en     km
en     km

បទ​យកការណ៍​៖​ហេតុ​អ្វី​បានជា​ ធម៌​បរាភវ​សូត្រ​ គេ​សូត្រ​ នៅ​ពេល​ទាប​ភ្លឺ​?

Share

​ចាប់តាំងពី​វេន​កាន់បិណ្ឌ​ទី​១​ រហូត​មក​ដល់​វេន​កាន់បិណ្ឌ​ទី​ ១៥​ ជា​រៀង​រាល់ពេល​ទាប​ភ្លឺ​ នៅ​តាម​វត្ត​អារាម​នីមួយៗ​ គេ​តែង​ឃើញ​ និង​លឺ​ ព្រះសង្ឃ​ ព្រមទាំង​ពុទ្ធិ​បរិស័ទ​ គ្រប់​វត្ត​អារាម​តែងតែ​សូត្រ​ បរាភវ​សូត្រ​។​ តើ​ធម៌​បរាភវ​សូត្រ​ នេះ​ ផ្តល់​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អ្នក​កាន់​ពុទ្ធសាសនា​ ដូច​ម្តេច​?​

​ហេតុ​អ្វី​បាន​គេ​សូត្រ​ តែ​នៅ​ក្នុងរ​ដូច​ភ្ជំបិណ្ឌ​ និង​នៅ​ពេល​ទាប​ភ្លឺ​?​ តទៅ​នេះ​ សូម​ស្តាប់​ការ​រៀបរាប់​របស់​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​៖

 

monk29​បទ​បរាភវ​សូត្រ​ គឺជា​ធម៌​ និយាយ​ពី​សេចក្តី​វិនាស​ទាំង​១២​ប្រការ​ដែល​ ពុទ្ធបរិស័ទ​ និង​អ្នក​ប្រតិបត្ដិ​ព្រះពុទ្ធ​សាសនា​មិន​គួរ​ប្រព្រឹត្តិ​។​ ធម៌​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​សម័យ​ពុទ្ធកាល​ មក​ម្ល៉េះ​។​ ព្រះពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​សំដែង​នូវ​ ធម៌​បរាភវ​សូត្រ​ ដល់​ពពួក​ទេវតា​ដែល​ចូល​ទៅ​ទូល​សួរ​ព្រះពុទ្ធ​ថា​ អ្វី​ទៅ​ជា​សេចក្តី​វិនាស​?​។​

​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​  មាន​ដំណាល​ថា​ បន្ទាប់​ពី​បាន​ស្តាប់​នូវ​ការ​បកស្រាយ​របស់​ព្រះសម្មាសម្ពុទ្ធ​ អំពី​ហេតុ​ដែល​ នាំ​មក​នូវ​ក្តី​ចំរើន​ ឬ​ មង្គល​ រួច​ហើយ​ ពួក​មនុស្ស​ និង​ ទេវតា​ទាំងឡាយ​ដែល​ធ្លាប់តែ​មានការ​ខ្វែងគំនិត​គ្នា​នោះ​ ក៏​បាន​ស្រុះស្រួល​ ស្រស់ស្រាយ​ នឹង​គ្នា​ឡើង​ ដោយ​ពុំ​មាន​ក្តី​មន្ទិល​ឡើយ​។​ មិនយូរ​ប៉ុន្មាន​ ពួក​គេ​មានគំនិត​មួយ​កើតឡើង​ថា​  ធម្មតា​ក្នុង​លោក​នេះ​រមែង​មាន​សភាវៈ​ជា​គូ​នឹង​គ្នា​ គឺថា​៖​ មាន​ គូ​នឹង​ ក្រ​,​ សុខ​ គូ​នឹង​ ទុក្ខ​ ជាដើម​,​ ហេតុនេះ​ ហេតុ​នៃ​ក្តី​ចំរើន​ត្រូវ​តែ​ជា​គូ​នឹង​ហេតុ​នៃ​ក្តី​វិនាស​។​

​ជា​ទូទៅ​យើង​ឃើញ​ថា​ធម៌​មួយ​ប្រភេទ​នេះ​ ត្រូវ​បាន​ ព្រះពុទ្ធ​ និង​ពុទ្ធបរិស័ទ​នាំ​គ្នា​សូត្រ​ នៅ​ពេល​ទាប​ភ្លឺ​ នៅ​តាម​វត្ត​អារាម​។​

