សហរដ្ឋអាមេរិក៖ នៅក្នុងកិច្ចពិភាក្សាជាលើកដំបូងតាមកញ្ចក់ទូរទស្សន៍ ដែលមានអ្នកចូលទស្សនាភ្លាមៗជាង១០០លាននាក់ លោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ដ្រីការបរទេស និងជាបេក្ខជនតំណែងប្រធានាធិបតី ក្នុងការបោះឆ្នោតថ្ងៃ៨វិច្ឆិកា ខាងមុខនេះ បានថ្លែងសន្យាថានិងពង្រីកការងារដល់យុវជន១០លានការងារទៀត ខណៈលោកដូណាល់ត្រាំ ក៏សន្យាដូចគ្នានេះដែរ។
នៅក្នុងកិច្ចពិភាក្សាជាលើកដំបូងនេះ ដែលផ្សាយចេញពីទូរទស្សន៍រដ្ឋអាមេរិក លោកស្រី គ្លីនតុន បានសន្យាបន្ថែម មុខរបរការងារ ដល់ពលរដ្ឋអាមេរិកកាំង អោយកាន់តែច្រើនថែមទៀត ស្របពេលដែលលោកស្រី អះអាងពីការធ្វើអោយសេដ្ឋកិច្ចអាមេរិក កាន់តែខ្លាំងនៅរយៈពេល ចុងក្រោយនេះ ដែលស្ថិតនៅក្រោមការដឹកនាំប្រជាធិបតេយ្យរបស់លោកស្រី។
តាមបណ្ដាញផ្សាយព័ត៌មាន BBC បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ គឺ មហាសេដ្ឋីអចលនទ្រព្យ ដូណាល់ត្រាំ បាននិយាយថា អ្វីដែលធ្វើឱ្យពលរដ្ឋអាមេរិកកាំង មិនសូវមានការងារធ្វើ គឺ ដោយសារតែ ទំនាក់ទំនងពានិជ្ជកម្ម និងបណ្ដាដៃគូធំៗជាច្រើនទៀត នៅមានចំនុចគុណវិបត្តិច្រើន ដែលលោកថា លោកនឹងធ្វើអោយប្រសើរឡើងវិញ បើលោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ប្រជាជនអាមេរិកនឹងចេញទៅបោះឆ្នោតថ្ងៃ៨វិច្ឆិកា គឺ ជ្រើសរើសប្រធានាធិបតី លើកទី៤៥ ជំនួស លោក អូបាម៉ា ដែលត្រូវចូលនិវត្តន៍ បន្ទាប់ពីលោកកាន់តំណែងបាន២អាណត្តិរយៈពេល៨ឆ្នាំ៕ ប្រភពៈBBC