en     km
en     km

​តំណាង​កម្ពុជា​ព្យាយាម​ការពារ​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ UN​ និង​នៅ​ UNHRC​ ករណី​សិទ្ធិ​មនុស្ស​

Share

​ថ្មីៗ​នេះ​តំណាង​កម្ពុជា​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ ក្រុង​ហ្សឺ​ណែវ​ និង​ប្រមុខ​ការទូត​កម្ពុជា​បាន​ឡើង​ថ្លែង​ការពារ​ ខ្លួន​យ៉ាង​ខ្លាំង​ចំពោះ​ការ​រិះគន់​ពី​ សហគមន៍​អន្តរជាតិ​ករណី​ដែល​ពួក​គេ​លើក​ទ្បើ​ង​ថា​កម្ពុជា​កំពុង​តែ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​កម្ពុជា​បដិសេធ​ ហើយ​ថា​ការ​លើក​ទ្បើ​ង​របស់​ សហគមន៍​អន្តរជាតិ​នេះ​មិន​បាន​ឆ្លុះ​ប​ញ្ចំ​ង​ពី​ការ​ពិត​ និង​ខ្វះ​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។​ តែ​យ៉ាងនេះ​ក្ដី​អ្នកវិភាគ​ថា​ តំណាង​កម្ពុជា​ ដែល​បាន​លើក​ឡើង​ដូចនេះ​ ទំនង​មិន​ធ្វើ​សហគមន៍​អន្តរជាតិ​ភ្ញាក់ផ្អើល​អ្វី​ទេ​។​​ពួក​គេ​ថា​រដ្ឋាភិបាល​ត្រូវ​តាំងចិត្ត​ទទួលយក​ការ​រិះគន់​នេះ​ ហើយ​ យក​មក​អនុវត្ត​។​  លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅ  ហ្សឺណែវ លោក ណី សំអុល
ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅ ហ្សឺណែវ លោក ណី សំអុល

នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៧១​នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​ កាលពី​ថ្ងៃ​សៅរ៍​ទី​២៤​កញ្ញា​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ បាន​ហៅ​ការ​រិះគន់​ពី​អង្គការសហប្រជាជាតិ​ រួម​ទាំង​សហគមន៍​អន្ដរជាតិ​ រឿង​គោរព​លទ្ធិ​ប្រជា​ធិ​បេ​តយ្យ​ថា​ ជា​ការ​ចោទប្រកាន់​ដែល​យល់​ខុស​ និង​ព្យាយាម​ដាក់​ការ​ស្ដីបន្ទោស​លើ​រដ្ឋាភិបាល​កម្ពុជា​។​

​បន្ថែម​ពី​នេះ​ទៀត​នោះ​ លោក​ក៏​បាន​ហៅ​ការ​ស្នើ​សុំ​ពី​សហគមន៍​អន្ដរជាតិ​ ដែល​តម្រូវ​ឱ្យ​ កម្ពុជា​ទទួលយក​គំរូ​លទ្ធិប្រជាធិបតេយ្យ​   ជា​រឿង​មិន​សម​ហេតុ​ សម​ផល​ និង​មិន​បាន​គិតដល់​ការ​ពិត​ដែល​គណបក្សប្រឆាំង​កំពុង​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​។​

​ទន្ទឹម​នឹង​នេះ​ ឯកអគ្គរាជទូត​ និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ នៅ​  ហ្សឺ​ណែវ​ លោក​ ណី​ សំ​អុល​ បាន​ថ្លែង​ការពារ​ខ្លួន​ចំពោះ​ ការ​រិះគន់​ថា​ កម្ពុជា​មាន​ហានិភ័យ​ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​កាលពី​ថ្មីៗ​នេះ​ លោក​ ណី​ សំ​អុល​ បាន​ថ្លែង​ ថា​ របាយការណ៍​របស់​លោក​ ស្រី​ Rhonasmith​ អ្នករាយការណ៍​ពិសេស​អំពី​កម្ពុជា​ ដែល​លើក​ទ្បើ​ង​ពី​ករណី​ឃុំខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ បញ្ហា​ដីធ្លី​ ឬ​ការ​គ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ថា​ធ្ងន់ធ្ងរ​គឺ​ ពុំ​បាន​បង្ហាញ​ជា​ទូទៅ​ និង​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ នូវ​រូបភាព​ពេញលេញ​នៃ​ដំណើ​រវិ​វត្ត​នៃ​ស្ថានភាព​ពិតប្រាកដ​ នោះ​ទេ​។​

