en     km
en     km

​អ្នកវិភាគ​ ៖​ CCHR​ ថា​ស្ត្រី​ជិត​ ១០០%​ ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ករណី​ដីធ្លី​គឺ​ត្រឹមត្រូវ​ ព្រោះ​ស្ត្រី​ជា​អ្នកតស៊ូ​ដើម្បី​យុត្តិធម៌​គ្រួសារ​🔊

Share

ភ្នំពេញ៖ ​អ្នកវិភាគ​បង្ហាញ​ការ​យល់​ឃើញ​ថា​ ស្ដ្រី​គឺជា​ផ្នែក​មួយ​នៃ​ឆ្អឹងខ្នង​គ្រួសារ​ ដែល​ពួក​គេ​អាច​បញ្ចៀស​នូវ​វិបត្ដិ​ផ្សេងៗ​ ដូច​ជា​ បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ការ​អប់រំ​កូន​ ការ​ថែរក្សា​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​ និង​កិច្ចការ​មួយ​ចំនួន​ទៀត​។​

ភារៈ​ទាំងនេះ​ហើយ​ បានជា​ស្ត្រី​ត្រូវ​តស៊ូ​ដើម្បី​ជីវិត​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​ និង​ ឈឺចាប់​ធ្ងន់ធ្ងរ​ជាង​បុរស​។​

​ការ​យល់​ឃើញ​នេះ​ បន្ទាប់​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ បាន​បញ្ចេញ​របាយការណ៍​កាល​ថ្ងៃ​ទី​ ២៧​ ខែកញ្ញា​ ថា​ ជម្លោះដីធ្លី​នៅ​កម្ពុជា​បាន​បង្ក​ឲ្យ​ស្ត្រី​ ៩៨​ ភាគរយ​ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ និង​៤៦​ភាគរយ​ ធ្លាប់​បាន​គិត​ពី​ការ​ធ្វើ​អត្តឃាត​ និង​ ១៨​ ភាគរយ​ទៀត​ ធ្លាប់​ប៉ង​សម្លាប់​ខ្លួន​។​ ប្រការ​នេះ​បញ្ជាក់​ថា​ស្ត្រី​ជា​អ្នក​ឈានមុខ​គេ​ដើម្បី​យុត្តិធម៌​ទាំង​សង្គម​ និង​ គ្រួសារ​។​

 

អាជ្ញាធរព្យាយាមរារាំងស្រ្តីសហគមន៍បឹងកក់មិនឱ្យដាក់ញាតិនៅស្ថានទូតអាមេរិក។រូបភាពWMC
អាជ្ញាធរព្យាយាមរារាំងស្រ្តីសហគមន៍បឹងកក់មិនឱ្យដាក់ញាតិនៅស្ថានទូតអាមេរិក។រូបភាពWMC

​លោកស្រី​ ចក់​ សុភាព​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​អ្នក​ចងក្រង​របាយការណ៍​នេះ​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ FM102​ ដឹង​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ ថា​ ជា​ទូទៅ​បញ្ហា​ដីធ្លី​កើត​មាន​ទៅ​លើ​ទាំង​ស្ត្រី​ទាំង​បុរស​ តែបើ​គិត​ពី​បញ្ហា​ប្រឈម​ គឺ​ស្ដ្រី​រង​គ្រោះ​ខ្លាំង​ជាង​បុរស​។​

​លោកស្រី​បន្ដ​ថា​ ផល​ប៉ះពាល់​ដែល​តើក​មាន​ចំពោះ​ស្ដ្រី​ខ្លាំង​ដូចនេះ​ ដោយសារ​ស្ត្រី​ជា​អ្នក​ថែ​ទាំង​កូន​ និង​មើល​ការ​ខុស​ត្រូវ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​ច្រើន​ជាង​បុរស​។​ ប្រការ​នេះ​ លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើការ​សិក្សា​ឲ្យ​បាន​ច្បាស់​ ពី​ផល​ប៉ះពាល់​មុន​ពេល​ដែល​សម្រេច​ធ្វើការ​អភិវឌ្ឍន៍​អ្វីមួយ​ ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​។​ លោក​ ស្រី​ ចក់​ សុភាព​៖«​យើង​ទទូច​ម្ដងទៀត​ ធ្វើ​យ៉ាងម៉េច​ធ្វើការ​វាយតម្លៃ​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​តម្រូវ​ឲ្យ​មានការ​បណ្ដេញ​ ដែល​ជា​ចំ​បាច់​សម្រាប់​ការ​អភិវឌ្ឍន៍​ ត្រូវ​សង​សំណង​ឲ្យ​ត្រឹមត្រូវ​ទៅ​កាន់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​»​។​

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ របាយការណ៍​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ស្ទង់​មតិ​ទៅ​លើ​ស្ដ្រី​ ៦១២​ នាក់​ ដែល​រង​គ្រោះ​ដោយសារ​ជម្លោះដីធ្លី​ ចាប់តាំងពី​ខែ​ ឧសភា​ ដល់​ខែ​ មិថុនា​ ឆ្នាំ​ ២០១៦​ នៅ​ក្នុង​សហគមន៍​ចំនួន​ ២២​ ក្នុង​ខេត្ដ​ចំនួន​ ១២​ និង​រាជធានី​ភ្នំពេញ​ ។​

