ថ្មីៗនេះតំណាងកម្ពុជានៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រុងហ្សឺណែវ និងប្រមុខការទូតកម្ពុជាបានឡើងថ្លែងការពារ ខ្លួនយ៉ាងខ្លាំងចំពោះការរិះគន់ពី សហគមន៍អន្តរជាតិករណីដែលពួកគេលើកទ្បើងថាកម្ពុជាកំពុងតែរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែបញ្ហានេះត្រូវបានមន្ត្រីកម្ពុជាបដិសេធ ហើយថាការលើកទ្បើងរបស់ សហគមន៍អន្តរជាតិនេះមិនបានឆ្លុះបញ្ចំងពីការពិត និងខ្វះការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ តែយ៉ាងនេះក្ដីអ្នកវិភាគថា តំណាងកម្ពុជា ដែលបានលើកឡើងដូចនេះ ទំនងមិនធ្វើសហគមន៍អន្តរជាតិភ្ញាក់ផ្អើលអ្វីទេ។ពួកគេថារដ្ឋាភិបាលត្រូវតាំងចិត្តទទួលយកការរិះគន់នេះ ហើយ យកមកអនុវត្ត។ លោក ជួន សារ៉េត រាយការណ៍៖
នៅក្នុងសម័យប្រជុំលើកទី៧១នៃមហាសន្និបាតអង្គការសហប្រជាតិ កាលពីថ្ងៃសៅរ៍ទី២៤កញ្ញា រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានហៅការរិះគន់ពីអង្គការសហប្រជាជាតិ រួមទាំងសហគមន៍អន្ដរជាតិ រឿងគោរពលទ្ធិប្រជាធិបេតយ្យថា ជាការចោទប្រកាន់ដែលយល់ខុស និងព្យាយាមដាក់ការស្ដីបន្ទោសលើរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះទៀតនោះ លោកក៏បានហៅការស្នើសុំពីសហគមន៍អន្ដរជាតិ ដែលតម្រូវឱ្យ កម្ពុជាទទួលយកគំរូលទ្ធិប្រជាធិបតេយ្យ ជារឿងមិនសមហេតុ សមផល និងមិនបានគិតដល់ការពិតដែលគណបក្សប្រឆាំងកំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅ ហ្សឺណែវ លោក ណី សំអុល បានថ្លែងការពារខ្លួនចំពោះ ការរិះគន់ថា កម្ពុជាមានហានិភ័យចំពោះការរំលោភសិទ្ធិមនុស្ស។
នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្មីៗនេះ លោក ណី សំអុល បានថ្លែង ថា របាយការណ៍របស់លោក ស្រី Rhonasmith អ្នករាយការណ៍ពិសេសអំពីកម្ពុជា ដែលលើកទ្បើងពីករណីឃុំខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល បញ្ហាដីធ្លី ឬការគ្រប់គ្រងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាថាធ្ងន់ធ្ងរគឺ ពុំបានបង្ហាញជាទូទៅ និងឱ្យបានគ្រប់ជ្រុងជ្រោយ នូវរូបភាពពេញលេញនៃដំណើរវិវត្តនៃស្ថានភាពពិតប្រាកដ នោះទេ។
លោក ណី សំអុល បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់លោកថា នៅប្រទេសកម្ពុជា ភាគី នយោបាយទាំងអស់មានសិទ្ធិធ្វើសកម្មភាពរបស់ខ្លួនដោយសេរី ស្របទៅតាមច្បាប់ និងលិខិតូបករណ៍ គតិយុត្ត ជាធរមាន។ ដូចនេះវាជាទស្សនៈមិនត្រឹមត្រូវ និងយល់ខុសដែលថា ភាពតានតឹងផ្នែកនយោបាយកំពុងតែកើតមាននាពេលបច្ចុប្បន្ន។ លោកបន្តថាជាងនេះទៅទៀតនោះ មានបុគ្គល ឬក្រុមមួយចំនួនបាន និងកំពុងកេងចំណេញរបៀបវារៈ សិទ្ធិមនុស្សសម្រាប់គោលបំណង នយោបាយរបស់ពួកគេដែលធ្វើឱ្យមានអស្ថេរភាព និងដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាល។
ចំពោះអ្នកវិភាគវិញយល់ថា អ្វីដែលតំណាងកម្ពុជា ឡើងការពារខ្លួន នឹងមិនធ្វើឱ្យអន្តរជាតិ ឯកភាពតាមឡើយ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីថា ទោះបីជារដ្ឋាភិបាលអះអាងថាកម្ពុជាពុំមានការរំលោភបំពានសិទ្ធិមនុស្ស ក៏ដោយចុះ ប៉ុន្តែបញ្ហានេះក៏សហគមន៍អន្តរជាតិ នៅតែយកទៅពិភាក្សាដដែល។
លោក មាស នី បន្តថានេះ ស បញ្ជាក់ ឱ្យឃើញថាគ្រប់ព័ត៌មានស្តីពីសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានសហគម៍អន្តរជាតិ បានយកចិត្តទុកដាក់ ក្នុងការតាមដានដោយមិនអាចលាក់បាំងពួកគេបាននោះទេ។
