en     km
en     km

​វិភាគ​៖​ ជុំវិញ​ទស្សនៈ​ស្ដ្រី​ទៅ​វត្ត​ និង​ធ្វើ​សីល​ច្រើន​ជាង​បុរស​នៅ​រដូវ​បុណ្យកាន់បិណ្ឌ​

Share

ជា​រឿយៗ​ គេ​តែងតែ​ប្រទះ​ឃើញ​ស្រី្ត​ ទៅ​វត្ត​ធ្វើបុណ្យ​ច្រើន​ជាង​បុរស​គឺ​ ទាំង​ថ្ងៃសីល​ធម្មតា​ និង​រដូវ​បុណ្យ​ទាន​ធំៗ​ ពិសេស​ រដូវ​បុណ្យកាន់បិណ្ឌ​។​

​អ្នកជំនាញ​សាសនា​ និង​អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ ពិនិត្យ​ឃើញ​ថា​ ការ​ដែល​ស្ត្រី​ទៅ​កាន់​វត្ត​ច្រើន​ជាង​បុរស​ ទាំង​ថ្ងៃសីល​ធម្មតា​ ឬ​ថ្ងៃ​បុណ្យ​ធំៗ​ក្ដី​ គឺ​កើត​មាន​ច្រើន​ នៅ​រយៈពេល​ ២​ទស​វត្ស​ចុង​ក្រោយ​នេះ​។​ ពួក​គាត់​កត់​សម្គាល់ថា​ ប្រការ​នេះ​ អាច​មក​ពី​កត្តា​ច្រើន​យ៉ាង​។​កញ្ញា ជុំ ជោគជាតា ធ្វើសេចក្ដីរាយការណ៍លម្អិត៖

 

pagodaរយៈពេល​កាន់បិណ្ឌ​ នា​រដូវ​បុណ្យ​ភ្ជុំ​ ពី​បិណ្ឌ​ទី​មួយ​ តរៀង​មក​ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ គេ​សង្កេត​ឃើញ​ ស្ដ្រី​ ជា​ពិសេស​ស្ដ្រី​មេផ្ទះ​  និង​ស្ដ្រី​វ័យ​ជំទង់​ បាន​ទៅ​កាន់​វត្ត​អារាម​ ដោយ​ដៃ​យួរ​ចានស្រាក់​ មាន​ម្ហូបអាហារ​ ចម្អាប​ ផ្លែ​ឈើ​ ទេយ្យទាន​ បាន​ប្រគេន​ព្រះសង្ឃ​ ដោយ​សុំ​មក​វិញ​នូវ​កុសលផល​ បុណ្យ​សម្រាប់​អនាគតជាតិ​ ឬ​ជាតិ​ក្រោយ​។​

​ក្នុង​រដូវ​នេះ​ ស្ដ្រី​ ត្រូវ​បាន​គេ​ពិ​រ​ព័ណ៌នា​ថា​ ជា​មេ​គ្រួសារ​ផង​ ជា​អ្នក​ស្វែងរក​កុសលផល​បុណ្យ​ ត្រឡប់​មក​គ្រួសា​វិញ​ផង​។​

​តាម​រយៈ​សកម្មភាព​របស់​ស្ដ្រី​ ដែល​ភាគច្រើន​ទៅ​កាន់​វត្ត​អារាម​ ច្រើន​ជាង​បុរស​នោះ​ ត្រូវ​បាន​អ្នកវិភាគ​បញ្ហា​សង្គម​ និង​កិច្ចការ​សាសនា​ រក​ឃើញ​ថា​ មាន​ហេតុផល​ច្រើន​ ដែល​បណ្ដាល​នាំ​ចិត្ត​ស្ដ្រី​ព្យាយាម​ទៅ​កាន់​វត្ត​អារាម​ ច្រើន​ជាង​បុរស​។​

