ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ បានឱ្យដឹងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ដែលកំពុងសំងំ នៅទីស្នាក់ការគណបក្សអស់រយៈពេល៤ខែ នឹងទៅចុះឈ្មោះបោះឆ្នោត ឱ្យទាន់ពេល ក្នុងរយៈពេលបីខែ ដែល គ.ជ.ប បានកំណត់។
លោក យ៉ែម បុញ្ញាឬទ្ធិ ថ្លែងដូចនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៦។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះបន្តថា តាមច្បាប់លោក កឹម សុខា នៅតែអាចមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោត។ លោក ជឿថា នៅពេលលោក កឹម សុខា ទៅចុះឈ្មោះបោះឆ្នោត នឹងមិនមានការចាប់ខ្លួននោះទេ ព្រោះតាមនិតិវិធីនៃតុលាការ ករណីលោក កឹម សុខា សាលក្រម មិនទាន់ប្រកាសជាស្ថាពរនោះទេ។
លោក យ៉ែម បុញ្ញាឬទ្ធិ៖«យោងទៅលើផ្លូវច្បាប់ គឺគាត់មានសិទ្ធិពេញលេញ ក្នុងការទៅចុះឈ្មោះបោះឆ្នោត ហើយគ្មានករណីណាមួយ ដែលអាចប្រកែកមិនឱ្យគាត់ទៅចុះឈ្មោះបានទេ។ ..តាមនិតិវិធីនៃតុលាការ បានចែងថាសាលក្រមមិនទាន់ជាស្ថាពរនៅឡើយទេ យើងមានសិទ្ធិទៅសាលាឧទ្ធរណ៍ ទៅតុលាការកំពូល ដូច្នេះនៅពេលសាលាក្រម មិនទាន់ចូលជាស្ថាពរ គ្មានសិទ្ធិអំណាចណាមួយដែលអាចឃាត់ខ្លួនឬ ចាប់ខ្លួនបានទេ»។
បែបនេះក្តី លោក យ៉ែម បុញ្ញាឬទ្ធិ មិនបានបញ្ជាក់ ពេលវេលាជាក់លាក់ដែលលោក កឹម សុខាត្រូវទៅចុះឈ្មោះបោះឆ្នោត នោះទេ។
ការប្រកាសទៅចុះឈ្មោះបោះឆ្នោត របស់លោក កឹម សុខា ក្រោយពីស្ថានការនយោបាយនៅកម្ពុជា មានភាពធូស្រាលឡើងវិញ ខណៈគេមើលឃើញថា គណបក្សជាប់ឆ្នោតទាំងពីរដើរដល់ផ្លូវទាល់ច្រកដូចគ្នា ហើយគណបក្សប្រឆាំង ក៏បានចូលប្រជុំសភាវិញ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបទឈប់បាញ់គ្នា។
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ តុលាការរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក កឹម សុខា រយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល តាមក្រមព្រហ្មទណ្ឌ មាត្រា៥៣៨ ករណីបទបដិសេធ ការ ចូលខ្លួន ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេសង្ស័យថា មានស្នេហា លួច លាក់ជាមួយ លោក៕