ភ្នំពេញ៖ អ្នកវិភាគបង្ហាញការយល់ឃើញថា ស្ដ្រីគឺជាផ្នែកមួយនៃឆ្អឹងខ្នងគ្រួសារ ដែលពួកគេអាចបញ្ចៀសនូវវិបត្ដិផ្សេងៗ ដូចជា បញ្ចៀសកុំឲ្យមានបញ្ហាហិរញ្ញវត្ថុ ការអប់រំកូន ការថែរក្សាទ្រព្យសម្បត្ដិក្នុងផ្ទះ និងកិច្ចការមួយចំនួនទៀត។
ភារៈទាំងនេះហើយ បានជាស្ត្រីត្រូវតស៊ូដើម្បីជីវិតគ្រួសារដែលងាយរងគ្រោះ និង ឈឺចាប់ធ្ងន់ធ្ងរជាងបុរស។
ការយល់ឃើញនេះ បន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបញ្ចេញរបាយការណ៍កាលថ្ងៃទី ២៧ ខែកញ្ញា ថា ជម្លោះដីធ្លីនៅកម្ពុជាបានបង្កឲ្យស្ត្រី ៩៨ ភាគរយ មានបញ្ហាសុខភាពផ្លូវចិត្ត និង៤៦ភាគរយ ធ្លាប់បានគិតពីការធ្វើអត្តឃាត និង ១៨ ភាគរយទៀត ធ្លាប់ប៉ងសម្លាប់ខ្លួន។ ប្រការនេះបញ្ជាក់ថាស្ត្រីជាអ្នកឈានមុខគេដើម្បីយុត្តិធម៌ទាំងសង្គម និង គ្រួសារ។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាអ្នកចងក្រងរបាយការណ៍នេះ បានឲ្យវិទ្យុស្ដ្រី FM102 ដឹងនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៦ ថា ជាទូទៅបញ្ហាដីធ្លីកើតមានទៅលើទាំងស្ត្រីទាំងបុរស តែបើគិតពីបញ្ហាប្រឈម គឺស្ដ្រីរងគ្រោះខ្លាំងជាងបុរស។
លោកស្រីបន្ដថា ផលប៉ះពាល់ដែលតើកមានចំពោះស្ដ្រីខ្លាំងដូចនេះ ដោយសារស្ត្រីជាអ្នកថែទាំងកូន និងមើលការខុសត្រូវប្រចាំថ្ងៃក្នុងគ្រួសារច្រើនជាងបុរស។ ប្រការនេះ លោកស្រីស្នើឲ្យអាជ្ញាធរធ្វើការសិក្សាឲ្យបានច្បាស់ ពីផលប៉ះពាល់មុនពេលដែលសម្រេចធ្វើការអភិវឌ្ឍន៍អ្វីមួយ ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ។ លោក ស្រី ចក់ សុភាព៖«យើងទទូចម្ដងទៀត ធ្វើយ៉ាងម៉េចធ្វើការវាយតម្លៃឲ្យបានច្បាស់លាស់មុននឹងតម្រូវឲ្យមានការបណ្ដេញ ដែលជាចំបាច់សម្រាប់ការអភិវឌ្ឍន៍ ត្រូវសងសំណងឲ្យត្រឹមត្រូវទៅកាន់សហគមន៍ដែលរងផលប៉ះពាល់»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា របាយការណ៍នេះគឺធ្វើឡើងក្រោយពីការស្ទង់មតិទៅលើស្ដ្រី ៦១២ នាក់ ដែលរងគ្រោះដោយសារជម្លោះដីធ្លី ចាប់តាំងពីខែ ឧសភា ដល់ខែ មិថុនា ឆ្នាំ ២០១៦ នៅក្នុងសហគមន៍ចំនួន ២២ ក្នុងខេត្ដចំនួន ១២ និងរាជធានីភ្នំពេញ ។
លោកស្រី ធីតា ឃិះ នាយិកាអង្គការសីលកា ដែលធ្វើការងារលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ក៏ទទួលស្គាល់ ពីភាពត្រឹមត្រូវរបស់របាយ ការណ៍នេះផងដែរ។ លោកស្រីយល់ថា ស្ដ្រីមានភារៈជាប់ខ្លួនជុំជិត ព្រោះស្ដ្រីត្រូវរក្សាទ្រព្យក្នុងផ្ទះ មើលថែកូន អប់រំកូន ក៏ដូចជាកិច្ចការយ៉ាង ច្រើនក្នុងមួយថ្ងៃៗ គឺមានការគិតអនាគតកូនច្រើនជាងប្ដី ដែលបញ្ហាដូចនេះ គឺត្រូវស្ត្រីជាមេគ្រួសារបារម្ភខ្លាំងណាស់។
