ភ្នំពេញ៖ ប្រធាននាយកដ្ឋានសោតទស្សន៍នៃក្រសួងព័ត៌មានបានឲ្យដឹងថា មន្ត្រីសាធារណៈរបស់រដ្ឋ ចាប់ពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិអាចនឹងរងការពិន័យយ៉ាងធ្ងន់ធ្ងរ ក្នុងករណីបដិសេធមិនផ្តល់ព័ត៌មានតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។ លោកថ្លែងដូចនេះ នៅក្នុងវេទិកាស្តីពី« សិទ្ធិទទួលបានព័ត៌មាន» នៅថ្ងៃទី ២៦ ខែ កញ្ញា នៅរាជធានីភ្នំពេញ។
មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) រួមសហការជាមួយ ក្រសួងព័ត៌មាន អង្គការ UNESCO ស្ថានទូតស៊ុយអ៊ែត និង តំណាងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានៅថ្ងៃចន្ទ បានបើកវេទិកាសហគមន៍ ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន» ។
វេទិកានេះ បានសហការចូលរួមដោយតំណាងសហគមន៍ចំនួន ៥០នាក់ មកពីខេត្តស្វាយរៀង ព្រៃវែង តាកែវ កណ្ដាល និងរាជធានីភ្នំពេញ ដោយបើកឲ្យមានការសួរដេញដោលអំពីសេចក្តីព្រាងច្បាប់នេះ។
លោក សាន ពុទ្ធារី ប្រធាននាយកដ្ឋានសោតទស្សន៍នៃក្រសួងព័ត៌មាន បានថ្លែងនៅក្នុងវេទិការស្តីពី«សិទ្ធិទទួលបានព័ត៌មាន»នៅព្រឹកមិញនេះថា មន្ត្រីសាធារណៈរបស់រដ្ឋ នឹងទទួលការពិន័យផ្នែករដ្ឋបាល ប្រសិនបើសេចក្តីព្រាងច្បាប់ស្តីពី«សិទ្ធិទទួលបានព័ត៌មាន» ត្រូវបានអនុម័តឲ្យប្រើ ប្រាស់ ករណីពួកគេបដិសេធមិនផ្តល់ព័ត៌មានដល់ពលរដ្ឋ។
ប៉ុន្តែលោកបញ្ជាក់ថា យោងតាមមាត្រា ២០ នៃសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នសាធារណៈអាចបដិសេធផ្តល់ព័ត៌មានដល់សាធារណជនបាន ប្រសិនបើការបញ្ចេញព័ត៌មាននោះបណ្តាលឲ្យអន្តរាយដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងអន្តរាយដល់ប្រទេសដទៃ រួមទាំងអន្តរាយដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិជាដើម។
បន្ថែមពីនេះទៀតលោកថា ការបញ្ចេញព័ត៌មាននោះ ធ្វើឲ្យប៉ះពាល់ដល់សំណុំរឿងតុលាការ ឬ ការសម្ងាត់របស់តុលាការ អាថ៌កំបាំងឯកជនបុគ្គល និងប៉ះពាល់ដល់លិខិតបទដ្ឋានគតិយុត្តក៏ត្រូវហាមដែរ។ តែលោកថា ចំពោះព័ត៌មានសាធារណៈគឺគេមិនត្រូវលាក់បាំងឡើយ។ លោក សាន ពុទ្ធារី៖«ទោសបញ្ញាតមានចែកជំពូក៧ មាត្រា ២៥ មន្រ្តីស្ថាប័នសាធារណៈ ឬមន្រ្តីទទួលបន្ទុកព័ត៌មានដែលពុំបានបំពេញកត្តកិច្ច តាម បទបញ្ញាតមាត្រា ៩ មាត្រា ១១ មាត្រា ១២ មាត្រា ១៣ មាត្រា ១៤ មាត្រា ១៧ មាត្រា ១៨ និង មាត្រា២៣ ត្រូវទទួលទណ្ឌកម្មខាង ពិន័យ រដ្ឋាលដោយមិនទាន់គិតទោសព្រហ្មទណ្ឌ»។
ប្រជាសហគមន៍មកពីខេត្តមួយចំនួនដែលបានចូលរួមវេទិកាស្តីពី«សិទ្ធិទទួលបានព័ត៌មាន» បានសាទរនឹងសេចក្ដីព្រាងច្បាប់នេះ ប៉ុន្តែពួកគាត់បារម្ភអំពីការអនុវត្តច្បាប់មិនស្មើភាពគ្នា នៅពេលប្រជាពលរដ្ឋបានប្តឹងទៅមន្ត្រីសាធារណៈពីការបដិសេធផ្តល់ព័ត៌មាន។
អ្នកស្រី ច្រាយ នីម ពលរដ្ឋសហគមន៍ព្រលានយន្តហោះ និយាយថា ជាបទពិសោធន៍កន្លងមក ដោយសារប្រជាពលរដ្ឋមិនទទួលបានព័ត៌មានច្បាស់លាស់ពីស្ថាប័នសាធារណៈ បានធ្វើឲ្យសហគមន៍របស់អ្នកស្ត្រីស្ថិតនៅក្នុងភាពស្រពិចស្រពិលនៃគម្រោងពង្រីកព្រលានយន្ត បើទោះបីជាសម្តេច ហ៊ុន សែន បានប្រកាសថា គ្មានគម្រោងពង្រីកព្រលានយន្តយ៉ាងណាក្តី។
