en     km
en     km

លោក​ កឹ​ម​ សុខា​ នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឱ្យទាន់​ពេល​កំណត់​

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ បានឱ្យ​ដឹង​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្សប្រឆាំង​ ដែល​កំពុង​សំងំ​ នៅ​ទីស្នាក់ការ​គណបក្ស​អស់​រយៈពេល​៤​ខែ​ នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឱ្យទាន់​ពេល​ ក្នុង​រយៈពេល​បី​ខែ​ ដែល​ គ​.​ជ​.​ប​ បាន​កំណត់​។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ ថ្លែង​ដូចនេះ​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បន្ត​ថា​ តាម​ច្បាប់​លោក​ កឹ​ម​ សុខា​ នៅ​តែ​អាច​មាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ លោក​ ជឿ​ថា​ នៅ​ពេល​លោក​ កឹ​ម​ សុខា​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​មិន​មានការ​ចាប់ខ្លួន​នោះ​ទេ​ ព្រោះ​តាម​និ​តិ​វិធី​នៃ​តុលាការ​ ករណី​លោក​ កឹ​ម​  សុខា​ សាលក្រម​ មិន​ទាន់​ប្រកាស​ជា​ស្ថាពរ​នោះ​ទេ​។​

​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​៖«​យោង​ទៅ​លើ​ផ្លូវច្បាប់​ គឺ​គាត់​មាន​សិទ្ធិ​ពេញលេញ​ ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​គ្មាន​ករណី​ណាមួយ​ ដែល​អាច​ប្រកែក​មិន​ឱ្យ​គាត់​ទៅ​ចុះ​ឈ្មោះ​បាន​ទេ​។​ ..​តាម​និ​តិ​វិធី​នៃ​តុលាការ​ បាន​ចែង​ថា​សាលក្រម​មិន​ទាន់​ជា​ស្ថាពរ​នៅឡើយ​ទេ​ យើង​មាន​សិទ្ធិ​ទៅ​សាលាឧទ្ធរណ៍​ ទៅ​តុលាការ​កំពូល​ ដូច្នេះ​នៅ​ពេល​សាលា​ក្រម​ មិន​ទាន់​ចូល​ជា​ស្ថាពរ​ គ្មាន​សិទ្ធិ​អំណាច​ណាមួយ​ដែល​អាច​ឃាត់ខ្លួន​ឬ​ ចាប់ខ្លួន​បាន​ទេ​»​។​

​បែប​នេះ​ក្តី​  លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ មិន​បាន​បញ្ជាក់​ ពេលវេលា​ជាក់លាក់​ដែល​លោក​ កឹ​ម​ សុខា​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នោះ​ទេ​។​

​ការ​ប្រកាស​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ របស់​លោក​ កឹ​ម​ សុខា​ ក្រោយ​ពី​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា​ មាន​ភាព​ធូ​ស្រាល​ឡើង​វិញ​ ខណៈ​គេ​មើលឃើញ​ថា​ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​ដូច​គ្នា​  ហើយ​គណបក្សប្រឆាំង​ ក៏​បាន​ចូល​ប្រជុំ​សភា​វិញ​ ចំណែក​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​បទ​ឈប់​បាញ់​គ្នា​។​

​កាលពី​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ រយៈពេល​៥​ខែ​ និង​ពិន័យ​ជា​ប្រាក់​៨​សែន​រៀល​ តាម​ក្រមព្រហ្មទណ្ឌ​ មាត្រា​៥៣៨​ ករណី​បទ​បដិសេធ​ ការ​ ចូលខ្លួន​ ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​ លួច​ លាក់​ជាមួយ​ លោក​៕

Share

Image
Image
Image