​ករណី​នេះ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ យល់​ថា​នេះ​ ដោយសារ​តែ​បុរស​ ជា​មេ​គ្រួសារ​ មានការ​ងារ​ខាងក្រៅ​ ដែល​ទទួលខុសត្រូវ​ច្រើន​ជាង​ការងារ​ផ្ទះ​ ទើប​ពេល​ខ្លះ​បានជា​ឃើញ​ថា​ស្ដ្រី​មាន​ពេល​ធ្វើ​បាយ​សម្ល​ទៅ​វត្ត​ ច្រើន​ជាង​បុរស​ ឬ​មួយទៀត​អាច​និយាយ​បាន​ថា​ បុរស​ រវល់​និង​ការងារ​ប្រកួតប្រជែង​ ខាងក្រៅ​ច្រើន​ជាង​មនុស្ស​ស្រី​។​

​លោក​ មាស​ នី​ ៖«​រឿង​បញ្ហា​ស្ដ្រី​ទៅ​វត្ត​នេះ​ គឺ​ ជា​ធម្មតា​ ពី​ដើម​ មក​យើង​ឃើញ​ថា​ ស្ដ្រី​ ហើយ​និង​បុរស​ កាលណា​គេ​ទៅ​វត្ត​ គេ​ច្រើន​ទៅ​ទាំង​គ្រួសារ​។​ ប៉ុន្ដែ​ដោយ​ សារ​ឥលូវ​នេះ​ ហាក់ដូចជា​ មាន​ទំនោរ​មួយ​ពី​ធម្មជាតិ​ ដោយសារ​តែ​មនុស្ស​ ដូច​ថា​ ជីវិត​មានការ​ប្រណាំងប្រជែង​គ្នា​ ចឹ​ង​យើង​ឃើញ​ថា​ ប្រុសៗ​រវល់​ធ្វើការ​ជាប់​រហូត​»​។​

​យ៉ាងណា​ក៏​ដោយ​ លោក​សង្កេត​ឃើញ​បុរស​ដែល​មិនសូវ​ទៅ​វត្ត​នា​រដូវ​កាន់បិណ្ឌ​ច្រើន​ ដូច​ស្ត្រី​ គឺ​មាន​រយៈពេល​២​ទស​វត្ស​មកនេះ​។​ តែ​លោក​ថា​នៅ​សង្គមចាស់​ បុរស​បាន​ទៅ​វត្ត​ច្រើន​ដូច​ស្ត្រី​ដែរ​។​

woman28មិន​ខុស​ពី​គ្នា​ប៉ុន្មាន​ពី​លោក​ បណ្ឌិត​ មាស​ នី​  លោកស្រី​ ជា​  វ​ណ្ណាត​ ពន្យល់​ថា​ បញ្ហា​នេះ​ក៏​មក​ពី​ពេលវេលា​ និង​ការ​ទទួលខុសត្រូវ​របស់​ស្ដ្រី​ ដែល​ផ្សា​ភ្ជាប់​ទៅ​នឹង​ការងារ​ជា​មេ​គ្រួសារ​ ជា​អ្នក​ថែទាំ​កូនចៅ​ ។​ លោក​ថា​ ស្ត្រី​ទៅ​វត្ត​ គឺ​មិន​មាន​អ្វី​ក្រៅពី​ឧទិស​កុសល​ ឱ្យ​គ្រួ​សារបាន​សេចក្ដីសុខ​ ចម្រើន​ ទៅ​មុខ​ទៀត​។​

​លោកស្រី​ ជា​ វ​ណ្ណាត​ ៖​ «​មាន​មូលហេតុ​ផ្សេៗ​ច្រើន​ ដូច​ថា​ ស្ដ្រី​ជា​អ្នក​ចង្ក្រាន​ ជើង​ឆ្នាំង​  សម្រាប់​ធ្វើ​ម្ហូប​ ធ្វើ​អាហារ​ ម្ល៉ោះហើយ​នៅ​ក្នុង​ន័យ​ហ្នឹង​ ក៏​មានគំនិត​ច្រើន​ គិតគូរ​ បុណ្យ​ទាន​ ហើយ​ម្យ៉ាងទៀត​ បុរស​ច្រើន​តែ​ធ្វើការ​កន្លែង​សុំ​ច្បាប់​ …»​។​

