ចាប់តាំងពីវេនកាន់បិណ្ឌទី១ រហូតមកដល់វេនកាន់បិណ្ឌទី ១៥ ជារៀងរាល់ពេលទាបភ្លឺ នៅតាមវត្តអារាមនីមួយៗ គេតែងឃើញ និងលឺ ព្រះសង្ឃ ព្រមទាំងពុទ្ធិបរិស័ទ គ្រប់វត្តអារាមតែងតែសូត្រ បរាភវសូត្រ។ តើធម៌បរាភវសូត្រ នេះ ផ្តល់ការអប់រំដល់ប្រជាពលរដ្ឋអ្នកកាន់ពុទ្ធសាសនា ដូចម្តេច?
ហេតុអ្វីបានគេសូត្រ តែនៅក្នុងរដូចភ្ជំបិណ្ឌ និងនៅពេលទាបភ្លឺ? តទៅនេះ សូមស្តាប់ការរៀបរាប់របស់កញ្ញា ឆេង ណាតា ដូចតទៅ៖
បទបរាភវសូត្រ គឺជាធម៌ និយាយពីសេចក្តីវិនាសទាំង១២ប្រការដែល ពុទ្ធបរិស័ទ និងអ្នកប្រតិបត្ដិព្រះពុទ្ធសាសនាមិនគួរប្រព្រឹត្តិ។ ធម៌នេះ ត្រូវបានបង្កើតឡើងតាំងពីសម័យពុទ្ធកាល មកម្ល៉េះ។ ព្រះពុទ្ធជាម្ចាស់បានត្រាស់សំដែងនូវ ធម៌បរាភវសូត្រ ដល់ពពួកទេវតាដែលចូលទៅទូលសួរព្រះពុទ្ធថា អ្វីទៅជាសេចក្តីវិនាស?។
នៅក្នុងគម្ពីរសុត្តន្តបិដក មានដំណាលថា បន្ទាប់ពីបានស្តាប់នូវការបកស្រាយរបស់ព្រះសម្មាសម្ពុទ្ធ អំពីហេតុដែល នាំមកនូវក្តីចំរើន ឬ មង្គល រួចហើយ ពួកមនុស្ស និង ទេវតាទាំងឡាយដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ ក៏បានស្រុះស្រួល ស្រស់ស្រាយ នឹងគ្នាឡើង ដោយពុំមានក្តីមន្ទិលឡើយ។ មិនយូរប៉ុន្មាន ពួកគេមានគំនិតមួយកើតឡើងថា ធម្មតាក្នុងលោកនេះរមែងមានសភាវៈជាគូនឹងគ្នា គឺថា៖ មាន គូនឹង ក្រ, សុខ គូនឹង ទុក្ខ ជាដើម, ហេតុនេះ ហេតុនៃក្តីចំរើនត្រូវតែជាគូនឹងហេតុនៃក្តីវិនាស។
ជាទូទៅយើងឃើញថាធម៌មួយប្រភេទនេះ ត្រូវបាន ព្រះពុទ្ធ និងពុទ្ធបរិស័ទនាំគ្នាសូត្រ នៅពេលទាបភ្លឺ នៅតាមវត្តអារាម។
ព្រះតេជគុណ ចាន់ សុជន ដែលគង់នៅវត្តចម្ការអណ្តូង ខេត្តកំពង់ចាម មានថេរដីការពន្យល់ ការដែលពុទ្ធសានិក យកធម៌នេះមកសូត្រនៅម៉ោង៤ ទាបភ្លឺ ព្រោះពេលវេលានេះ មានមនុស្សម្នាទំនេរ មិនទាន់មានចេញទៅបំពេញការងារ ដែលពួកគេអាចក្រោកមកជួបជុំគ្នា ដើម្បីស្តាប់ធម៌។
ព្រះអង្គបន្តថា ធម៌នេះគឺចង់អប់រំដល់មនុស្សឱ្យដឹង អំពីផ្លូវ ឬហេតុដែលនាំនូវវិនាសហិនហោច ដូចគ្នានឹងធម៌មង្គលទាំង៣៨។
ចំណែក ព្រះភិក្ខុចារី ឈុតឈិន គង់នៅវត្តកំផែង ខេត្តបាត់ដំបង មានថេរៈដីកា ពន្យល់ផងដែរថា តាមពិតទៅធម៌នេះ មិនបានប្រកាន់ពេលវេលា ថា ត្រូវតែសូត្រនៅពេលភ្ជំបិណ្ឌនោះទេ ឬពេលវេលាទាបភ្លឺនោះទេ ពេលណា ក៏គេអាចសូត្រ ប៉ុន្តែគ្រាន់តែជាការនិយមរបស់ពុទ្ធបរិស័ទ ដោយសារតែពេលបុណ្យភ្ជុំ ជាពេលវេលាល្អ មនុស្សម្នា សម្រាកពីការងារ និងសូត្រឱ្យអ្នកដែលបានទៅបោះបាយបិណ្ឌ បានស្តាប់ផង។
សេចក្តីវិនាសទាំង១២ប្រការ ដែល ព្រះពុទ្ធ បានទេសនាអប់រំដល់ពុទ្ធបរិស័ទមាន៖
ទី ១ - បុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌
ទី ២ - សេពគប់នឹងជនជាអសប្បុរស
ទី ៣ - កិរិយាដេក, និយាយ, ខ្ជិល, ខឹងច្រើន
ទី ៤ - មិនចិញ្ចឹម មាតាបិតា
ទី ៥ - ភូតកុហក បោកបញ្ឆោត
ទី ៦ - លាក់អាហារឆ្ងាញ់ និង ធនធាន
ទី ៧ - ប្រកាន់ជាតិ, ត្រកូល, ទ្រព្យ, ឋានៈ និង មិនរាប់សាច់ញាតិរបស់ខ្លួន
ទី ៨ - ប្រព្រឹត្តល្បែង ៣ ប្រការ
ទី ៩ - បុរសមិនត្រេកអរ និងប្រពន្ធខ្លួន
ទី ១០ - បុរសចាស់យកស្រីក្មេងធ្វើជាភរិយា
ទី ១១ - ការជ្រើសរើសយកស្ត្រី ឬបុរសដែលជាមនុស្សខ្ជះខ្ជាយធ្វើជាគូកំណាន់
ទី ១២ - ជនកើតក្នុងត្រកូលក្សត្រប្រាថ្នាចង់ធ្វើជាស្តេច៕