កម្មាការិនីឡើងមកតវ៉ានៅមុខក្រសួងការងារ ទាមទារសំណង និងអត្តប្រយោជន៍នានា ពីថៅកែ។រូបភាពពីWMC
កម្មាការិនីឡើងមកតវ៉ានៅមុខក្រសួងការងារ ទាមទារសំណង និងអត្តប្រយោជន៍នានា ពីថៅកែ។រូបភាពពីWMC

​លោកស្រី​ ធីតា​ ឃិះ​ នាយិកា​អង្គការ​សីល​កា​ ដែល​ធ្វើការ​ងារ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​  ក៏​ទទួលស្គាល់​ ពី​ភាព​ត្រឹមត្រូវ​របស់​របាយ ការណ៍​នេះ​ផង​ដែរ​។​ លោកស្រី​យល់​ថា​ ស្ដ្រី​មាន​ភារៈ​ជាប់​ខ្លួន​ជុំ​ជិត​ ព្រោះ​ស្ដ្រី​ត្រូវ​រក្សាទ្រព្យ​ក្នុងផ្ទះ​ មើលថែ​កូន​ អប់រំ​កូន​ ក៏​ដូច​ជា​កិច្ចការ​យ៉ាង ច្រើន​ក្នុង​មួយ​ថ្ងៃៗ​ គឺ​មានការ​គិត​អនាគត​កូន​ច្រើន​ជាង​ប្ដី​ ដែល​បញ្ហា​ដូចនេះ​ គឺ​ត្រូវ​ស្ត្រី​ជា​មេ​គ្រួសារ​បារម្ភ​ខ្លាំង​ណាស់​។​  

​លោកស្រី​បន្ត​ថា​ បច្ចុប្បន្ន​អ្នក​រង​គ្រោះ​ពី​បញ្ហា​ដីធ្លី​មាន​ចំនួន​កាន់តែ​ច្រើន​ ហើយ​អ្នកជំនាញ​ផ្ដល់​ប្រឹក្សា​មាន​ចំនួន​តិច​នៅឡើយ​ ហើយ​ជាង​នេះ​ទៀត​ រាល់ពេល​មាន​បញ្ហា​គឺ​អ្នក​រង​គ្រោះជា​ស្ដ្រី​ ដែល​ពួក​គេ​មិនដឹង​ថា​ ទៅ​រក​ជំនួយ​នៅឯណា​នោះ​ទេ​ ដែល​ករណី​នេះ​ស្ត្រី​ត្រូវ​តែ​ប្ដេជ្ញា​ជាង​បុរស​ដើម្បី​អនាគត​គ្រួសារ​ ។​ លោកស្រី​ ធីតា​ ឃិះ៖​«​ពេល​ធ្វើ​ផែនការ​សុំ​ឲ្យ​ពិគ្រោះ​យោបល់​ជាមួយនឹង​សហគមន៍​មូលដ្ឋាន​ ជាមួយ​ផ្ទះ​អ្នក​ដែល​ប៉ះពាល់​ កុំ​ឲ្យ​ដល់​ពេល​ហើយ​ទៅ​ ទៅ​យក​ដីធ្លី​របស់​គាត់​ទាំង​ដែល​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​គាត់​»​។​

ស្រ្តីបឹងកក់ចេញទាមទារឱ្យលោក ចន ឃ៊ែរី ជួយដោះស្រាយវិបត្តិដីធ្លីក្នុងសហគមន៍បឹងកក់ ខណៈលោកបានមកទស្សនកិច្ចនៅកម្ពុជា។រូបភាពពីWMC
ស្រ្តីបឹងកក់ចេញទាមទារឱ្យលោក ចន ឃ៊ែរី ជួយដោះស្រាយវិបត្តិដីធ្លីក្នុងសហគមន៍បឹងកក់ ខណៈលោកបានមកទស្សនកិច្ចនៅកម្ពុជា។រូបភាពពីWMC

​ដូច​គ្នា​នេះ​ដែរ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា​ របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​ផ្សព្វផ្សាយ​នេះ​ គឺ​មិន​ខុស​នោះ​ទេ​។​  លោក​ បញ្ជាក់​ថា​ បើ​តាម​ការ​ស្រាវជ្រាវ​របស់​លោក​ គឺ​ស្ត្រី​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ចេញ​មុខ​ខ្លាំងក្លា​ច្រើន​ជាង​បុរស​ ក្នុង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​របស់​គ្រួសារ​ ដែល​កត្តា​នេះ​នាំ​ឱ្យ​ស្ត្រី​ងាយ​រង​គ្រោះ​ ហើយ​ការ​តស៊ូ​របស់​ស្ត្រី​ក៏​ងាយ​ទទួល​បាន​ដំណោះស្រាយ​ដែរ​ ព្រោះ​ភាគី​ពាក់ព័ន្ធ​មិន​ចង់​ប្រើ​ហិង្សា​ដែរ​។​