​លោក​ ណី​ សំ​អុល​ បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ថា​ នៅ​ប្រទេស​កម្ពុជា​ ភាគី​ នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​សេរី​ ស្រប​ទៅ​តាម​ច្បាប់​ និង​លិ​ខិ​តូប​ករ​ណ៍​ គតិ​យុ​ត្ត​ ជា​ធរមាន​។​ ដូចនេះ​វា​ជា​ទស្សនៈ​មិន​ត្រឹមត្រូវ​ និង​យល់​ខុស​ដែល​ថា​ ភាព​តានតឹង​ផ្នែក​នយោបាយ​កំពុង​តែ​កើត​មាន​នា​ពេល​បច្ចុប្បន្ន​។​ លោក​បន្ត​ថា​ជាង​នេះ​ទៅ​ទៀត​នោះ​ មាន​បុគ្គល​ ឬ​ក្រុម​មួយ​ចំនួន​បាន​ និង​កំពុង​កេង​ចំណេញ​របៀបវារៈ​ សិទ្ធិ​មនុស្ស​សម្រាប់​គោលបំណង​ នយោបាយ​របស់​ពួក​គេ​ដែល​ធ្វើ​ឱ្យ​មាន​អ​ស្ថេ​រ​ភាព​ និង​ដើម្បី​ផ្តួលរំលំ​ រាជរដ្ឋាភិបាល​។​

​ចំពោះ​អ្នកវិភាគ​វិញ​យល់​ថា​ អ្វី​ដែល​តំណាង​កម្ពុជា​ ឡើង​ការពារ​ខ្លួន​ នឹង​មិន​ធ្វើ​ឱ្យ​អន្តរជាតិ​ ឯកភាព​តាម​ឡើយ​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត​ មាស​ នី​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ថា​ ទោះបីជា​រដ្ឋាភិបាល​អះអាង​ថា​កម្ពុជា​ពុំ​មានការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ក៏​ដោយ​ចុះ​ ប៉ុន្តែ​បញ្ហា​នេះ​ក៏​សហគមន៍​អន្តរជាតិ​ នៅ​តែ​យក​ទៅ​ពិភាក្សា​ដដែល​។​

​លោក​ មាស​ នី​ បន្ត​ថា​នេះ​ ស​ បញ្ជាក់​ ឱ្យ​ឃើញ​ថា​គ្រប់​ព័ត៌មាន​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​សហ​គម៍​អន្តរជាតិ​ បាន​យកចិត្តទុកដាក់​ ក្នុង​ការ​តាមដាន​ដោយ​មិន​អាច​លាក់បាំង​ពួក​គេ​បាន​នោះ​ទេ​។​

​លោក​ មាស​ នី​ ៖«​សេចក្តីថ្លែងការណ៍​របស់​តំណាង​រដ្ឋាភិបាល​នៅ​ UN​ នេះ​ក៏​មិនមែន​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ដែរ​ អានេះ​ជា​ពាក្យ​សូត្រ​តៗ​គ្នា​ ជាមួយនឹង​អ្នកនាំពាក្យ​រដ្ឋាភិបាល​អីហ្នឹង​ ត្រូវ​តែ​និយាយ​បែប​ហ្នឹង​ បើ​មិន​និយាយ​បែប​ហ្នឹង​ និយាយ​អី​ផ្សេង​ពី​ហ្នឹង​ នឹង​ត្រូវ​មាន​បញ្ហា​ អ​ញ្ចឹ​ង​មាន​តែ​ធ្វើការ​គាំទ្រ​ ហើយ​រឿង​អស់នេះ​មិនមែន​មាន​តែ​រដ្ឋាភិបាល​ខ្មែរ​នោះ​ទេ​ រដ្ឋាភិបាល​ប្រទេស​ដទៃ​ក៏​ដូច​គ្នា​ដែរ​ ស្អី​ដែល​គេ​ការពារ​ថា​ធ្វើ​ត្រឹមត្រូវ​គេ​នឹង​ការពារ​ ក៏​ប៉ុន្តែ​រឿង​សំខាន់​រឿង​ធំ​វា​ពិបាក​នឹង​លាក់​គេ​ឱ្យ​គេ​ដឹង​»​។​