​ព្រះ​តេជគុណ​ ចាន់​ សុជន​ ដែល​គង់នៅ​វត្ត​ចម្ការអណ្តូង​ ខេត្តកំពង់ចាម​ មាន​ថេរ​ដីការ​ពន្យល់​ ការ​ដែល​ពុទ្ធ​សា​និក​ យក​ធម៌​នេះ​មក​សូត្រ​នៅ​ម៉ោង​៤​ ទាប​ភ្លឺ​ ព្រោះ​ពេលវេលា​នេះ​ មាន​មនុស្ស​ម្នា​ទំនេរ​ មិន​ទាន់​មាន​ចេញ​ទៅ​បំពេញការងារ​ ដែល​ពួក​គេ​អាច​ក្រោក​មក​ជួបជុំ​គ្នា​ ដើម្បី​ស្តាប់ធម៌​។​

​ព្រះ​អង្គ​បន្ត​ថា​ ធម៌​នេះ​គឺ​ចង់​អប់រំ​ដល់​មនុស្ស​ឱ្យ​ដឹង​ អំពី​ផ្លូវ​ ឬ​ហេតុ​ដែល​នាំ​នូវ​វិនាស​ហិនហោច​ ដូច​គ្នា​នឹង​ធម៌​មង្គល​ទាំង​៣៨​។​

​ចំណែក​ ព្រះ​ភិក្ខុ​ចារី​ ឈុត​ឈិ​ន​ គង់នៅ​វត្ត​កំផែង​ ខេត្តបាត់ដំបង​ មាន​ថេរៈ​ដីកា​ ពន្យល់​ផង​ដែរ​ថា​ តាម​ពិត​ទៅ​ធម៌​នេះ​ មិន​បាន​ប្រកាន់​ពេលវេលា​ ថា​ ត្រូវ​តែ​សូត្រ​នៅ​ពេល​ភ្ជំបិណ្ឌ​នោះ​ទេ​ ឬ​ពេលវេលា​ទាប​ភ្លឺ​នោះ​ទេ​ ពេល​ណា​ ក៏​គេ​អាច​សូត្រ​ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​និយម​របស់​ពុទ្ធបរិស័ទ​ ដោយសារ​តែ​ពេល​បុណ្យ​ភ្ជុំ​ ជា​ពេលវេលា​ល្អ​ មនុស្ស​ម្នា​ សម្រាក​ពី​ការងារ​ និង​សូត្រ​ឱ្យ​អ្នក​ដែល​បាន​ទៅ​បោះ​បាយបិណ្ឌ​ បាន​ស្តាប់​ផង​។​

​សេចក្តី​វិនាស​ទាំង​១២​ប្រការ​ ដែល​ ព្រះពុទ្ធ​ បាន​ទេសនា​អប់រំ​ដល់​ពុទ្ធបរិស័ទ​មាន​៖

​ទី​ ១​ -​ បុគ្គល​អ្នក​ទ្រុស្ត​ធម៌​ ស្អប់​ធម៌​
​ទី​ ២​ -​ សេពគប់​នឹង​ជន​ជា​អសប្បុរស​
​ទី​ ៣​ -​ កិរិយា​ដេក​,​ និយាយ​,​ ខ្ជិល​,​ ខឹង​ច្រើន​
​ទី​ ៤​ -​ មិន​ចិញ្ចឹម​ មាតាបិតា​
​ទី​ ៥​ -​ ភូត​កុហក​ បោក​បញ្ឆោត​
​ទី​ ៦​ -​ លាក់​អាហារ​ឆ្ងាញ់​ និង​ ធនធាន​
​ទី​ ៧​ -​ ប្រកាន់​ជាតិ​,​ ត្រកូល​,​ ទ្រព្យ​,​ ឋានៈ​ និង​ មិន​រាប់​សាច់ញាតិ​របស់​ខ្លួន​
​ទី​ ៨​ -​ ប្រព្រឹត្ត​ល្បែង​ ៣​ ប្រការ​
​ទី​ ៩​ -​ បុរស​មិន​ត្រេកអរ​ និង​ប្រពន្ធ​ខ្លួន​
​ទី​ ១០​ -​ បុរស​ចាស់​យក​ស្រី​ក្មេង​ធ្វើ​ជា​ភរិយា​
​ទី​ ១១​ -​ ការ​ជ្រើសរើស​យក​ស្ត្រី​ ឬ​បុរស​ដែល​ជា​មនុស្ស​ខ្ជះខ្ជាយ​ធ្វើ​ជា​គូ​កំណាន់​
​ទី​ ១២​ -​ ជន​កើត​ក្នុង​ត្រកូល​ក្សត្រ​ប្រាថ្នា​ចង់​ធ្វើ​ជា​ស្តេច​៕


Share

Image
Image
Image