ភ្នំពេញ៖ អ្នកអង្កេតការណ៍បោះឆ្នោត នៅកម្ពុជា មានប្រសាសន៍ថា បើសិនកងទ័ពចុះឈ្មោះដោយភ័ន្តច្រឡំ គឺស្មើនឹងខុសនីតិវិធី ឬខុសច្បាប់ដែលប្រការនេះ ត្រូវតែលុបឈ្មោះកងទ័ព នោះចេញពីបញ្ជីបោះឆ្នោតទើបការបោះឆ្នោតមានភាពត្រឹមត្រូវ ។
ប៉ុន្ដែប្រការនេះអ្នកនាំពាក្យ គ.ជ.ប បានអះអាងថា ការភ័ន្តច្រឡំនីតិវិធី របស់កងទ័ពនៅក្នុងខេត្ដព្រះវិហារ គឺមិនធ្វើឲ្យប៉ះពាល់ដល់ដំណើការចុះឈ្មោះបោះឆ្នោត ឬ បោះឆ្នោតទេ ។ ចំណែកគណបក្សប្រឆាំងទទូចឱ្យ បន្ដស្វែងរកការពិតបន្ថែមទៀត។ លោក លៀ ស៊ីណា រាយការណ៍ ៖
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានផ្ដល់បទសម្ភាសន៍ខ្លី ឱ្យ វិទ្យុស្ដ្រីFM102 នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៦ ថាគ.ជ.ប បានរកឃើញករណីកងទ័ព នាំគ្នាទៅចុះឈ្មោះដោយខុសនីតិវិធីប្រមាណជា ៩០នាក់ ហើយអ្នកដែលជិះរថយន្ដអង្គភាព កងទ័ព ទៅចុះឈ្មោះបោះឆ្នោតមិនមែន មានតែកងទ័ពនោះទេ ក្នុងនោះក៏មានប្រជាពលរដ្ឋ សុំជិះទៅជាមួយផងដែរ។ លោក ហង្ស ពុទ្ធា បន្ថែមថា ការដែលកងទ័ពទៅចុះឈ្មោះបោះឆ្នោត ដោយភ័ន្តច្រឡំនីតិវិធីនេះ គឺមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើការនៃការ បោះឆ្នោតនោះទេ។
លោក ហង្ស ពុទ្ធា៖«ការរកឃើញនេះវាមិនបានប៉ះពាល់ដល់សិទ្ធិចុះឈ្មោះបោះឆ្នោតរបស់យោធានោះទេ នោះគឺជាការភ័ន្ដច្រឡំ។ អញ្ចឹង គ.ជ.ប គ្រាន់តែមានគោលការណែនាំ ព្រោះថាយោធា ដែលគាត់ទៅចុះឈ្មោះនៅកន្លែងផ្សេងខុសពីកន្លែងគាត់រស់នៅគឺគាត់ចុះឈ្មោះបានតែមួយកន្លែង គឺសំឡេងគាត់នៅតែមួយសម្លេងដដែល»។
ទាក់ទិនករណីនេះ លោក សំ គន្ធាមី នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៍ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា NICFEC មានប្រសាសន៍ថា មិនថាក្រុមណាទេ ឲ្យតែទៅចុះឈ្មោះខុសនីតិវិធី គឺមានន័យថា ខុសច្បាប់ ទោះបីជាភ័ន្តច្រឡំក៏ដោយ គឺត្រូវតែលុបឈ្មោះបុគ្គលនោះចេញពីបញ្ជីបោះឆ្នោតវិញ ។
ទន្ទឹមនឹងការអះអាងរបស់អ្នកនាំពាក្យ គ.ជ.ប ដូចនេះ លោក សំ គន្ធាមី បញ្ជាក់ថា បើមានអ្នកចុះឈ្មោះបោះឆ្នោតកាន់តែច្រើនធ្វើឡើង ដោយខុសនីតិវិធី នឹងបង្កឲ្យមានផលប៉ះពាល់ដល់បញ្ជីបោះឆ្នោត។
លោក សំ គន្ធាមី៖«ខ្ញុំគិតថាត្រូវតែទៅពិនិត្យឡើងវិញ សម្រាប់ចំនួនទាហ៊ាន ឬក៏ប៉ូលីសក៏ដោយដែលចុះឈ្មោះខុសនីតិវិធី យើងត្រូវកែតម្រូវឡើងវិញ ដើម្បីធ្វើឲ្យត្រូវនីតិវិធីឡើងវិញ បានន័យថាមិនអាចចុះឈ្មោះបានទេ ត្រូវលុបឈ្មោះឡើងវិញ»។
តែប្រការនេះលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ក៏បានបញ្ជាក់ដែរថា ថ្វីបើកងទ័ពចុះឈ្មោះ ដោយភ័ន្តច្រឡំនីតិវិធីពិតមែនតែអ្នកទាំងនោះគឺមានឈ្មោះតែមួយកន្លែងតែប៉ុណ្ណោះ។
ចំណែកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គោះជាតិ បានសាទរដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរកឃើញករណីកងទ័ពចុះឈ្មោះបោះឆ្នោត ដោយមិនមានភាពប្រក្រតីដូចនេះ ។ ប៉ុន្ដែលោកបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែបន្ដស្រាវជ្រាវបន្ដទៀត ព្រោះមិនមែនមានអ្នកចុះឈ្មោះដោយខុសនីតិវិធីមានត្រឹមតែ ៩០ នាក់នេះទេ ។ លោកបន្ដថា អ្នកដែលមកចុះឈ្មោះទាំង ៩០ នាក់ដែលជាទាហ៊ាន នោះគឺមានអ្នកខ្លះត្រូវបានបង្ខំឲ្យមកចុះឈ្មោះ។
អ្នកនាំពាក្យបក្សប្រឆាំងបន្ថែមទៀតថា បើសិនមានអ្នកចុះឈ្មោះដោយខុស ឬភ័ន្តច្រឡំនីតិវិធីកាន់តែច្រើន គឺមិនអាចធ្វើឲ្យបញ្ជីបោះឆ្នោត ដែលចេញមកមានភាពសុក្រឹត្យ ឬក៏ត្រឹមត្រូវនោះទេ ។
លោក យឹម សុវណ្ណ៖« ខ្ញុំយល់ឃើញថា ខិតខំស្រាវជ្រាវបន្ដទៅទៀតព្រោះមិនមែនមានតែ ៩០នាក់ទេ គឺមានច្រើនប្រហែលចូលពាន់នាក់ ដែលមិនមានទីលំនៅ នៅទីហ្នឹងគាត់មកចុះឈ្មោះ ហើយមិនមែនមកដោយស្ម័គ្រចិត្តទេ អ្នកខ្លះក៏ស្ម័គ្រចិត្តដែរ អ្នកខ្លះក៏ត្រូវបង្ខំ ហើយបើមកដោយការបង្ខំ គឺវាអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត»។
សូមជម្រាបថាប្រទេសកម្ពុជា នឹងមានព្រឹត្ដិការណ៍សំខាន់ពីរ ក្នុងពេលខាងមុខនេះ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅខែ មិថុនា ឆ្នាំ ២០១៧ និង ការបោះឆ្នោតសភាអាណត្ដិទី ៦ នៅឆ្នាំ ២០១៨ ។ ការបោះឆ្នោតលើកនេះត្រូវបានអ្នកសង្កេតការណ៍ជាតិ និង អន្ដរជាតិ រំពឹងថា នឹងមានភាពសុក្រឹត្យ ជាងមុនព្រោះការចុះឈ្មោះបោះឆ្នោត លើកនេះគឺប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ៕