កាលពីថ្ងៃទី ២៤ កញ្ញា គឺជាវេនដែលប្រទេសនៅអាស៊ីអាគ្នេយ៌មួយចំនួន ត្រូវឡើងថ្លែងសុន្ទរកថាទៅកាន់ គណៈប្រតិភូចូលរួមហាសន្និបាតអង្គ ការសហប្រជាជាតិ លើកទី ៧១ ដែលធ្វើឡើងនៅ ក្រុងញូវយ៉កសហរដ្ឋអាមេរិក ។ ប្រទេស ២ គឺ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន។
តំណាងឱ្យកម្ពុជា គឺលោក ប្រាក់ សុខន រដ្ឋមន្ត្រីការបរទេស និង តំណាងឱ្យប្រទេសហ្វីលីពីនគឺលោក រដ្ឋមន្ត្រីការបរទេស Perfecto Yasay។
លោករដ្ឋមន្ត្រីការបរទេសទាំង ២ រូបនេះ បានឡើងថ្លែងសុន្ទរកថាបន្ទាប់គ្នា។ ប៉ុន្តែសុន្ទកថា របស់តំណាងប្រទេសទាំង ២ នេះ ធ្វើឱ្យមានភ្ញាក់ផ្អើលច្រើនដល់គណៈប្រតិភូ។
បើតាមបណ្ដាញផ្សាយព័ត៌មានបរទេសជាច្រើនចុះផ្សាយថា អ្វីនាំឱ្យមានការភ្ញាក់ផ្អើល គឺប្រទេស ២ នៅអាស៊ីអាគ្នេយ៌នេះឡើងនិយាយ ការពារមេដឹកនាំ និងបក្សកាន់អំណាចរបស់ខ្លួន ជាជាងនិយាយពីប្រធានបទដែលដាក់ចុះដោយមហាសន្និបាត។
សុន្ទកថារបស់ប្រទេសទាំង ២

តំណាងកម្ពុជាលោក ប្រាក់ សុខុន ថ្លែងថា ៖«ស្ថាប័នអន្ដរជាតិ និងសមាជិកសភាលោកខាងលិចជួន កាលបានចោទប្រកាន់ និងព្យាយយាមដាក់ការស្ដីបន្ទោស។ ខ្ញុំនៅទីនេះ ចំពោះមុខអស់លោកមិនមែនក្នុងនាមជាគណបក្សដែលត្រូវបានចោទប្រកាន់ទេ ខ្ញុំនិយាយទៅកាន់អស់លោកក្នុងនាមជាប្រទេសដែលតែងតែត្រូវបានវិនិច្ឆ័យក្នុងផ្លូវអវិជ្ជមាន ហើយថែមទាំងតែងតែត្រូវបានគេយល់ខុស និងមិនទទួលស្គាល់ទៀតផង ជាពិសេសនៅលោកខាងលិច»។ នេះជាការដកស្រង់ពីកាសែត Cambodia Daily ចុះផ្សាយនៅថ្ងៃទី២៦កញ្ញានេះ។
នៅក្នុងសុន្ទកថានេះ លោក ប្រាក់ សុខុន បានថ្លែងចោទប្រកាន់ទៅក្រុមប្រឆាំងថា បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
នៅពេលជាមួយគ្នានេះដែរ តំណាងប្រទេសហ្វីលីពីន ក៏បានឡើងថ្លែងសុន្ទរកថាទៅកាន់គណៈប្រតិភូ។ លោក Yasay រដ្ឋមន្ត្រីការបរទេសហ្វីលីពីននិយាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតី Duterte បានប្ដេជ្ញាដើម្បីរំដោះប្រទេសហ្វីលីពីនពីបញ្ហាពុករលួយ និងការជាប់គាំងផ្សេងទៀត រួមទាំងការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងប្រទេស។
លោក Yasay ៖«យើងសូមទទូចឱ្យអ្នកគ្រប់គ្នាអនុញ្ញាតឱ្យពួកយើង ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈមក្នុងស្រុករបស់យើង ក្នុងគោលបំណងដើម្បីសម្រេចបាននូវគោលដៅជាតិរបស់យើងដោយគ្មានការជ្រៀតជ្រែកហួសហេតុពេក»។

