en     km
en     km

អ្នកជំនាញ​៖​ មន្ត្រី​សាធារណៈ​របស់​រដ្ឋ​អាច​នឹង​ពិន័យ​ធ្ងន់ធ្ងរ​បើ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​🔊

Share

ភ្នំពេញ៖ ប្រធាន​នាយកដ្ឋាន​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​សាធារណៈ​របស់​រដ្ឋ​ ចាប់ពី​ថ្នាក់​ក្រោម​ជាតិ​រហូត​ដល់​ថ្នាក់​ជាតិ​អាច​នឹង​រង​ការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ ក្នុង​ករណី​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​។ ​លោក​ថ្លែង​ដូចនេះ​ នៅ​ក្នុង​វេទិកា​ស្តី​ពី​«​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​»​ នៅ​ថ្ងៃ​ទី​  ២៦​ ខែ​ កញ្ញា​ នៅ​រាជធានី​ភ្នំពេញ​។​

 

ប្រធានអង្គការកំពុងពិនិត្យ និងពិភាក្សា ក្នុងវេទិកាសហគមន៍ ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន»។រូបភាពពីWMC
ប្រធានអង្គការកំពុងពិនិត្យ និងពិភាក្សា ក្នុងវេទិកាសហគមន៍ ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន»។រូបភាពពីWMC

​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ (WMC)​ រួម​សហការ​ជាមួយ​ ក្រសួង​ព័ត៌មាន​  អង្គការ​ UNESCO​ ស្ថានទូត​ស៊ុ​យ​អ៊ែ​ត​  និង​ តំណាង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ បាន​បើក​វេទិកា​សហគមន៍​ ស្ដី​ពី​«​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​»​ ។​

​វេទិកា​នេះ​ បាន​សហការ​ចូលរួម​ដោយ​តំណាង​សហគមន៍​ចំនួន​ ៥០​នាក់​ មក​ពី​ខេត្តស្វាយរៀង​ ព្រៃវែង​ តាកែវ​ កណ្ដាល​ និង​រាជធានី​ភ្នំពេញ​ ដោយ​បើក​ឲ្យ​មានការ​សួរ​ដេញដោល​អំពី​សេចក្តីព្រាងច្បាប់​នេះ​។​

លោក​ សាន​ ពុទ្ធា​រី​ ប្រធាន​នាយកដ្ឋាន​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ បាន​ថ្លែង​នៅ​ក្នុង​វេទិការ​ស្តី​ពី​«​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​»​នៅ​ព្រឹក​មិ​ញ​នេះ​ថា​ មន្ត្រី​សាធារណៈ​របស់​រដ្ឋ​ នឹង​ទទួល​ការ​ពិន័យ​ផ្នែក​រដ្ឋបាល​ ប្រសិនបើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​«​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​»​ ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ ប្រាស់​ ករណី​ពួក​គេ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​។​

ប៉ុន្តែ​លោក​បញ្ជាក់​ថា​ យោង​តាម​មាត្រា​ ២០​ នៃ​សេចក្តីព្រាងច្បាប់​នេះ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​បាន​ ប្រសិនបើ​ការ​បញ្ចេញ​ព័ត៌មាន​នោះ​បណ្តាល​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​អន្តរាយ​ដល់​ប្រទេស​ដទៃ​ រួម​ទាំង​អន្តរាយ​ដល់​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជាតិ​ជាដើម​។​

បន្ថែម​ពី​នេះ​ទៀត​លោក​ថា​ ការ​បញ្ចេញ​ព័ត៌មាន​នោះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំណុំរឿង​តុលាការ​ ឬ​ ការ​សម្ងាត់​របស់​តុលាការ​ អាថ៌​កំបាំង​ឯកជន​បុគ្គល​ និង​ប៉ះពាល់​ដល់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក៏​ត្រូវ​ហាម​ដែរ​។​ តែ​លោក​ថា​ ចំពោះ​ព័ត៌មាន​សាធារណៈ​គឺ​គេ​មិន​ត្រូវ​លាក់បាំង​ឡើយ​។​ លោក សាន ពុទ្ធារី៖«ទោសបញ្ញាតមានចែកជំពូក៧ មាត្រា ២៥ មន្រ្តីស្ថាប័នសាធារណៈ ឬមន្រ្តីទទួល​បន្ទុក​​​ព័ត៌មានដែលពុំបានបំពេញកត្តកិច្ច តាម បទបញ្ញាតមាត្រា មាត្រា ១១ មាត្រា ១២ មាត្រា ១៣ មាត្រា ១៤ មាត្រា ១៧ មាត្រា ១៨ និង មាត្រា២៣ ត្រូវទទួលទណ្ឌកម្មខាង ពិន័យ រដ្ឋាលដោយមិនទាន់គិត​ទោសព្រហ្មទណ្ឌ»។