លោក មាស នី ៖«សេចក្តីថ្លែងការណ៍របស់តំណាងរដ្ឋាភិបាលនៅ UN នេះក៏មិនមែនជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើលនោះដែរ អានេះជាពាក្យសូត្រតៗគ្នា ជាមួយនឹងអ្នកនាំពាក្យរដ្ឋាភិបាលអីហ្នឹង ត្រូវតែនិយាយបែបហ្នឹង បើមិននិយាយបែបហ្នឹង និយាយអីផ្សេងពីហ្នឹង នឹងត្រូវមានបញ្ហា អញ្ចឹងមានតែធ្វើការគាំទ្រ ហើយរឿងអស់នេះមិនមែនមានតែរដ្ឋាភិបាលខ្មែរនោះទេ រដ្ឋាភិបាលប្រទេសដទៃក៏ដូចគ្នាដែរ ស្អីដែលគេការពារថាធ្វើត្រឹមត្រូវគេនឹងការពារ ក៏ប៉ុន្តែរឿងសំខាន់រឿងធំវាពិបាកនឹងលាក់គេឱ្យគេដឹង»។
លោក មាស នី ផ្ដល់ជាអនុសាសន៍ថា ដើម្បីកាត់បន្ថយការរិះគន់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ពីបណ្តាសហគមន៍អន្តរជាតិ ក៏ដូចជាពីបក្សប្រឆាំង និងប្រជាពលរដ្ឋមួយចំនួននោះ លុះត្រាតែស្ថាប័នតុលាការ ត្រូវតែមានភាពយុត្តិធម៌ពិតប្រាកដ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយទៅបក្សណាមួយនោះទេ។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមុននឹងការពារពីការរិះគន់ករណីរំលោភសិទ្ធិមនុស្សនោះ គឺគួរតែពិនិត្យមើល ចំណុចខ្វះខាតពីការគោរពសិទ្ធិមនុស្ស ដើម្បីយកការរិះគន់នោះជាកញ្ចក់ឆ្លុះបញ្ចំង នូវអ្វីដែលគេថាមានការរំលោភពបំពានសិទ្ធិមនុស្សនៅកម្ពុជា។
ដើម្បីកាត់បន្ថយការរិះគន់ពីការរំលោភបំពាន សិទ្ធិមនុស្សនេះដែរលោក សូ ចន្ថា បានផ្តល់ជាអនុសាសន៍ថា៖«ដើម្បីអាចឱ្យរដ្ឋាភិបាលទទួលយកបានូវការរិះគន់ ទាំងអស់នោះខ្ញុំគិតថា រដ្ឋាភិបាលគួរតែអនុវត្តច្បាប់ ឱ្យមានស្តង់ដារតែមួយ មានន័យថាការអនុវត្តច្បាប់ហ្នឹង ត្រឹមត្រូវស្របតាមច្បាប់ ដែលបានចែង មួយទៀតរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យគណៈកម្មការសិទ្ធិមនុស្ស ដែលបង្កើតដោយរដ្ឋាភិបាលមានលក្ខណៈឯករាជ្យ ហើយជាស្ថាប័នរដ្ឋការពារសិទ្ធិមនុស្សពិតប្រាកដ មិនមែនគ្រាន់តែការពារនូវអ្វីដែលជាទង្វើរបស់រដ្ឋាភិបាលនោះទេ»។
តែយ៉ាងណាក៏ដោយ វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបភ្លាមៗពី អ្នកនាំពាក្យរដ្ឋាភិបាល កម្ពុជា ចំពោះការយល់ឃើញរបស់អ្នកវិភាគ បាននៅឡើយទេ។
សូមជំរាបថា អ្វីដែលធ្វើអោយប្រមុខការទូតកម្ពុជា ឡើងថ្លែងការពារ រដ្ឋាភិបាលកម្ពុជានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ គឺក្រោយពីសហគមន៍អន្ដរជាតិ មានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានចេញសេចក្ដីសម្រេច ដោយចាត់ទុកកម្ពុជា ជារដ្ឋកំពុងដើរដល់ចំនុចគ្រោះថ្នាក់ នៃការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ការចេញសេចក្តីសម្រេចនេះ ស្របពេលដែលក្រុមគណបក្សប្រឆាំង បានដាក់លិខិតប្ដឹងទៅកាន់ប្រទេសនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ អោយជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ជាមួយគ្នានេះ យ៉ាងហោចណាស់ តំណាងរាស្ដ្របក្សប្រឆាំងពីររូប ត្រូវបានចាប់ឃុំខ្លួន ដោយសារពួកគាត់ បញ្ចេញឆន្ទះជាតិនិយម រឿងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ស្របពេលដែលសកម្មជនសង្គ្រោះជាតិ១៦រូបទៀត ត្រូវបានផ្ដន្ទាទោស ករណីចោទថា ដឹកនាំអោយមានកុបបាកម្ម កាលពីឆ្នាំ២០១៤៕