en     km
en     km

គ​.​ជ​.​ប​ ស្នើ​ឱ្យ​ម្ចាស់​សហគ្រាស​ទាំងអស់​ ឱ្យ​បុគ្គលិក​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា

Share


ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ស្នើ​សុំ​សហភាព​ការងារ​កម្ពុជា​ ក៏​ដូច​ជា​ សហជីព​ផ្សេងៗ​ទៀត​ សហការ​ សម្របសម្រួល​ជាមួយ​ម្ចាស់​ និង​នាយក​ សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ ដើម្បី​ឱ្យ​កម្មករ​ និយោជិត​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ គ្រប់ៗ​គ្នា​។​

nec-01-01
​លិខិត​មួយ​ច្បាប់​របស់​ គ​.​ជ​.​ប​ នា​ថ្ងៃ​ទី​ ២១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ផ្ញើ​ជូន​ប្រធាន​សហភាព​ការងារ​ កម្ពុជា​ ដែល​បាន​ចុះ​ផ្សាយ​ នៅ​ថ្ងៃ​ទី​ ២៧​ កញ្ញា​ បានឱ្យ​ដឹង​ថា​ គ​.​ជ​.​ប​ បាន​ឯកភាព​ និង​ជំរុញ​ដល់​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ក៏​ដូច​ជា​សហជីព​ផ្សេងៗ​ទៀត​ សហការ​សម្រប​ស​ម្រួ​ស​ជាមួយ​ម្ចាស់​ និង​នាយក​សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ ដើម្បី​ឱ្យ​កម្មករនិយោជិត​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​២០១៦​ នៅ​ស្រុក​កំណើត​ ឬ​នៅ​ទី​សំណាក់​ដែល​ពួក​គេ​រស់នៅ​ ឱ្យ​បាន​គ្រប់ៗ​គ្នា​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​រយៈពេល​៩០​ថ្ងៃ​ គឺ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ដោយ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ សហជីព​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​ទទូច​ឱ្យ​រោងចក្រ​ កុំ​ឃា​ឃាំង​កម្មករ​ចេញ​ទៅ​ខេត្ត​ ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ សហជីព​ទាំងនោះ​ បាន​ចាត់​ទុក​កម្មករ​ជា​ផ្នែក​មួយ​ ដែល​ត្រូវ​បញ្ចេញ​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ជោគវាសនា​របស់​ខ្លួន​។​

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់

​លោក​ អាត់​ ធន​ ប្រធាន​សហភាព​ ការងារ​កម្ពុជា​ ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា​ កម្មករ​ គឺជា​ផ្នែក​មួយ​ នៃ​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​មួយ​របស់​សង្គម​ ហើយ​ កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ បោះ​ឆ្នោត​ ពិតជា​សំឡេង​មួយ​មាន​ឥទ្ធិពល​ ព្រោះ​កម្មករ​នៅ​កម្ពុជា​ មាន​ជាង​ ៨០​ម៉ឺន​នាក់​។​

​យ៉ាងណា​ ក៏​ដោយ​ លោក​ អាត់​ ធន់​ មិន​សង្ឃឹមថា​កម្មករ​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ច្រើន​ទេ​ដោយសារ​តែ​នីតិវិធី​ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ភ្នំពេញ​ ឬ​នៅ​ទីកន្លែង​ផ្សេង​ទៀត​មានការ​លំបាក​ ព្រោះ​ មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាមទារ​ លក្ខខណ្ឌ​ច្រើន​។​

​លោក​ អាត់​ ធន់​ ៖«​ខ្ញុំ​ឃើញ​ថា​ ដូច​ជា​មិន​មានបាន​ច្រើន​ទេ​ បើសិនជា​រដ្ឋាភិបាល​ មិន​ផ្ដល់​ពេល​អោយ​ខាង​កម្មករ​ បាន​ទៅ​ចុះ​ឈ្មោះ​ ហើយ​បើសិនជា​ចុះ​ឈ្មោះ​ហើយ​ ក៏​មិន​អាច​បាន​ទៅ​បោះ​ដែរ​ ព្រោះ​គាត់​គេ​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​គាត់​ផង​ហ្នឹង​»​។​

​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​អព្យាក្រឹត​ និង​យុត្ដិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ យល់​ឃើញ​ថា​ ការ​អំពាវនាវ​របស់​ គ​.​ជ​.​ប​ នៅ​ពេល​នេះ​ ជា​រឿង​ល្អ​មួយ​ សម្រាប់​ជួយ​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​កាន់តែ​រលូន​។​

​លោក​ សំ​ គ​ន្ធា​មី​ ថា​៖​ «​ការ​អំពាវនាវ​នេះ​ជា​ចំនុច​ល្អ​ហើយ​ គ្រឹះស្ថាន​ទាំងអស់​ ហើយ​ក្រុមហ៊ុន​ទាំងអស់​ គួរតែ​ផ្ដល់​ថ្ងៃ​ឈប់​សំរាក​ឱ្យ​សមរម្យ​ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​ក្រុមហ៊ុន​ទាំងអស់​ក៏​លើកទឹកចិត្ត​ ជម្រុញ​ឱ្យ​បុគ្គលិក​ខ្លួន​ហ្នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា​ផង​ដែរ​។​ នេះ​ជា​ការ​ល្អ​មួយ​ដើម្បី​ជួយ​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​»​។​

​តាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខាងលើ​ គឺ​ ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ ព្រមទាំង​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦​ ផ្ដល់​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ អាច​ចុះ​ឈ្មោះ​ នៅ​ទី​សំណាក់​ដែល​ខ្លួន​ស្នាក់​នៅ​ ឬ​អាស្រ័យ​នៅ​ជាក់ស្ដែង​ រយៈពេល​ជា​កំណត់​ណាមួយ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ក៏​បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ បាន​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ រយៈពេល​០៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៦៕

Share

Image
Image
Image