ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ចំណុច ដើម្បីលើកស្ទួយវិស័យកសិកម្ម ឱ្យបានគ្រប់ជ្រុងជ្រោយ និងរិះរកវិធានការទាំងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកសិកម្ម កម្ពុជា មានភាពល្អប្រសើរទ្បើងវិញ។
ការដាក់ចេញនូវយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ខណៈប្រជាកសិករ នៅខេត្តបាត់ដំបង ប្រមាណជា ៥០០ នាក់ បានដឹកស្រូវរបស់ពួកគេទៅចាក់បិទផ្លូវជាតិ លេខ ៥ ដោយសារតម្លៃ ស្រូវរបស់ពួកគេធ្លាក់ថ្លៃ។ លោក ជួន សារ៉េត រាយការណ៍៖
យុទ្ធសាស្ត្រទាំង៥នេះរួមមាន៖ បន្តតាមដានការអនុវត្តវិធានការដែលបានដាក់ចេញ កន្លងមក ពាក់ព័ន្ធនឹងការលើកកម្ពស់តម្លៃ ស្រូវ អង្ករ តាមរយៈការទម្លាក់កញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ចំនួន២៧លានដុល្លារអាមេរិក។ ទីពីរ ពង្រឹងនីតិវិធីនៃនាំចូលផលិតផលកសិកម្ម ពីប្រទេសជិតខាង។ទីបី ផ្សព្វផ្សាយព័ត៌មានទីផ្សារដល់កសិករ។ ទីបួន សហការជាមួយដៃគូ អភិវឌ្ឍន៍ ដើម្បីពន្លឿនគម្រោងអភិវឌ្ឍ ឃ្លាំងស្តុក និងទ្បសម្ងួត និងទីប្រាំ សម្របសម្រួល និងចរចាជាមួយប្រទេសដៃគូពាណិជ្ជកម្ម ដើម្បីនាំចេញអង្ករ ឬផលិតផលកសិកម្ម។
យុទ្ធសាស្ត្រ៥ចំនុចនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃទី ២៧ ខែកញ្ញា ម្សិលមិញនេះ។
ឆ្លើយតបនឹងផែនការរបស់រដ្ឋាភិបាលនេះដែរ បណ្ឌិតសេដ្ឋកិច្ច និងជាមន្ត្រីផ្នែកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រី នៅថ្ងៃទី២៨ ខែកញ្ញានេះថា យុទ្ធសាស្ត្រដែលរដ្ឋាភិបាលបានដាក់ចេញនេះ គឺជារឿងល្អប្រសើរ ប៉ុន្តែនៅមានចន្លោះខ្វះខាតមួយចំនួនទៀត ដែលរដ្ឋាភិបាលត្រូវគិតគូរបន្តែមទៀត។
លោក បន្តថាយុទ្ធសាស្ត្រនេះ គ្រាន់តែជួយឱ្យផលិតកម្ម របស់កសិកម្មអាចប្រសើរ ប៉ុន្តែវាមិនមានឥទ្ធិពលខ្លាំងនោះទេ ព្រោះការដាក់ចេញនូវផែនការនេះមិនត្រូវនឹង បញ្ហា។
លោកសង្កេតឃើញថាបញ្ហារបស់កសិករ គឺខ្វះលទ្ធភាពក្នុងការ រកតថ្លៃនៅទីផ្សារ មានន័យថាទីផ្សាររបស់កសិករ គឺនៅខ្សោយ ទោះបីជារាជរដ្ឋាភិបាល បិទទំនិញកសិកម្ម ពីក្រៅប្រទេសមិនឱ្យចូលក៏ដោយ ក៏ កសិករនៅតែជួបបញ្ហាប្រឈមក្នុងការលក់ចេញ។
លោក គី សេរីវឌ្ឍន៍ ផ្តល់អនុសាសន៍បន្ថែមថា «រដ្ឋាភិបាលត្រូវរិះរកវិធានការបែបណាដើម្បីឱ្យកសិករ ចូលជាសហគមន៍ ដោយគ្រប់គ្រងដោយរដ្ឋាភិបាល ហើយការគ្រប់គ្រងនេះត្រូវមានភាពយុត្តិធម៌ ដើម្បីឱ្យកសិករឃើញថាមានភាពស្មើគ្នានៅក្នុងសង្គម អញ្ចឹងកសិករនឹងចូលរួមហើយ អញ្ចឹងយើងបានចំណេញ ទី០១ យើងបានថ្លៃដើមទាប ទី០២ លទ្ធភាពផ្គត់ផ្គង់ធំ ទី០៣ គឺលទ្ធភាពអំណាចនៅក្នុងទីផ្សារ គឺកសិករខ្ពស់»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងដែរថា កិច្ចប្រជុំដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមក្រសួងពាក់ព័ន្ធដែលបានចូលរួមប្រជុំនោះ បានកំណត់ឬសគល់នៃបញ្ហា ដែលបណ្តាលឱ្យតម្លៃស្រូវធ្លាក់ចុះ។
ឬសគល់នៃបញ្ហារួមមាន៖ ការមិនសូវចូលមកទិញស្រូវពីឈ្មួញ នៃប្រទេសជិតខាង ដូចឆ្នាំមុនៗ ក្នុងនោះ ប្រទេសវៀតណាមរងសម្ពាធនៃការផ្គត់ផ្គង់លើស ដោយសារការថយចុះជាងមុននៃការនាំអង្ករចេញរបស់វៀតណាម (ធ្លាក់ចុះ ៣២ % សម្រាប់ ៦ ខែ ឆ្នាំ២០១៦ ) ។
ចំនុចមួយទៀតគឺការផ្លាស់ប្តូរ និន្នាការនៃការដាំដុះ របស់ប្រជាកសិករនៅកម្ពុជា ពីអ៊ីអ៊ែរ ៥០៤ មកស្រូវសែនក្រអូបដែលធ្លាប់បានតម្លៃខ្ពស់ជាង ការបញ្ជាទិញតិចពីទីផ្សារនាំចេញរបស់កម្ពុជា ភាពមានកម្រិតនៃសមត្ថភាព របស់រោងម៉ាស៊ីនកិនស្រូវកម្ពុជា ទាំងទុនបង្វិល និងឃ្លាំងស្តុក/ ទ្បសម្ងួត ជាដើម។