ភ្នំពេញ៖ ទោះជាសា្លប់ដោយសារជំងឺព្យាធិ និងស្លាប់ក្នុងវ័យចាស់ជរាក្ដី តែ មនុស្ស ដែលធ្វើល្អ ជួយ ជាតិជួយ អ្នកក្រីក្រ កសាងអំពើល្អ បើស្លាប់ពិតជាមានឈ្មោះក្រអូបសាយ ហើយថែមទាំងស្ដាយស្រនោះ ក្រៃលែង។
លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ជាជនជាតិបារាំង ដែលជាស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ បានទទួលមរណភាព ក្នុងជន្មាយុ៨២ឆ្នាំដោយរោគគាពាធ។លោក បានបន្សល់នូវភាពសោកស្ដាយ និង រយលានក្តីស្រលាញ់យកទៅជាមួយផងដែរ។
កុមារ និង ស្ត្រីដែលធ្លាប់ទទួលបានការទំនុកបំម្រុង និងយកចិត្តទុកដាក់ពីលោក គ្រីស្យង់ បានបង្ហាញនូវភាព ស្រណោះអាល័យចំពោះការលាចាករបស់លោក ដែលគ្មានថ្ងៃត្រលប់ឡើយ។ ពួកគាត់ក៏បានប្ដេជ្ញាថា នឹងធ្វើតាមបណ្តាំរបស់លោក គ្រីស្យង់ ដែលឲ្យចេះស្រលាញ់គ្នាទៅវិញទៅមក។
ដើម្បីជ្រាបសូមស្តាបបទយកការណ៍ ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ជាជនជាតិបារាំង ដែលជាស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ បានបូជាហើយកាលពីរសៀល ថ្ងៃច័ន្ទ ទី២៦ខែកញ្ញា ឆ្នាំ២០១៦ នៅ វត្តឫស្សីសាញ់ ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។
សពលោកត្រូវបានដង្ហែចេញពី ស្នាក់ការអង្គការដើម្បីភាពញញឹមនៃកុមារ នៅសង្កាត់ស្ទឹងមានជ័យ ទៅកាន់វត្តឫស្សីសាញ់ ដោយមានអ្នកចូលរួមជាច្រើនពាន់នាក់។ ពួកគេម្នាក់ៗបានរម្លឹកពីឈ្មោះអ្នកមានគុណនេះ។
ក្រោមកំដៅថ្ងៃក្តៅហែងប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី មានអាណាព្យាបាល អ្នក ធ្លាប់បានសិក្សារៀនសូត្រ ឬទទួលបានការជួយពីអង្គការដើម្បីភាពញញឹមនៃកុមារ បានចូលរួមក្នុងការដង្ហែសពលោក។ ដោយអ្នកខ្លះជិះកង់ ម៉ូតូ រម៉ក់កង់បី ឡាន មានកាន់ទៀន ធូបផ្កា ដើម្បីចូលរួមដង្ហែសព លោកដោយបង្ហាញសេចក្តីក្រៀមក្រំក្រៃលែង។
ស្ត្រីវ័យចំណាស់ម្នាក់ដែលមានក្រមាបង់ក និង ឈរបង្ហូរទឹកភ្នែក នោះគឺអ្នកស្រីគឹម ស៊ុន មានប្រសាសន៍ទាំង ហូរទឹកភ្នែក។ អ្នកស្រី ឈឹម សុន បានរៀបរាប់ថា អ្នកស្រីមានការសោកស្តោយខ្លាំងណាស់ ចំពោះលោក គ្រីស្យង់ ដែលគេ ហៅថាប៉ាពី។
កែវភ្នែកទាំងគូរសម្លឹងទៅកាន់ក្បួនដង្ហែសពលោក គ្រីស្យង់ ដែលកំពុងរំកិលបន្តិចៗម្តងទៅខាងមុខ កញ្ញា សំ ពិសី បានបង្ហាញពីភាព សោកស្ដាយពេលបាត់បងលោកគ្រីស្យង់ ដែលពួកគេ ហៅថា ប៉ាពី ថា ការលាចាករបស់លោក នៅពេលនេះគឺ ដូចជាបាត់ឪពុកម្នាក់ដែរ។
បន្តទាំងសំឡេងញ័រៗ នារីដែលមានអាយុ២០ឆ្នាំរូបនេះបានបន្តថា នាងបានទទួលការឧបត្ថម្ភពីអង្គការ នេះជាង១៥ឆ្នាំមកហើយ ដែលធ្វើឲ្យនាងកែប្រែជីវភាពគ្រួសារ ឲ្យមានភាពល្អប្រសើរ។
ស្ត្រីមួយរូបទៀតអ្នកស្រី ឆែម ស្រីមុំ ដែលជាគ្រួសារក្រីក្រហើយត្រូវបាន អង្គការយកមកចិញ្ចឹម អ្នកស្រី រម្លឹកថា អ្នកស្រីជាអ្នករើសអេតចាយ នៅតាមគំនរសំរាម គ្មានផ្ទះសំបែង ហើយពេលយប់ដើរដេកតាមផ្លូវគឺ គ្មានផ្ទះសំបែង។ ចំណែកកូនៗមិនដែលស្គាល់សាលានោះទេ។ ក្នុងដៃកាន់ផ្កាឈូក និងធូប អ្នកស្រីថាជីវិតអ្នកស្រីដូចជា កើតថ្មីនៅពេលបានមករស់នៅក្រោមម្លប់ របស់អង្គការនៅទីនេះ ដែលធ្វើឲ្យអ្នកស្រីមានជំនាញមួយអាចចិញ្ចឹមជីវិតបាន។