​តែ​យ៉ាងណា​ក៏​ដោយ​លោក​គិត​ថា​ បើ​ស្រី្ត​រង​គ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ គឺ​សង្គម​មិនល្អ​ មិន​មាន​កិត្តិយស​ទេ​។​ លោក​ថា​ ដើម្បី​ឱ្យ​វិបត្តិ​សង្គម​ថយ​ចុះ​ ជា​ពិសេស​ករណី​ជម្លោះដីធ្លី​ គឺ​តុលាការ​របស់​ប្រទេស​ត្រូវ​តែ​មាន​គោលការណ៍​យុត្តិធម៌​ជួយ​អ្នក​ទន់ខ្សោយ​ ហើយ​បើ​ធ្វើ​បាន​គឺ​ស្ត្រី​នឹង​មិន​មាន​ចំនួន​ច្រើន​ ធ្លាក់​ខ្លួនជា​ជន​រង​គ្រោះ​នោះ​ទេ​។​ លោក​បណ្ឌិត​ មាស​ នី​៖«​ជា​ធម្មតា​បើ​រដ្ឋាភិបាល​គិត​អំពី​យុត្ដិធម៌​ សង្គម​គឺ​ធ្វើ​ម៉េច​ផ្ដល់​យុត្ដិធម៌​ឲ្យ​ពួក​គាត់​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​ យើង​គិត​ថា​ ដំណោះស្រាយ​ហ្នឹង​វា​នឹង​កើត​មាន​ហើយ​ ហើយ​ពិសេស​តុលាការ​ឯករាជ្យ​នេះ​ ក៏​ជា​រឿង​សំខាន់​ដែរ​ ព្រោះតែ​ការ​ខ្វះ​ឯករាជ្យ​របស់​តុលាការ​ ហើយ​ពេល​ខ្លះ​តុលាការ​ក៏​ត្រូវ​រង​ឥទ្ធិពល​ពី​អ្នកមាន​លុយ​មាន​អំណាច​ដែល​ធ្វើ​ឲ្យ​ ការ​ផ្ដល់​យុត្ដិធម៌​សង្គម​មិន​បាន​ពេញ លេញ​»​។​

កម្មរោងចក្រទាមទារសំណងដែលថៅកែមិនបានផ្តល់ឱ្យ។រូបភាពពីWMC
កម្មរោងចក្រទាមទារសំណងដែលថៅកែមិនបានផ្តល់ឱ្យ។រូបភាពពីWMC

​បើ​តាម​សេច​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ គឺ​៣​ ភាគ​ ៤​ នៃ​ស្ត្រី​ (៧៨.៩%)​ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ មាន​អារម្មណ៍​ថា​ ការ​កាន់កាប់​ដីធ្លី​គ្មាន​សុវត្ថិភាព​។​ ១​ ភាគ​ ៤​ ស្មើនឹង​(២៤.៤%)​ ត្រូវ​បាន​បណ្តេញចេញ​ដោយ​បង្ខំ​។​

​កាលពី​ចុងឆ្នាំ​ ២០១៥​  ស្ត្រី​ ២​ នាក់​ជា​កសិករ​នៅ​ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​តុលាការខេត្ត​នេះ​ ចាប់​ឃុំខ្លួន​ បន្ទាប់​ពី​ពួក​គាត់​ដឹកនាំ​សហគមន៍​ តវ៉ា​ករណី​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​តំបន់​ ដែល​បាន​រឹបអូស​ដីធ្លី​ពួក​គាត់​ ។​ ប៉ុន្តែ​ មួយ​ថ្ងៃ​ក្រោយមក​ ត្រូវ​បាន​ដោះ​លែង​វិញ​ ដោយសារ​ប្រមុខ​រដ្ឋាភិបាល​ ចេញ​អន្តរាគមន៍​សុំ​នៅ​ក្រៅ​ឃុំ​ ។​ មិន​មាន​តែ​ស្ត្រី​ ២​ នាក់​ទេ​ ដឹកនាំ​តស៊ូ​ដើម្បី​សហគមន៍​ករណី​ជម្លោះដីធ្លី​។​

​ស្ត្រី​សហគមន៍​ជា​ច្រើន​ទៀត​ ដូច​ជា​ សហគមន៍​ ឡ​ពាង​ ខេត្តកំពង់ឆ្នាំង​  ថ្ម​គោ​ SOS​ រថភ្លើង​ បុរី​កីឡា​ បឹង​កក់​ សហគមន៍​ ខេត្តក្រចេះ​ ព្រះ​វិហារ​ បាន​ក្លាយជា​អ្នក​ឈានមុខ​គេ​ក្នុង​ការ​តស៊ូ​ដើម្បី​គ្រួសារ​ ហើយ​អ្នកខ្លះ​ត្រូវ​បាន​ឃុំខ្លួន​មួយ​រយៈ​ទៀត​ផង​៕​

Share

Image
Image
Image