ភ្នំពេញ៖ គណៈកម្មការបុណ្យសព លោកបណ្ឌិត កែម ឡី និងជាប្រធានអង្គការ បណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ បានឱ្យដឹង ថា យុទ្ធនាការប្រមូលរូបថត លោកបណ្ឌិត កែម ឡី ដែល ចាប់ផ្ដើមពីដើមខែកញ្ញា រហូតថ្ងៃ២៩ខែកញ្ញានេះបានគ្រប់ចំនួនហើយ។
យុទ្ធនាការប្រមូលរូបបថត ១០០សន្លឹកនេះគឺដើម្បី រម្លឹកដល់ការចងចាំពីវីរៈភាពរបស់លោក កែម ឡី ដែលធ្លាប់បានធ្វើការងារជួយដល់សង្គម កាលពីលោកនៅមានជីវិត។ រូបថតទាំងនោះនឹងត្រូវដាក់តាំងនៅក្នុងថ្ងៃបុណ្យ ១០០ ថ្ងៃជូនលោកបណ្ឌិត កែម ឡី ដែលនឹងធ្វើឡើងពេលខាងមុខនេះ។
រយៈពេល ៨១ថ្ងៃហើយដែលខ្មាន់កាំភ្លើង បានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគ បញ្ហាសង្គមដ៏ល្បីល្បាញ កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦។
គណៈកម្មការរៀបចំបុណ្យសព លោកបណ្ឌិត កែម ឡី បានប្រកាសបើកយុទ្ធនាការមួយដើម្បីប្រមូលរូចថត របស់គឺលោកបណ្ឌិត កែម ឡី ដើម្បីរម្លឹកដល់អនុស្សាវរីយ៍ពីសកម្មភាពរបស់លោកកាលនៅរស់។
សមាជិកមួយរូប ក្នុងចំណោមគណៈកម្មការ បុណ្យសពលោកបណ្ឌិត កែម ឡី និង ជាប្រធានអង្គការបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ មានប្រសាសន៍ថា យុទ្ធនាការនេះបានចប់សព្វគ្រប់ ដូចការរំពឹងទុកហើយគឺចំនួន១០០សន្លឹក។
តែទោះជាយ៉ាងណា គណៈកម្មការ នៅតែបន្តប្រមូលរូបថតបន្តទៀត រហូតដល់ថ្ងៃ៣០ខែកញ្ញា ដែលរូថតទាំងនោះ នឹងត្រូវផ្តិតជា៣ទំហំផ្សេងគ្នា អាស្រ័យលើគុណភាពរូបថត ដើម្បីដាក់តាំងក្នុងពិធីបុណ្យ ១០០ថ្ងៃរបស់លោក។
លោក ទឹម ម៉ាឡៃ បន្តថា ការការដាក់តាំងរូបថត សកម្មភាពពេលលោកមានជីវិត ក្នុងពេលបុណ្យសពលោក ក៏នឹង ដាក់តាំងរូបសំណាក់លោក កែម ឡី ដែរ។
គណៈកម្មការបុណ្យសព លោកបណ្ឌិត កែម ឡី ឱ្យដឹងថាពិធីបុណ្យ១០០ថ្ងៃនឹងធ្វើនៅក្នុងរាជធានីភ្នំពេញ។ តែលោកថា មិនទាន់កំណត់ទីតាំងធ្វើនៅ វត្តណាមួយឲ្យបានច្បាស់លាស់នោះទេព្រោះនៅរង់ចាំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
បុណ្យ ១០០ថ្ងៃលោកបណ្ឌិត កែម ឡី នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ខែតុលា៕