ភ្នំពេញ៖ សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជាបានលើកទ្បើងថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាមានការវិវត្តល្អប្រសើរមួយចំនួន ប៉ុន្តែការវិវត្តនេះក៏នៅតែមានកម្រិតនៅទ្បើយ ដែលបញ្ហានេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាមីត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យវិស័យអប់រំនេះកាន់តែមានភាពល្អប្រសើរ។ ការថ្លែងរបស់អង្គការសង្គមស៊ីវិលដូចនេះ ធ្វើទ្បើងក្នុងវេទិកាអប់រំថ្នាក់តំបន់ស្តីពី «គណនេយ្យភាពសង្គម ដើម្បីភាពប្រសើរទ្បើងនៃគុណភាពអប់រំ» នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅភោជនីយដ្ឋានទន្លេ បាសាក់ ២។
នាពេលកន្លងមករាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជននិងកីទ្បា បានធ្វើកំណែទម្រង់វិស័យអប់រំមួយចំនួននៅកម្ពុជា ដែលបានបង្ហាញភាពលេចធ្លោក្នុងវិស័យអប់រំ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី វិស័យអប់រំក៏នៅតែមានកម្រិតនៅទ្បើយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំគួរសិក្សាបន្ថែមទៀតពីបណ្តាប្រទេសជិតខាង ដើម្បីឱ្យវិស័យអប់រំកាន់តែមានភាពល្អប្រសើរទ្បើង។ នេះជាការលើកទ្បើងរបស់អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៧កញ្ញានេះថា គុណ ភាពអប់រំនៅកម្ពុជាទ្បើងចុះៗ មិនស្ថិតស្ថេរនោះទេ មានន័យថា ការប្រើប្រាស់ធនធាន ក៏ដូចជាការប្រើប្រាស់កម្មវិធីសិក្សាមានការវិវត្តច្រើន។
លោក សន ជ័យ បន្តថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ នៅមានកម្រិតនៅទ្បើយ ដែលបញ្ហានេះមានតែក្រសួងសាមីធ្វើវិមជ្ឈការវិស័យអប់រំទេ ហើយធ្វើការរៀបចំផែនការថ្នាក់ជាតិដើម្បីឱ្យអទិភាពទៅសាលារៀនដែលក្រីក្រលំបាក អាចទទួលបានសេវាអប់រំល្អប្រសើរដូចនៅទីក្រុងភ្នំពេញដែរ។ លោក សន ជ័យ៖ «យើងអាចមើលថានៅមានកម្រិត ទី០១ យើងនិយាយពីសេវាអប់រំវានៅខ្វះខាត ទី០២ យើងនិយាយពីគុណភាពអប់រំវាក៏នៅតែខ្វះខាតដែរ យើងសួរថា តើសញ្ញាបត្រស្រុកខ្មែរប្រទេសប៉ុន្មានដែលគេទទួលស្គាល់។ ដើម្បីកាត់បន្ថយកម្រិតនៃចំនុចខ្វះខាត ឬដើម្បីកែលម្អហ្នឹង គឺត្រូវការរៀនសូត្រពីបណ្តាប្រទេសជិតខាងជាពិសេសប្រទេសដែលល្បីៗដូចជាសិង្ហបុរី ជប៉ុនជាដើម»។
ចំណែកនាយកសាលាបឋមសិក្សាវត្តបូរនៅខេត្តសៀមរាប លោក ពឹង គីមឆេន មានប្រសាសន៍ថា វិស័យអប់រំនៅកម្ពុជាសព្វថ្ងៃមានភាពល្អប្រ សើរច្រើន បើធៀបនឹងឆ្នាំមុនៗកន្លងមកនេះ។ លោក ពឹង គីមឆេនបន្តថាលោក មានចក្ខុវិស័យចំនុចសំខាន់ៗក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំទៅដល់សិស្សានុសិស្សដូចជា ទី០១ ខិតខំព្យាយាមធ្វើយ៉ាងណាឱ្យការអប់រំមានគុណភាព មានន័យថា បង្រៀនឱ្យចេះ បង្រៀនឱ្យដឹង នឹងបង្រៀនឱ្យធ្វើបាន។