លោកស្រីបន្តថា បច្ចុប្បន្នអ្នករងគ្រោះពីបញ្ហាដីធ្លីមានចំនួនកាន់តែច្រើន ហើយអ្នកជំនាញផ្ដល់ប្រឹក្សាមានចំនួនតិចនៅឡើយ ហើយជាងនេះទៀត រាល់ពេលមានបញ្ហាគឺអ្នករងគ្រោះជាស្ដ្រី ដែលពួកគេមិនដឹងថា ទៅរកជំនួយនៅឯណានោះទេ ដែលករណីនេះស្ត្រីត្រូវតែប្ដេជ្ញាជាងបុរសដើម្បីអនាគតគ្រួសារ ។ លោកស្រី ធីតា ឃិះ៖«ពេលធ្វើផែនការសុំឲ្យពិគ្រោះយោបល់ជាមួយនឹងសហគមន៍មូលដ្ឋាន ជាមួយផ្ទះអ្នកដែលប៉ះពាល់ កុំឲ្យដល់ពេលហើយទៅ ទៅយកដីធ្លីរបស់គាត់ទាំងដែលមិនបានពិគ្រោះយោបល់ជាមួយគាត់»។
ដូចគ្នានេះដែរ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថា របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានផ្សព្វផ្សាយនេះ គឺមិនខុសនោះទេ។ លោក បញ្ជាក់ថា បើតាមការស្រាវជ្រាវរបស់លោក គឺស្ត្រីនាពេលបច្ចុប្បន្ននេះ បានចេញមុខខ្លាំងក្លាច្រើនជាងបុរស ក្នុងការតស៊ូដើម្បីសិទ្ធិរបស់គ្រួសារ ដែលកត្តានេះនាំឱ្យស្ត្រីងាយរងគ្រោះ ហើយការតស៊ូរបស់ស្ត្រីក៏ងាយទទួលបានដំណោះស្រាយដែរ ព្រោះភាគីពាក់ព័ន្ធមិនចង់ប្រើហិង្សាដែរ។
តែយ៉ាងណាក៏ដោយលោកគិតថា បើស្រី្តរងគ្រោះកាន់តែធ្ងន់ធ្ងរ គឺសង្គមមិនល្អ មិនមានកិត្តិយសទេ។ លោកថា ដើម្បីឱ្យវិបត្តិសង្គមថយចុះ ជាពិសេសករណីជម្លោះដីធ្លី គឺតុលាការរបស់ប្រទេសត្រូវតែមានគោលការណ៍យុត្តិធម៌ជួយអ្នកទន់ខ្សោយ ហើយបើធ្វើបានគឺស្ត្រីនឹងមិនមានចំនួនច្រើន ធ្លាក់ខ្លួនជាជនរងគ្រោះនោះទេ។ លោកបណ្ឌិត មាស នី៖«ជាធម្មតាបើរដ្ឋាភិបាលគិតអំពីយុត្ដិធម៌ សង្គមគឺធ្វើម៉េចផ្ដល់យុត្ដិធម៌ឲ្យពួកគាត់ឲ្យបានគ្រប់គ្រាន់ទៅ យើងគិតថា ដំណោះស្រាយហ្នឹងវានឹងកើតមានហើយ ហើយពិសេសតុលាការឯករាជ្យនេះ ក៏ជារឿងសំខាន់ដែរ ព្រោះតែការខ្វះឯករាជ្យរបស់តុលាការ ហើយពេលខ្លះតុលាការក៏ត្រូវរងឥទ្ធិពលពីអ្នកមានលុយមានអំណាចដែលធ្វើឲ្យ ការផ្ដល់យុត្ដិធម៌សង្គមមិនបានពេញ លេញ»។
បើតាមសេចរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺ៣ ភាគ ៤ នៃស្ត្រី (៧៨.៩%) ពាក់ព័ន្ធនឹងជម្លោះដីធ្លី មានអារម្មណ៍ថា ការកាន់កាប់ដីធ្លីគ្មានសុវត្ថិភាព។ ១ ភាគ ៤ ស្មើនឹង(២៤.៤%) ត្រូវបានបណ្តេញចេញដោយបង្ខំ។
កាលពីចុងឆ្នាំ ២០១៥ ស្ត្រី ២ នាក់ជាកសិករនៅខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តនេះ ចាប់ឃុំខ្លួន បន្ទាប់ពីពួកគាត់ដឹកនាំសហគមន៍ តវ៉ាករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយនៅក្នុងតំបន់ ដែលបានរឹបអូសដីធ្លីពួកគាត់ ។ ប៉ុន្តែ មួយថ្ងៃក្រោយមក ត្រូវបានដោះលែងវិញ ដោយសារប្រមុខរដ្ឋាភិបាល ចេញអន្តរាគមន៍សុំនៅក្រៅឃុំ ។ មិនមានតែស្ត្រី ២ នាក់ទេ ដឹកនាំតស៊ូដើម្បីសហគមន៍ករណីជម្លោះដីធ្លី។
ស្ត្រីសហគមន៍ជាច្រើនទៀត ដូចជា សហគមន៍ ឡពាង ខេត្តកំពង់ឆ្នាំង ថ្មគោ SOS រថភ្លើង បុរីកីឡា បឹងកក់ សហគមន៍ ខេត្តក្រចេះ ព្រះវិហារ បានក្លាយជាអ្នកឈានមុខគេក្នុងការតស៊ូដើម្បីគ្រួសារ ហើយអ្នកខ្លះត្រូវបានឃុំខ្លួនមួយរយៈទៀតផង៕