ភ្នំពេញ៖ របាយការណ៍សិក្សាស្រាវជ្រាវថ្នាក់ជាតិស្តីពីសុខភាព និង បទពិសោធក្នុងជីវិតរបស់ស្ត្រីក្នុងប្រទេសកម្ពុជា ឆ្នាំ ២០១៥ បានបង្ហាញថា ស្ត្រីរងគ្រោះដោយអំពើរហិង្សាផ្លូវភេទពីដៃគូជិតស្និទ្ធមាន ៧៦% គឺមានកំរិតធ្ងន់ធ្ងរ។ ករណីនេះអ្នកជំនាញថា ស្ត្រីដែលរងគ្រោះត្រូវតែរកសេវាព្យាបាល ឬ ប្រឹក្សាយោបល់។ ការលើកឡើងនេះនៅក្នុងកម្មវិធីការផ្តល់សេវាប្រឹក្សា និងការព្យាបាលគ្រប់ជ្រុងជ្រោយព្រមទាំងការគាំទ្រសេវាសំខាន់ៗផ្សេងទៀត សម្រាប់ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងយេនឌ័រ នៅថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងកម្មវិធីនេះ លោកស្រី ឡេង មុនីភាព ប្រធានាយកដ្ឋានស្ត្រី និង សុខភាពនៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា របាយការណ៍និយាយពីការសិក្សាស្រាវជ្រាវថ្នាក់ជាតិស្តីពីសុខភាព និងបទពិសោធក្នុងជីវិតរបស់ស្ត្រីក្នុងប្រទេសកម្ពុជា របស់ក្រសួងកិច្ចការនារីក្នុងឆ្នាំ ២០១៥ បានបញ្ហាថា ភាគច្រើនលើសលុបនៃអំពើហិង្សាស្ត្រីទទួលរងត្រូវបានប្រព្រឹត្តដោយបុរស ជាដៃគូជិតស្និទ្ធរបស់ស្ត្រី។ អំពើហិង្សានេះកើតឡើងជាញឹកញាប់ និងមានសភាពធ្ងន់ធ្ងរ។
លោកស្រីបន្តថា ក្នុងនោះស្ត្រីរងគ្រោះដោយអំពើហិង្សាផ្លូវភេទពីដៃគូជិតស្និទ្ធមានចំនួន ៧៦% មានកំរិតធ្ងន់។ លោកស្រី ឡេង មុនីភាព ៖ «អំពើរហិង្សាពេញមួយជីវិតបើគិតកំរិតធ្ងន់មានរហូតទៅដល់ ៧៦% ច្រើនមែនទែន តែបើនិយាយ ១២ខែ ក្នុងនោះមានរហូតដល់ ៨០% ហើយ ២០% ផ្សេងទៀតស្ថិតក្នុងកំរិតមធ្យមទៀត ។ អំពើហិង្សាពេលនេះកើតឡើងភាគច្រើនសុទ្ធតែធ្ងន់»។
អ្នកជំនាញគឺលោកស្រី សេក ស៊ីសុខុម ប្រធានកម្មវិធីសុខភាពយុវវ័យប្រចាំអង្គការរ៉ាក់មានប្រសាសន៍ថា ស្រីខ្មែរភាគច្រើនមានការខ្មាស់អៀន មិនហ៊ានប្រាប់អ្នកដទៃ ទាំងស្រី្តមានសា្វមី និង ស្ត្រីដែលរងការបង្ខិតបង្ខំ។
អ្នកស្រីបានពន្យល់ពីហិង្សាផ្លូវភេទថា ទោះបីជាប្តីប្រពន្ធក៏ដោយ ឲ្យតែការរួមដំណេកមិនស្ម័គ្រចិត្ត គឺជាអំពើហិង្សា។ អ្នកស្រីថា ប្រការដែលស្ត្រីមិនព្រមរត់ទៅរកសេវាពិគ្រោះ គឺអាចប្រឈមបញ្ហាជាច្រើនដូចជា សុខភាព ឬ ប្រឈម និងជំងឺផ្សេងៗ ហើយវាអាចធ្វើប៉ះពាល់ដល់អាយុជីវិតផងដែរ។ លោកស្រី សេក ស៊ីសុខុម ៖«យើងអាចជួយពួកគាត់ ឲ្យគាត់វិលមកភាពធម្មតាវិញ គឺនៅពេលនេះពួកគាត់ត្រូវតែរួសរាន់មករកសេវាព្យាបាលពិគ្រោះយោបល់ ទាំងផ្លូវចិត្ត និងផ្លូវកាយ ដើម្បីផ្តល់ឲ្យពួកគាត់មានសុខមាលភាពមកវិញ»។
ក្នុងកម្មវិធីការផ្តល់សេវាប្រឹក្សា និង ការព្យាបាលគ្រប់ជ្រុងជ្រោយព្រមទាំងការគាំទ្រសេវាសំខាន់ៗផ្សេងទៀត សម្រាប់ជនរងគ្រោះដោយអំពើរហិង្សារផ្លូវភេទ និងយេនឌ័រ មានអ្នកចូលរួមកមពីតំណាងអង្គការសង្គមស៊ីវិល ក្រសួងស្ថាប័នពាក់ព័ន្ធប្រមាណ ៣០ នាក់៕