តៃវ៉ាន់៖ ជើងហោះហើរ និងរថភ្លើង នឹងត្រូវរំខានដោយព្យុះទីហ្វុងទីបី ក្នុងខែកញ្ញានេះ នៅលើកោះតៃវ៉ាន់។ ចំណែកស្ថាប័នការងារទាំងរដ្ឋ និងឯកជនភាគច្រើន ព្រមទាំងសាលារៀនមួយចំនួនផងដែរ ក៏ត្រូវបិទជាបណ្តោះអាសន្នមួយរយៈនៅថ្ងៃ អង្គារ ទី២៧ កញ្ញានេះ។ រីឯនិយ័តករ ហិរញ្ញវត្ថុ ក៏បានឱ្យដឹងថា ទីផ្សារហិរញ្ញវត្ថុ របស់កោះនេះក៏ត្រូវបិទនៅថ្ងៃនេះដែរ។
ព្យុះទីហ្វុងដែលមានឈ្មោះថា Megi ត្រូវគេរំពឹងថា នឹងអាចធ្វើឱ្យមានការបាក់ដី នៅភាគខាងកើត ឆ្នេរ លើកោះនេះ នៅរសៀលថ្ងៃអង្គារនេះ។
លោក Hsieh Ming-Chang មន្ត្រីការិយាល័យអាកាសធាតុ បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា៖ «ក្រៅពីមានភ្លៀងធ្លាក់ខ្លាំងនោះ ក៏នឹងមានសន្ទុះខ្យល់ធំមួយ បក កាត់កោះតៃវ៉ាន់ដែរ»។
ក្រុមហ៊ុនរថភ្លើងរបស់កោះនេះ បានបញ្ជាក់ថា ជើងចេញដំណើរ របស់ខ្លួន នឹងត្រូវផ្អាកសេវា នៅថ្ងៃអង្គារនេះ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ EVA Airways Corp ដែលជាជើងហោះហើរ អន្ដរជាតិ ដ៏សំខាន់របស់កោះតៃវ៉ាន់ ក៏បានបញ្ជាក់ថា ខ្លួនត្រូវលុបចោលការហោះហើរ ហើយក្រុមហ៊ុនកំពុងកំណត់ពេលវេលាថ្មីសម្រាប់ការហោះហើរ។
គួររំលឹកថា កាលពីដើមខែនេះព្យុះទីហ្វុង Meranti បានសម្លាប់មនុស្សយ៉ាងតិចណាស់ ២៨ នាក់នៅក្នុងប្រទេសចិន និងកោះតៃវ៉ាន់ ហើយព្យុះទីហ្វុងនេះក៏បានបំផ្លាញផ្ទះ សម្បែងពលរដ្ឋជាងមួយលានខ្នងផងដែរ៕ ប្រភព៖CNA