តែបែបនេះក្ដី អ្នកស្រីសង្ឃឹមថា នៅពេលដែលសេចក្តីព្រាងច្បាប់នេះអនុម័តឲ្យប្រើប្រាស់ នឹងអាចជួយកាត់បន្ថយប្រជាពលរដ្ឋរងគ្រោះពីគម្រោងអភិវឌ្ឍនានា ។ អ្នកស្រី ច្រាយ នីម៖«យើងមើលឃើញថា រាជរដ្ឋាភិបាល ការអភិវឌ្ឍន៍របស់គាត់គ្រប់ទីកន្លែង ទំាង ២៥ ខេត្តក្រុង គឺមិនបាន ពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋជាមុន ពិសេសព័ត៌មាន ប្រជាពលរដ្ឋអត់មានដឹងព័ត៌មានថា គេយកធ្វើអ្វីៗ តែបែជាប្រជា ពលរដ្ឋ ដែលដឹងគឺច្រើន តែ លិខិត ស ជ ណ ឲ្យរុះរើចេញលំនៅឋាន គ្រប់ទីកន្លែងទំាងអស់ អញ្ចឹងធ្វើឲ្យមានទំនាស់គ្រប់ទីកន្លែងទំាងអស់»។
ប្រជាពលរដ្ឋចូលរួមវេទិការនេះម្នាក់ទៀត គឺ លោក គឹម វុទ្ធី យល់ថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍លោក នៅមិនទទួលបានព័ត៌មានទំលំទូ លាយនៅឡើយទេ ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍនានា ពិសេសព័ត៌មាន ទាក់ទងទៅនិងតម្លៃកសិកម្ម និង តម្រូវការទីផ្សារ ជាដើម។ លោក គឹម វុទ្ធី បានសំណូមពរឲ្យមន្ត្រីសាធារណៈផ្តល់ព័ត៌មានឲ្យទំលំទូលាយដល់ប្រជាពលរដ្ឋដោយកុំរើសអើងនិន្នាការនយោបាយ។ លោក គឹម វុទ្ធី៖ «សំណូមពរឲ្យអាជ្ញាធរចេះគោរពសិទ្ធិត្រូវទទួលបានព័ត៌មាន ព្រោះភាគច្រើនឲ្យតែប្រជាពលរដ្ឋលោកចង់ដឹងព័ត៌មាន ចង់ ទទួលបានអ្វី គឺលោកតែតែងលាក់បំាង វាហាក់បីផ្ទុយអំពីសិទ្ធិនៃការទទួលព័ត៌មាន»។
តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោកស្រី Anne Lemaistre បានថ្លែងថា ច្បាប់ស្តីពី«សិទ្ធិទទួលបានព័ត៌មាន» នឹងផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋទទួលបានព័ត៌មានសាធារណៈប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ។
លោកស្រី AnneLemaistre៖«នេះគឺជាច្បាប់ដែលផ្តល់លទ្ធិភាពជូនប្រជាពលរដ្ឋទទួលបាននូវព័ត៌មានសាធារណៈ អញ្ចឹងវាជាច្បាប់មួយដ៏ សំខាន់ …….ហើយវាច្បាប់នេះអនុញ្ញាតនៅតម្លាភាព និងអភិបាលកិច្ចល្អ…..ពិសេសទទួលបានកម្មវត្ថុជាច្រើនពីរដ្ឋាភិបាលអំពីបញ្ហា សុខភាព កសិកម្ម បរិស្ថាន សិទ្ធិមនុស្ស»។
សេចចក្តីព្រាងច្បាប់នេះ បានចែងថា ប្រជាពលរដ្ឋអាចស្នើសុំព័ត៌មានពីស្ថាប័នសាធារណៈដោយលាយលក្ខអក្សរ ឬផ្ទាល់មាត់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ ថ្លែងកាលពីដើមខែកញ្ញាថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន តាក់តែងបានលទ្ធផលជាង ៤០ ភាគរយហើយ ។ លោករដ្ឋមន្ត្រីថា ក្រសួងចង់បញ្ចប់សេចក្តីព្រាងច្បាប់នេះ នៅក្នុងឆ្នាំ ២០១៦ ប៉ុន្តែដោយសារតែដៃគូពាក់ព័ន្ធនៅមានការខ្វែងគំនិតគ្នាមួយចំនួននៅទ្បើយ ទើបក្រសួងពន្យាពេលរហូតទៅដល់ឆ្នាំក្រោយទៀត។ សេចក្តីព្រាងបឋម ស្តីពីច្បាប់សិទ្ធិទទួលព័ត៌មាន មាន ៩ ជំពូក និង ៣៦ មាត្រា ហើយរហូតមកដល់បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់នេះបានព្រមព្រៀង និងអនុម័ត បានចំនួន ១៤ មាត្រា ៕