ក្រុងម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃអង្គារ ទី២៧ កញ្ញា និយាយថាប្រទេសហ្វីលីពីន គឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកយូរអង្វែងណាស់មកហើយ តែយ៉ាងណាលោកថា ហ្វីលីពីន ក៏កំពុងតែស្វែងរកការកសាងសម្ព័ន្ធភាពថ្មីៗច្រើនទៀត ដែលអាចងាកទៅរកខ្នងបង្អែកដូចជា រុស្ស៊ី និងប្រទេសចិន ជាដើមសម្រាប់ជំនួយ រួមទាំងការជួយដោះស្រាយបញ្ហាគ្រឿងញៀនរបស់ប្រទេសហ្វីលីពីន។
លោក Duterte លើកឡើងក្នុងអំឡុងពេលលោកបានចុះត្រួតពិនិត្យរោងចក្រអំហ្វេតាមីនខុសច្បាប់មួយដោយលោកនិយាយថា៖ «នៅឆ្នាំបន្ទាប់ ខ្ញុំនឹងចង់សម្ព័ន្ធភាពថ្មីៗជាច្រើនទៀត»។
លោក Duterte ក៏បាននិយាយទៀតថា លោកនឹងមិនអនុញ្ញាតឱ្យអតីតមហាអំណាចអាណានិគមលើប្រទេសហ្វីលីពីន គឺសហរដ្ឋអាមេរិច «ដាក់គំនាប់លើយើងទៀតទេ»។
ទោះបីជាលោកបាននិយាយថា លោកចង់ធ្វើជាមិត្តជាមួយប្រទេសចិនយ៉ាងណាក្ដី តែលោកក៏បាននិយាយថា អ្វីដែលជាសារៈសំខាន់នោះ គឺការគ្រប់គ្រងសកម្មភាពផ្គត់ផ្គង់ថ្នាំញៀន និងឧក្រិដ្ឋជនគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន។
លោក Duterte និយាយថា៖ «ប្រសិនបើអ្នកចាត់ទុកយើងជាមិត្តភក្តិរបស់អ្នក និងចង់ជួយពួកយើង ជំនួយដែលសំខាន់បំផុតគឺសមា្ភរៈពីប្រទេសចិន នោះគឺជាអ្វីដែលមានន័យណាស់? » ៕ប្រភព៖CNA