en     km
en     km

គ​.​ជ​.​ប​ រម្លឹក​ CNRP​ កុំ​ឲ្យ​ឃោសនាបោះឆ្នោត​កំឡុង​ពេល​ដំណើរការ​ចុះ​ឈ្មោះ​

Share

​ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ដាក់​លិខិត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ស្នើ​ឲ្យ​គណបក្សប្រឆាំង​ធំ​នេះ​ ផ្សព្វផ្សាយ​តែ​ខ្លឹមសារ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចេញ​ ដោយ​ គ​.​ជ​.​ប​ គឺ​មិន​ត្រូវ​បន្ថែមបន្ថយ​ខ្លឹមសារ​ក្នុង​ន័យ​ ឃោសនា​ផ្សព្វផ្សាយ​ បញ្ហា​នយោបាយ​ ដូច​ដំណាក់កាល​ ឃោសនាបោះឆ្នោត​នោះ​ឡើយ​។​

NEC-ERA-CAMBODIA
តែ​បែប​នេះ​ក្ដី​មន្ត្រី​អង្គការ​ សង្គម​ស៊ី​វិល​ ឃ្លាំមើល​កិច្ចការ​បោះ​ឆ្នោត​យល់​ថា​ គ​.​ជ​.​ប​ គួរ​ផ្សព្វផ្សាយ​លិខិត​ដូចនេះ​ទៅ​គ្រប់​គណបក្ស​នយោបាយ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

 

​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ កញ្ញា​  ប្រធាន​ គ​.​ជ​.​ប​.​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ បាន​ថ្លែងអំណរគុណ​ ដល់​គណបក្សប្រឆាំង​ ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តាម​ការ​អំពាវនាវ​របស់​ គ​.​ជ​.​ប​.​។​ ប៉ុន្តែ​ក្នុង​លិខិត​នោះ​ បាន​រម្លឹក​ឲ្យ​គណបក្សជំទាស់​នេះ​ កុំ​បន្ថែម​ ឬ​បន្ថយ​ខ្លឹមសារ​ផ្សេង​ទៀត​ ក្នុង​ន័យ​ឃោសនា​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​។​

​លិខិត​ដដែល​ ក៏​បាន​ប្រាប់​ទៅ​ លោក​ យឹ​ម​ សុវណ្ណ​ ឲ្យ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ផង​ដែរ​។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។
​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។

ជុំវិញ​លិខិត​នេះ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ កញ្ញា​ នេះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​លិខិត​របស់​ គ​.​ជ​.​ប​ ។​ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​មិន​ឲ្យ​សកម្មជន​របស់​ខ្លួន​ពាក់អាវ​ ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។​

​លោក​ យឹ​ម​ សុវណ្ណ​៖«​យើង​មិន​ភ្ជាប់​រឿង​នយោបាយ​ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​នោះ​ទេ​ យើង​ធ្វើ​ដោយ​សុទ្ធចិត្ត​។​ ហើយ​ទី​២​ យើង​នឹង​មិន​ឲ្យ​ភ្នាក់ងារ​ ដែល​អំពាវនាវ​ពាក់មួក​ ពាក់អាវ​គណបក្ស​ទេ​ ដើម្បី​ជៀសវាង​គេ​ចោទប្រកាន់​ថា​ យើង​ចង់​ចំណេញ​នយោបាយ​»​។​

​ចំណែក​ លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ហៅ​ថា​ NICFEC​ យល់​ថា​ ជា​រឿង​ល្អ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ស្នើ​ឲ្យ​ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ដូចនេះ​។​ ប៉ុន្តែ​លោក​ថា​ គ​.​ជ​.​ប​ គួរ​ អនុវត្តន៍​ ដូចនេះ​ទៅ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​។​

​លោក​ សំ​ គ​ន្ធា​មី​៖«​គ​.​ជ​.​ប​ គួរតែ​ចេញ​គ្រប់​គណបក្ស​នយោបាយ​ ដែល​មាន​បញ្ជី​ឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​ឲ្យ​ជួយ​គ្រប់​គ្នា​ទៅ​ បាន​យុត្តិធម៌​ ព្រោះ​គណបក្ស​មូលដ្ឋាន​ គណបក្ស​ប្រជាជន​»​។​

​នៅ​ក្នុ្ង​រយៈពេល​ ២៥​ ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ទូ​ទាំង​ប្រទេស​ គ​.​ជ​.​ប​ បាន​ប្រកាស​ថា​ ប្រជាពលរដ្ឋ​ជាង​ ៣​ លាន​ ៤១​ ម៉ឺន​នាក់​ ស្មើនឹង​ជាង​ ៣៥​ ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​សរុប​ជាង​ ៩​ លាន​ ៦៦​ ម៉ឺន​នាក់​បាន​ទៅ​ចុះ​បោះ​ឆ្នោត​។​ ប្រទេស​កម្ពុជា​ នឹង​មាន​រៀបចំ​ការ​បោះ​ឆ្នោត​ សំខាន់​ចំនួន​ ២​ គឺ​ការ​បោះ​ឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្ងៃ​ទី​៤​មិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ អាណត្តិ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ ៕

Share

Image
Image
Image