ភ្នំពេញ៖ លោកស្រី រូណា ស្មីត អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាសប្ដាហ៍ក្រោយនេះ ដើម្បីជួបជាមួយ គណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានជួប ជាមួយតំណាងឧត្ដមស្នងការសហប្រជាជាតិ ផ្នែកសិទិ្ធមនុស្សប្រចាំនៅកម្ពុជា លោកស្រី វ៉ាន់ ហ៊ីលី បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងមានជំនួបថ្មីមួយទៀត ជាមួយអ្នកស្រី រូណា ស្មីត អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ នៅសប្ដាហ៍ក្រោយនេះ។
តាមលោក កែវ រ៉េមី ថា ៖«ហើយខ្ញុំក៏សូមជម្រាបជូនដែរថា អ្នកស្រី រូណាស្មីត គាត់នឹងអញ្ជើញមក ហើយនៅមានការស្នើសុំជួបពួកយើងខ្ញុំ នៅក្នុងអាទិត្យក្រោយ ចឹងយើងរង់ចាំជួបថ្នាក់លើបន្ថែមមួយទៀត គឺ អ្នកស្រី រ៉ូណាស្មីត»។
តែយ៉ាងនេះក្ដី លោក កែវ រ៉េមី មិនបានប្រាប់អំពីជំនួបរវាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយអ្នកស្រី រូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ថា នឹងត្រូវពិភាក្សាទៅលើអ្វីខ្លះ នៅឡើយទេ ។
តែយ៉ាងណាក៏ដោយ ការមកដល់របស់លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ត្រូវបានគេមើលឃើញថា មិនមានអ្វីក្រៅពីការពិភាក្សា ដើម្បីរកដំណោះស្រាយជុំវិញស្ថានការណ៍សិទ្ធិមនុស្ស នៅកម្ពុជានោះឡើយ។
ដំណើរទស្សនកិច្ច របស់លោកស្រី រ៉ូណាស្មីត មកកាន់កម្ពុជាលើកនេះ គឺស្របពេល ដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាតិ មានមូលដ្ឋាននៅ ទីក្រុងហ្សឺណែវប្រទេសស្វីស កាលពីថ្មីៗទៅនេះ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយបានដាក់ប្រទេសកម្ពុជា ជារដ្ឋកំពុងជួបហានិភ័យនៃការរំលោភសិទ្ធិមនុស្ស ដ៏គួរឱ្យព្រួយបារម្ភ៕