សុន្ទរកថារបស់ប្រទេសអាស៊ីអាគ្នេយ៌ ២ នេះ ខុសប្លែងពីប្រទេសច្រើន
តាមបណ្ដាញផ្សាយព័ត៌មាន បរទេសដែលផ្សាយចេញពីអង្គការសហប្រជាជាតិ គណៈប្រតិភូជាច្រើន មានការចាប់អារម្មណ៍ការលើកឡើងតំណាងប្រទេសទាំង ២នេះ ដោយពួកគេបានចោទសួរគ្នា ពីហេតុផលដែលនាំឱ្យប្រទេស ២ នេះ និយាយខុសគេបន្តិច ដោយលើកពីបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ តែអ្វីដែលមានការចោទសួរនោះ គឺ ប្រទេស ២ នេះ សិទ្ធិតែរងការថ្កោលទោស ពីសហគមន៍អន្តរជាតិ ករណី រំលោភសិទ្ធិមនុស្ស និងរំលោភលើគោលការណ៍នីតិរដ្ឋ។
ប្រទេសកម្ពុជា ត្រូវបានសហគមន៍អន្ដរជាតិជាពិសេសសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុក ជារដ្ឋមួយនៅអាស៊ីអាគ្នេយ៌ កំពុងដើរលើផ្លូវដ៏គ្រោះថ្នាក់ គឺការរំលោភសិទ្ធិមនុស្ស និងបំបិទសម្លេងក្រុមប្រឆាំង។
សហគមន៍អន្ដរជាតិទាំងនេះទទូចឱ្យកម្ពុជាវិលមករកភាពប្រក្រតីវិញអោយបានឆាប់បំផុត មុនការបោះឆ្នោតចូលមកដល់។
ចំណែកឯប្រទេសហ្វីលីពីន ក៏ត្រូវបានសហគមន៍អន្ដរជាតិថ្កោលទោសផងដែរ ដោយសារប្រទេសនេះ បានសម្លាប់មនុស្សជាង ៣៥០០នាក់ ក្រោមហេតុផលធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្មគ្រឿងញៀន ដែលសហគមន៍អន្ដរជាតិចាត់ទុកថា ជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ នឹងឃោរឃៅបំផុត។
សហគមន៍អន្ដរជាតិសរសើរប្រទេសភូមា

យ៉ាងណាក៏ដោយ ប្រទេសជាច្រើនបានថ្លែងសរសើរប្រទេសភូមាដែលបច្ចុប្បន្នដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី ជើងឯកប្រជាធិបតេយ្យពិភពលោក។
សហភាពអឺរ៉ុបដែលមានសមាជិក ២៨ ប្រទេស និងសហរដ្ឋអាមេរិកបានសម្រេចលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសភូមា ដោយចាប់ពីនេះតទៅ។
ការថ្លែងប្ដេជ្ញាចិត្តរបស់សហគមន៍អន្ដរជាតិធ្វើឡើងស្របពេលដែល លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្ដ្រីការបរទេស និងជាប្រធានទីប្រឹក្សារដ្ឋរបស់អតីតប្រទេសយោធាមួយនេះ បានថ្លែងសុរន្ទកថា ទៅកាន់គណៈប្រតិភូ ដោយនិយាយអំពីបញ្ហាពិភពលោក និងបញ្ហាតំបន់ ព្រមទាំងបញ្ហាប្រទេសភូមាផងដែរ។
ជាការកត់សម្គាល់ប្រទេសមួយចំនួនដែលមេដឹកនាំប្រទេសនោះត្រូវគេរិះគន់ថា ជាមេដឹកនាំបែបផ្ដាច់ការ អត្ដាធិបតេយ្យនិយម និងរំលោភសិទ្ធិមនុស្សមិនបានទៅថ្លែងសុរន្ទកថា ទៅកាន់មហាសន្និបាតនេះទេ ដោយចាត់តាំងរដ្ឋមន្ដ្រីការបរទេសរបស់ខ្លួនទៅជំនួស ខណៈប្រទេសកាន់គោលការណ៍លទ្ធិប្រជាធិបតេយ្យជឿនលឿន គឺមេដឹកនាំទាំងនោះ បានថ្លែងសុរន្ទកថាដោយខ្លួនគេផ្ទាល់៕