លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹង ទៅចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី០៥តុលាស្អែកវេលាម៉ោង ១០ព្រឹក។នេះបើយោងតាមសេក្តីប្រកាសព៍ត៌មានរបស់ គណបក្សសង្គ្រោះជាតិដែលបានចុះនៅថ្ងៃទី០៤តុលាឆ្នាំ ២០១៦នេះ។
លោកកឹម សុខា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨សែនរៀល ក្រោមបទចោទ«បដិសេធក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សីលើសំណុំរឿង សញ្ចារកម្ម តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដោយអយ្យការបញ្ជាក់ថា ជាបទល្មើសជាក់ស្តែង។
យោងតាមមាត្រា ១២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ជំពូកទី ៣ ស្ដីពីការចុះឈ្មោះបោះឆ្នោត បញ្ជាក់ថាអ្នកចុះឈ្មោះបោះឆ្នោតគឺជននោះ មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា លោក កឹម សុខា មានសិទ្ធិទៅចុះឈ្មោះឆ្នោតបាន ព្រោះ លោក កឹម សុខា មិនមានទោស ជាទណ្ឌិតនៅឡើយទេ។ លោក បញ្ជាក់ថា លោក កឹម សុខា នឹងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បើលោកទៅចុះឈ្មោះបោះឆ្នោត។
លោក កឹមសុខា បានទៅជ្រកកោន នៅស្នាក់ការគណបក្សសង្គ្រោះជាតិជិត ៤ខែមកហើយ ។ ការជ្រកកោននេះ ដោយសារលោក មិនចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ករណី សញ្ចារកម្ម ក្នុងសំនុំរឿងនាងខុម ចាន់តារ៉ាទីហៅស្រីមុំ ។
លោក កឹម សុខា សម្រេចទៅចុះឈ្មោះបោះឆ្នោតក៏ស្របពេល មានការបន្ថយកំដៅ នយោបាយ រវាងគណបក្ស សង្គ្រោះជាតិ និងបក្សកាន់អំណាចរបស់ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ៕