​លោក​ មាស​ នី​ ផ្ដល់​ជា​អនុសាសន៍​ថា​ ដើម្បី​កាត់​បន្ថយ​ការ​រិះគន់​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ពី​បណ្តា​សហគមន៍​អន្តរជាតិ​ ក៏​ដូច​ជា​ពី​បក្ស​ប្រឆាំង​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នោះ​ លុះត្រាតែ​ស្ថាប័ន​តុលាការ​ ត្រូវ​តែ​មាន​ភាព​យុត្តិធម៌​ពិតប្រាកដ​ ដោយ​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ទៅ​បក្ស​ណាមួយ​នោះ​ទេ​។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​មុន​នឹង​ការពារ​ពី​ការ​រិះគន់​ករណី​រំលោភសិទ្ធិ​មនុស្ស​នោះ​ គឺ​គួរតែ​ពិនិត្យ​មើល​ ចំណុច​ខ្វះខាត​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​យក​ការ​រិះគន់​នោះ​ជា​កញ្ចក់​ឆ្លុះ​ប​ញ្ចំ​ង​ នូវ​អ្វី​ដែល​គេ​ថា​មានការ​រំលោភ​ព​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។
លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។

​ដើម្បី​កាត់​បន្ថយ​ការ​រិះគន់​ពី​ការ​រំលោភ​បំពាន​ សិទ្ធិ​មនុស្ស​នេះ​ដែរ​លោក​ សូ​ ច​ន្ថា​ បាន​ផ្តល់​ជា​អនុសាសន៍​ថា​៖«​ដើម្បី​អាច​ឱ្យ​រដ្ឋាភិបាល​ទទួលយក​បា​នូវ​ការ​រិះគន់​ ទាំង​អស់នោះ​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​គួរតែ​អនុវត្ត​ច្បាប់​ ឱ្យ​មាន​ស្តង់ដារ​តែ​មួយ​ មាន​ន័យ​ថា​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ ដែល​បាន​ចែង​ មួយទៀត​រដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ដែល​បង្កើត​ដោយ​រដ្ឋាភិបាល​មាន​លក្ខណៈ​ឯករាជ្យ​ ហើយ​ជា​ស្ថាប័នរដ្ឋ​ការពារ​សិទ្ធិ​មនុស្ស​ពិតប្រាកដ​ មិនមែន​គ្រាន់តែ​ការពារ​នូវ​អ្វី​ដែល​ជា​ទ​ង្វើ​របស់​រដ្ឋាភិបាល​នោះ​ទេ​»​។​

​តែ​យ៉ាងណា​ក៏​ដោយ​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ កម្ពុជា​ ចំពោះ​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ បាន​នៅឡើយ​ទេ​។​

​សូម​ជំរាប​ថា​ អ្វី​ដែល​ធ្វើ​អោយ​ប្រមុខ​ការទូត​កម្ពុជា​ ឡើង​ថ្លែង​ការពារ​ រដ្ឋាភិបាល​កម្ពុជា​នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ គឺ​ក្រោយ​ពី​សហគមន៍​អន្ដរជាតិ​ មាន​សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ បាន​ចេញ​សេចក្ដីសម្រេច​ ដោយ​ចាត់​ទុក​កម្ពុជា​ ជា​រដ្ឋ​កំពុង​ដើរ​ដល់​ចំនុច​គ្រោះថ្នាក់​ នៃ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។​

​ការ​ចេញ​សេចក្តីសម្រេច​នេះ​ ស្រប​ពេល​ដែល​ក្រុម​គណបក្សប្រឆាំង​ បាន​ដាក់​លិខិត​ប្ដឹង​ទៅ​កាន់​ប្រទេស​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ អោយ​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​។

​ជាមួយ​គ្នា​នេះ​ យ៉ាង​ហោច​ណាស់​ តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​ពីរ​រូប​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ដោយសារ​ពួក​គាត់​ បញ្ចេញ​ឆ​ន្ទះ​ជាតិនិយម​ រឿង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ស្រប​ពេល​ដែល​សកម្មជន​សង្គ្រោះ​ជាតិ​១៦​រូប​ទៀត​ ត្រូវ​បាន​ផ្ដន្ទាទោស​ ករណី​ចោទ​ថា​ ដឹកនាំ​អោយ​មាន​កុប​បា​កម្ម​ កាលពី​ឆ្នាំ​២០១៤៕

 

Share

Image
Image
Image