​ការ​ដែល​ ស្ត្រី​ទៅ​កាន់បិណ្ឌ​នៅ​វត្ត​ច្រើន​ជាង​បុរស​ នា​ពេល​ បច្ចុប្បន្ន​នេះ​ ក៏​មក​ពី​ស្ត្រី​ជា​មេផ្ទះ​ ប្រាថ្នា​ចង់ឱ្យ​ប្ដី​ ដែល​មានចិត្ត​កាច​ឱ្យ​ស្លូតបូត​វិញ​ ពោល​គឺ​ឱ្យ​ប្ដី​ ជម្រះ​បាបកម្ម​ និង​ឱ្យ​ប្ដី​ ទទួលផល​បុណ្យ​ល្អ​មក​វិញ​។​

​លោក​ ប៉ាន់​ សា​រ៉ុ​ម​ ជា​ អាចារ្យ​ ម្នាក់​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​បកស្រាយ​ថា​ ហេតុផល​ដែល​ឃើញ​មាន​មនុស្ស​ស្រី​ទៅ​វត្ត​ច្រើន​ ជាង​មនុស្ស​ប្រុស​ ដោយសារ​តែ​ភាវៈ​ នៃ​ចិត្ត​របស់​មនុស្ស​ស្រី​ មាន​មេត្តាករុណា​ និង​ភាព​ទន់ភ្លន់​ ច្រើន​ជាង​មនុស្ស​ប្រុស​។​

​លោក​ ប៉ាន់​ សា​រ៉ុ​ម​៖​ «​ប្រុសៗ​តែងតែ​មានទោសៈ​ មោហៈ​  ចឹ​ង​ប្រពន្ធ​ធ្វើ​កុសលផល​បុណ្យ​ឱ្យ​ប្ដី​ បាត់​       ទោសៈ​ មោហៈ​ …»​។​

​តាម​ លោក​អាចារ្យ​ ប៉ាន់​ សា​រ៉ុ​ម​ ជា​ទូទៅ​បុរស​នៅ​ជនបទ​ និង​នៅ​ទីក្រុង​ គឺ​ រវល់​និង​ការ​រក​ទទួលទាន​ខាងក្រៅ​ ចំណែក​ស្ដ្រី​មាន​ភារៈ​ មើលថែ​ទាំ​កូន​ និង​រៀបចំ​ម្ហូបអាហារ​ ជូន​ដល់​ស្វាមី​ និង​ក្រុម​គ្រួសារ​ ដែល​ជា​ទំលាប់​ ចង​ភ្ជាប់​តាំងពី​យូរលង់​ណាស់​មក​ហើយ​នោះ​ ។​

​តែបើ​តាម​លោក​បណ្ឌិត​ មាស​ នី​ មិន​ត្រឹមតែ​បុរស​ មាន​វត្តមាន​ នៅ​វត្ត​អារាម​តិច​ជាង​មនុស្ស​ស្រី​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ឆ្នាំ​នេះ​  លោក​សង្កេត​ឃើញ​ដែរ​ថា​ អ្នក​ដែល​ទៅ​វត្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុនៗ​។​

​យ៉ាងណា​ក៏​ដោយ​ គឺ​រៀង​រាល់​ឆ្នាំ​ គេ​សង្កេត​ឃើញ​ថ្ងៃ​ចុង​ក្រោយ​នៃ​ថ្ងៃ​កាន់បិណ្ឌ​ ឬ​ហៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ គឺ​ទាំង​បុរស​ និង​ស្ដ្រី​តែងតែបាន​មូល​មីរ​គ្នា​ ទៅ​កាន់​វត្ត​អារាម​ ទោះ​នៅ​ក្នុងភូមិ​របស់​ខ្លួន​ក្ដី​ ឬ​នៅ​ទី​ឆ្ងាយ​ក្ដី​ ដើម្បី​ជា​ការ​បង្ហាញ​នូវ​ការ​គោរព​ស្រឡាញ់​ ពិធីបុណ្យ​ប្រពៃណី​ របស់​ខ្លួន​៕

Share

Image
Image
Image