ក្រៅពីការយំសោកស្ដាយលោកគ្រីស្យង់ អ្នកហែ សព បានបង្ហាញអារម្មណ៍ថាពួកគាត់នៅតែនឹកដល់ គោលបំណង របស់លោក គ្រីស្យង់ ដែលតែងតែ ចង់ឲ្យពួកគាត់ចេះស្រឡាញ់គ្នា និងចេះជួយគ្នាទៅវិញទៅមក។អ្នកស្រី ឈឹម សុន សន្យា រក្សាពាក្យសម្តីស្រលាញ់ របស់ប៉ាពីអប់រំក្មេងជំនាន់ក្រោយឲ្យដូចក្តីបំណងប្រាថា្នលោក។
ចំណែកលោក អ៊ុក សុវណ្ណ ប្រធានស្តីទី អង្គការដើម្បីភាពញញឹមនៃកុមារ មានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យសពលោក គ្រីស្យង់ មានរយៈពេលខ្លីនេះគឺជាបំណង និង បណ្តាំរបស់លោក ដោយលោកមិនចង់ចំណាយថវិកាច្រើន ចំណាយពេលក្មេងៗរៀនច្រើនទេ។
លោកបន្តថា បណ្តាំ លោកគ្រីស្យង់ ផ្សេងពីនេះគឺ លោកចង់ឲ្យអង្គការដើម្បីភាពញញឹមនៃកុមារ នៅតែអាចបន្តដំណើរការ ទៅមុខជារៀងរហូត ទោះជាគ្មានលោកក៏ដោយ។នៅពេលនេះ មានកុមារជាង ៦០០០នាក់ដែលទទួលបានការជួយពីអង្គការ និង មានការបង្រៀនផ្តល់ជំនាញផ្សេងៗ។ លោក អ៊ុក សុវណ្ណ បន្តថា លោកនឹងបន្ត សកម្មភាពរបស់លោក គ្រីស្យង់ បន្តទៀត។
វិយោគកថាក៏បានចាប់ផ្តើមមុនពេលបូជាសពលោកគ្រីស្យង់។ លោក គ្រីស្យង់ ដេប៉ាលីយ៉ែរ ជាជនជាតិបារាំង លោកកើតនៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ១៩៣៤ នៅជាយទីក្រុងប៉ារីស លោកបានចូលសិក្សាផ្នៃកពាណិជ្ជកម្មនៅទីក្រុងប៉ារីស ហើយលោកក៏ធ្លាប់បានបំរើកងទ័ពបារាំងរយៈពេល៣ឆ្នាំ។
លោកក៏បានចូលបម្រើការងារនៅក្រុមហ៊ុន IBM មួយ មុនលោកចូលនិវត្តន៍ក្នុងឆ្នាំ១៩៩៣។
ក្រោយពេលលោកចូលមកប្រទេសកម្ពុជា លោកក៏បានបន្តការងារជាប្រធាន អង្គការដើម្បីភាពញញឹមនៃកុមារចាប់ពីឆ្នាំ១៩៩៥ គឺពេលនោះហើយលោកចាប់ផ្ដើមជួយកុមាររាប់រយ នាក់ដែលដើរ កាយសំរាមដើម្បីរើសអេតចាយ នៅទីនោះគឺគំនរសំរាមស្ទឹងមានជ័យ។
លោក គ្រីស្យង់ បានលះបង់ពេលវេលា ធនធាន គ្រប់បែបយ៉ាង ក្នុងរយៈ២០ឆ្នាំមកនេះដើម្បីជួយជីវិតកុមារក្រីក្រ ក្នុងប្រទេសកម្ពុជា បានប្រមាណជាជាង១ម៉ឺននាក់ដែលអាចឲ្យពួកគេមានការងារធ្វើ និង មានចំណេះជំនាញមួយសម្រាប់ចិញ្ចឹមជីវិត។ លោក គ្រីស្យង់ ប្រៀបបានរស្មីមួយបំភ្លឺក្នុងភពងងឹតចំពោះមនុស្សគ្មានទីពឹងនិងគ្រួសារក្រីក្រឲ្យមានពន្លឺជីវិត។
លោកបានរៀបអាពាហ៍ពិពាហ៍ ក្នុងឆ្នាំ ១៩៦៤ ជាមួយអ្នកស្រី ម៉ារីហ្វ្រង់ និងមានកូន ចំនួន៤នាក់ព្រមទាំង កូនចិញ្ចឹម២នាក់។
ថ្វីត្បិតលោក គ្រីស្យង់ ជាជនជាតិបារាំងពិមែន តែពិធីបុណ្យសពរបស់លោកប្រារព្ធដូចពិធីបុណ្យសពខ្មែរផងដែរ។
លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានសញ្ជាតិខ្មែរ និងគ្រឿងឥស្សរិយយស ដល់លោក និងភរិយា។ ជាមួយគ្នានេះ ព្រះមហាត្សត្រីសម្ដេចសហនុមុនីនាថ ក៏បានយាងទៅគោរពវិញ្ញណក្ខន្ធលោកដែរ។
នៅពេលនេះទោះជាកាយលោក គ្រីស្យង់ បានបែកធ្លាយទៅជាធាតុផ្សេងៗក្តី តែក្តីស្រលាញ់របស់លោកចំពោះប្រជាពលរដ្ឋខ្មែរ និងកុមារក្រីក្រក្នុងប្រទេសកម្ពុជានៅតែដក់ជាប់គ្មានថ្ងៃភ្លេចឡើយ៕