អង្គការជនពិការអន្ដរជាតិបានរកឃើញថា ចំនួនអ្នកបើកបរហួសល្បឿនកំណត់ នៅឆ្នាំ២០១៤ មានការកើនឡើងរហូតដល់ ៦៦,៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ ដែលចំនួនអ្នកបើកបរហួសល្បឿនកំណត់មានត្រឹមតែ៤៨%ប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពីអង្គការជនពិការអន្តរជាតិ នៅក្នុងសិក្ខាសាលាមួយស្ដីពី ការផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សាអំពី ការត្រួតពិនិត្យល្បឿននៅកម្ពុជាឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា២០១៥នេះ។
បើតាមការស្រាវជ្រាវរវាងឆ្នាំ ២០១០ និងឆ្នាំ ២០១៤ របស់អង្គការជនពិការអន្តរជាតិបានបង្ហាញថា ជាង៥០% នៃអ្នកបើកបរយានជំនិះគ្រប់ប្រភេទ បានបើកបរហួសជាងល្បឿនកំណត់ ជាពិសេសរថយន្តសណ្តោងរ៉ឺម៉ក់ បន្ទាប់មក គឺរថយន្តដឹកអ្នកដំណើរដែលមានតិចជាង ២០កៅអី។
ជាងនេះទៀត អង្គការជនពិការអន្តរជាតិរកឃើញថា អ្នកបើកបរចំនួន ៦១% ស្លាប់ដោយសារការបើកម៉ូតូហួសល្បឿនកំណត់ ហើយអ្នកបើកបរបំពានច្បាប់ចរាចរណ៍ផ្លូវគោក ភាគច្រើន គឺជាមនុស្សពេញវ័យ ដែលមានអាយុចន្លោះពី ១៥ ដល់២៩ឆ្នាំ មានចំនួនជាង ៦៦%។ ក្នុងនោះផងដែរ មានកសិករចំនួន ៣៨% បើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះតែការបើកបរហួសល្បឿនកំណត់។