានដែរ បើស្ថិតក្នុងស្ថានភាពប្រឆាំងមនុស្សជាតិដ៏ធ្ងន់ធ្ងរ ដូចជាករណីប្រទេសកូរ៉េខាងជើង និងមេដឹកនាំគឹមជុងអ៊ុន ប្រធានាធិបតី ស៊ីរី បាលសាដអាល់អាសាដ និងប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក។
នៅពេលខ្លះគេសង្កេតឃើញ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏ចេញសេចក្ដីសម្រេច ដោយមិន រង់ចាំការស្នើសុំ ពីក្រុមប្រឹក្សាសិទិ្ធមនុស្ស ដោយធ្វើឡើងតាម ការស្នើសុំពីមេដឹកនាំ អាមេរិក ឬ ប្រទេសណាមួយ ដែលមានឥទ្ធិពល ដូចជាប្រទេសនៅប្លុកសហភាពអឺរ៉ុបជាដើម។
ប្រទេសណាដែល ចូលដល់ដំណាក់កាលនៃចេញសេចក្ដីសម្រេច -Resolution- គឺមានន័យថា កំណត់ហេតុសិទ្ធិមនុស្សរបស់ប្រទេសនោះ ពិតធ្ងន់ធ្ងរ។ ប្រទេសនោះនឹងត្រូវគេចាត់វិធានការ ទៀតផង។
សេចក្ដីសម្រេច -Resolution- នេះ ត្រូវគេបែងចែងជាបីដំណាក់កាលទៀត គឺ ការហុំព័ទ្ធសេដ្ឋកិច្ច (Embargo),ការដាក់ទណ្ឌកម្ម (Sanction )និងទី៣ អន្តរាគមន៍ (Intervention)។
តាមការអង្កេត ចំនុច ទីមួយ ត្រូវបានអនុវត្ត ជាជំហានដំបូង ហើយ ក្រោយមកចូលដល់ ចំនុចទីពីរ តែចំនុច ទីបី កម្រនឹងចាត់ការណាស់ លើកលែង ប្រទេសនេះ រំលោភសិទិ្ធមនុស្ស ដោយ យកកងទ័ពធ្វើ ជាឧបករណ៍របស់ខ្លួន។ ចំនុចនេះគេសង្កេតឃើញមាននៅប្រទេសមួយចំនួននៃទ្វីបអាហ្វ្រីកដែល សហគមន៍អន្តរជាតិ បានអនុវត្តមកហើយ។
តើប្រទេសកម្ពុជាបានដើរដល់ចំនុចណា ឬចំនុច សេចក្ដីសម្រេច -Resolutionហើយឬនៅ?
ជាការពិត សហភាព អឺរ៉ុប ដែលមាន សមាជិក ២៨ ប្រទេស បានចេញសេចក្ដីសម្រេច យ៉ាងតិច២លើកមកហើយ ទាក់ទិន ករណីប្រទេសកម្ពុជា។ សេចក្ដីសម្រេច បានទទួលការអនុម័ត ពីសភាជិកសភា មានចំនួនច្រើនលើសពី២/៣។
សេចក្ដីសម្រេចទីមួយ ប្រាប់កម្ពុជាឱ្យ ទម្លាក់ចោល បណ្ដឹងប្រឆាំងលោក សម រង្ស៊ី ហើយអនុញ្ញាត ឱ្យមេបក្សប្រឆាំងរូបនេះ វិលចូលកម្ពុជាវិញ។ ចំពោះសេចក្ដីសម្រេចទី២ បានប្រាប់កម្ពុជាឱ្យវិលមកស្ថានភាពធម្មតាវិញ ដែលសម្រេចនេះ ថាកម្ពុជា កំពុងដើរដល់ចំនុចគ្រោះថ្នាក់ដល់សិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ចំណែកសហរដ្ឋអាមេរិក មុនចេញសេចក្ដីសម្រេច គឺគណៈកម្មាការកិច្ចការបរទេសសភា ប្រទេសមហាអំណាចមួយនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស កម្ពុជាករណីហិង្សានយោបាយផងដែរ។
នៅចុងក្រោយ សមាជិកសភា ប្រទេសនេះ បានចេញសេចក្ដីសម្រេច លេខ ៧២៨ ដោយដាក់ប្រទេសកម្ពុជា ជារដ្ឋមួយដើរដល់ចំនុចគ្រោះថ្នាក់ ចំពោះការគោរពសិទិ្ធមនុស្ស និង លទ្ធិប្រជាធិបតេយ្យ។
ស្របពេល សហភាព អឺរ៉ុប និងសហរដ្ឋអាមេរិក ចេញ សេចក្ដីសម្រេច Resolution ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៍បានចេញសម្រេចមួយ ដោយកត់សម្គាល់ថា ប្រទេសកម្ពុជា កំពុងដើរលើគន្លងផ្លូវ ហានិភ័យ ក្នុងករណីចោទថារំលោភសិទិ្ធមនុស្ស។
ការចេញសេចម្រេចនេះហើយ មើលទៅនាំឱ្យ ប្រទេសជិត៤០ ក្នុងនោះមានអាមេរិក សហភាព អឺរ៉ុប និងជប៉ុនបានប្រកាសគាំទ្រសេចក្ដីសម្រេចនេះ ហើយទាមទារឱ្យកម្ពុជាដើរត្រឡប់ ក្រោយវិញ។
យ៉ាងណាក៏ដោយ បក្សកាន់អំណាច ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែននឹងមិនឱ្យកម្ពុជា ជួប ផលលំបាកត្រូវគេអូសធ្លាក់ចូលក្នុង ប្រការនៃការហុំព័ន្ធសេដ្ឋកិច្ច -Embargo ឡើយ។
ដោយជៀសវាងប្រការនេះ ហើយមើលទៅ បានជាសម្ដេច ហ៊ុន សែន បោះសំឡេង ឱ្យគណបក្សសង្គ្រោះជាតិចូលសភា បើចង់និយាយពីការដោះស្រាយនយោបាយ។
ដូចការរំពឹងទុកបក្សប្រឆាំងក៏សម្រេចចូលសភាវិញ ហើយផ្ដើមឱ្យស្ថានភាពនយោបាយធូរស្រាលវិញភ្លាម។
ប្រសិនបើកម្ពុជា មានដំណោះស្រាយខ្លួនឯង ហើយទូលំទូលាយទៀតនោះ គឺកម្ពុជា នឹងជៀសផុតយ៉ាងពិតប្រាកដ ពីគំនាប របស់សហគមន៍អន្តរជាតិ ជាពិសេស គេចផុតពីការអនុវត្ត សេចក្ដីសម្រេច -Resolution ៕