ភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ស្នើឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជួយគាំទ្រ និងជំរុញការបង្កើតជាទីតាំងទេសចរណ៍ នៅក្បែរកោះរ៉ុង និងកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ដើម្បីប្រមូលចំណូល ពីអ្នកទេសចរណ៍មុជទឹក កំសាន្ត មើលផ្កាថ្ម ក្នុងការបន្តគាំទ្រដល់ការការពារ និងអភិរក្សធនធាន ជលផល ប្រកបដោយនិរន្តរភាព។
ការស្នើដូចនេះធ្វើទ្បើង ក្នុងកិច្ចពិភាក្សាការងារ រវាង នាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ លោក Mark Rose និង រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម ដែលបានបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃទី ២៦ កញ្ញា ថាលោករដ្ឋមន្ត្រី បានជួបកិច្ចពិភាក្សាការងារជាមួយ លោក Mark Rose ដើម្បី រាយការណ៍ ពី វឌ្ឍនភាពគម្រោង និងសំណូមពរនានា ក្នុងការជំរុញការអនុវត្តគម្រោងអោយកាន់តែមានភាពប្រសើរឡើង។
ក្នុងឱកាសនោះដែរ លោក Mark Rose បានបញ្ជាក់ថា អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បានទទួល ការសហការ យ៉ាងជិតស្និទ្ធ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ1998 ហើយ ជាពិសេសជាមួយរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលដៅនៃគម្រោងមានដូចជា៖ «គម្រោងបង្កើតនិងគ្រប់គ្រងតំបន់ជលផលសមុទ្រ នៅប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ។ គម្រោងអភិរក្សអណ្ដើកសមុទ្រ។ គម្រោងអភិរក្សក្រពើ កម្ពុជា និង គម្រោងអភិរក្សដំរីព្រៃ កម្ពុជា»។
ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នអង្គការរបស់លោក Mark Rose កំពុងចាប់អារម្មណ៌ខ្លាំង ទៅលើការពង្រឹងសមត្ថភាព សហគមន៍ជលផល និង អភិរក្សធនធានជលផល សមុទ្រ។ បញ្ហានេះខាងតំណាងអង្គការ បានស្នើអោយក្រសួង ជួយគាំទ្រ និងជំរុញការបង្កើតជាទីតាំងទេសចរណ៍ នៅក្បែរកោះរ៉ុង និងកោះរ៉ុងសន្លឹម ដើម្បីអាចប្រមូលបាននូវចំណូលពីអ្នកទេសចរ ដែលទៅលេងកម្សាន្តទីនោះ។
ឆ្លើយតបទៅនឹង ការលើកទ្បើងនេះដែរ លោក វេង សាខុន បានគាំទ្រដល់គម្រោងរៀបចំទីតាំងទេសចរ កោះរ៉ុង និងកោះរ៉ុងសន្លឹម ដើម្បីដាក់ជាផែនការមួយ ក្នុងការរកចំណូល តែលោកថាត្រូវមានការសិក្សា អោយបានច្បាស់លាស់ អំពីគោលការណ៍ វិនិយោគរបស់ក្រុមហ៊ុន ដែលកំពុងអភិវឌ្ឍន នៅលើទីតាំងទាំងនោះ ដើម្បីជៀសវាងការត្រួតគ្នានិង ផលប៉ះពាល់នូវគម្រោងទាំងនេះ។
បន្ថែមពីនេះទៀត រដ្ឋមន្ត្រីរូបនេះ បានស្នើអោយអង្គការចូលរួមសហការ ជាមួយ រាជរដ្ឋាភិបាល ក្នុងការសិក្សាពីលទ្ធភាព នៃការបង្កើនកម្រិតជីវភាព សហគមន៏ព្រៃឈើ ដើម្បីកាត់បន្ថយភាពក្រីក្រ។
ជាលទ្ធផល អង្គការនឹងបន្តជួយធ្វើការសិក្សាបន្ថែមនូវលទ្ធភាព នៃការវិនិយោគលើ រមនីយដ្ឋានទេសចរណ៍ នៅក្នុងសមុទ្រដែលស្ថិតនៅក្បែរទីតាំងកោះរ៉ុង និងកោះរ៉ុងសន្លឹម ក្នុងទស្សនៈរក្សានូវតុល្យភាព ការអភិវឌ្ឍន៍ និងការអភិរក្ស ដោយសហការ ជាមួយអង្គភាពជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