នាយកសាលាបឋមរូបនេះបន្តថា ដើម្បីឱ្យវិស័យអប់រំដើរទៅមុខប្រកបដោយនិរន្តភាពនោះ លុះត្រាតែអ្នកពាក់ព័ន្ធមានបេះដូងពិតប្រាកដក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំ។ លោក ពឹង គីមឆេន៖ «យើងគិតថា ការវិវត្តកាន់តែមានការប្រែប្រួលទ្បើង ប៉ុន្តែការប្រែប្រួលនោះទាល់តែយើងមានឆន្ទះ មានបេះដូងជាអ្នកធ្វើកំណែទម្រង់មួយក្នុងវិស័យអប់រំ ប្រសិនបើយើងរៀនដើម្បីតែរៀន ឬបង្រៀនដើម្បីតែបង្រៀនទេនោះ គ្មានការប្រែប្រួលនោះទេ ដូច្នេះដើម្បីដោះស្រាយបានលុះត្រាតែយើងរកបញ្ហាឱ្យបាន។ សំនួរថា តើវាមានការប្រែប្រួលទេ វាមានការប្រែប្រួលច្រើនហើយ ប៉ុន្តែវាមិនដូចបំណងប្រាថ្នាដែលយើងចង់បាន»។
ឆ្លើយតបនឹងការលើកទ្បើងរបស់សង្គមស៊ីវិលដែលថា វិស័យអប់រំកម្ពុជានៅមានកម្រិតនោះ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីទ្បា លោក រស់ សាលីន បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា រដ្ឋាភិបាលបានកំណត់គោលនយោបាយដោយផ្តោតសំខាន់ទាក់ទងនឹងវិស័យអប់រំ ដែលនៅតែជាវិស័យអាទិភាពរបស់រដ្ឋាភិបាល ហើយបញ្ហានេះក្រសួងក៏បានអនុវត្តនូវយុទ្ធសាស្ត្រមួយចំនួនផងដែរ ក្នុងការឆ្លើយតបនៃការចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
លោក រស់ សាលីន បន្ថែមទៀតថា ក្នុងការលើកកម្ពស់វិស័យអប់រំនេះ ក្រសួងមានមូលដ្ឋាន ២ គឺ ទី០១ ជាមូលដ្ឋានឯកសារផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨ ដោយផ្តោតសំខាន់លើការបង្កើនសេវាអប់រំទាំងអស់គ្នា និងការលើកកម្ពស់សមត្ថភាពមន្ត្រីអប់រំជាដើម ទី០២ វិធាន ការកំណែទម្រង់វិស័យអប់រំរយៈពេលខ្លី និងរយៈពេលវែងជាដើម។
លោក រស់ សាលីន គូសបញ្ជាក់ដែរថា មុនធ្វើការវាយតម្លៃទៅលើចំនុចវិជ្ជមាន ឬចំនុចអវិជ្ជមានលើវិស័យអប់រំនោះត្រូវតែមានការចូលរួម និងតាមដានសកម្មភាពរបស់ក្រសួងឱ្យបានគ្រប់ជ្រុងជ្រោយទើបការវាយតម្លៃនោះអាចទទួលយកបាន។ លោក រស់ សាលីន៖ «ការវាយតម្លៃជារួមណាមួយដោយមិនដឹងថាតើវិស័យអប់រំគេកំពុងតែធ្វើអ្វី លទ្ធផលអ្វីខ្លះដែលគេទទួលបាន អញ្ចឹងការវាយតម្លៃមួយដែលអាចថា ឈរនៅជ្រុងមួយនៃជ្រុងរាប់រយដែលលទ្ធផលកំពុងតែបាននោះជាការវាយតម្លៃទី ០១ ខ្វះមូលដ្ឋានចំណេះជំនាញពីព័ត៌មាន។ ទី០២ ខ្វះការចូលរួមស៊ីជម្រៅនៅក្នុងវិស័យហ្នឹង ដូច្នេះការវាយតម្លៃណាមួយត្រូវមានការចូលរួមទើបការវាយតម្លៃនោះមានភាពជ្រុងជ្រោយ»។
សូមជំរាបថា វេទិកាអប់រំថ្នាក់តំបន់ស្តីពី «គណនេយ្យភាពសង្គមដើម្បីភាពប្រសើរទ្បើងនៃគុណភាពអប់រំ» ធ្វើទ្បើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកចូលរួមចែករំលែកនូវគំនិត បទពិសោធន៍ វិធីសាស្ត្រផ្សេងៗដើម្បីឆ្ពោះទៅរកការអភវិឌ្ឍវិស័យអប់រំប្រកបដោយចីរភាព។ វេទិកានេះ មានអ្នកចូលរួមប្រជាណ ១២០នាក់ មកពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាតំណាងមកពីរដ្ឋាភិបាល និងតំណាងអង្គការមិនមែនរដ្ឋាភិបាល៕