លោក សាន ពុទ្ធារី ប្រធាននាយកដ្ឋានសោតទស្សន៍នៃក្រសួងព័ត៌មាន ។រូបភាពWMC
លោក សាន ពុទ្ធារី ប្រធាននាយកដ្ឋានសោតទស្សន៍នៃក្រសួងព័ត៌មាន ។រូបភាពWMC

​ប្រជា​សហគមន៍​មក​ពី​ខេត្ត​មួយ​ចំនួន​ដែល​បាន​ចូលរួម​វេទិកា​ស្តី​ពី​«​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​»​ បាន​សាទរ​នឹង​សេចក្ដីព្រាងច្បាប់​នេះ​ ប៉ុន្តែ​ពួក​គាត់​បារម្ភ​អំពី​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា​ នៅ​ពេល​ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​មន្ត្រី​សាធារណៈ​ពី​ការ​បដិសេធ​ផ្តល់​ព័ត៌មាន​។​

អ្នកស្រី​ ច្រា​យ​ នី​ម​ ពលរដ្ឋ​សហគមន៍​ព្រ​លាន​យន្តហោះ​ និយាយ​ថា​ ជា​បទ​ពិសោធន៍​កន្លង​មក​ ដោយសារ​ប្រជាពលរដ្ឋ​មិន​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ពី​ស្ថាប័ន​សាធារណៈ​ បាន​ធ្វើ​ឲ្យ​សហគមន៍​របស់​អ្នក​ស្ត្រី​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៃ​គម្រោង​ពង្រីក​ព្រ​លាន​យន្ត​ បើ​ទោះបីជា​សម្តេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ គ្មាន​គម្រោង​ពង្រីក​ព្រ​លាន​យន្ត​យ៉ាងណា​ក្តី​។​

តែ​បែប​នេះ​ក្ដី​ អ្នកស្រី​សង្ឃឹមថា​ នៅ​ពេល​ដែល​សេចក្តីព្រាងច្បាប់​នេះ​អនុម័ត​ឲ្យ​ប្រើប្រាស់​ នឹង​អាច​ជួយ​កាត់​បន្ថយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ពី​គម្រោង​អភិវឌ្ឍ​នានា​ ។​ អ្នកស្រី ច្រាយ នីម៖«យើងមើលឃើញថា រាជរដ្ឋាភិបាល ការអភិវឌ្ឍន៍របស់គាត់គ្រប់ទីកន្លែង ទំាង ២៥ ខេត្តក្រុង គឺមិន​បាន ពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋជាមុន ពិសេសព័ត៌មាន ប្រជាពលរដ្ឋអត់មាន​ដឹង​ព័ត៌​មានថា គេយកធ្វើអ្វីៗ តែបែជាប្រជា ពលរដ្ឋ ដែលដឹងគឺច្រើន តែ លិខិត ឲ្យរុះរើចេញលំនៅឋាន គ្រប់ទីកន្លែងទំាងអស់ អញ្ចឹងធ្វើឲ្យមានទំនាស់គ្រប់ទីកន្លែងទំាងអស់»

​ប្រជាពលរដ្ឋ​ចូលរួម​វេទិការ​នេះ​ម្នាក់​ទៀត​ គឺ​ លោក​ គឹ​ម​ វុ​ទ្ធី​ យល់​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​លោក​ នៅ​មិន​ទទួល​បាន​ព័ត៌មាន​ទំ​លំ​ទូ លាយ​នៅឡើយ​ទេ​ ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​អភិវឌ្ឍ​នានា​ ពិសេស​ព័ត៌មាន​ ទាក់ទង​ទៅ​និង​តម្លៃ​កសិកម្ម​ និង​ តម្រូវការ​ទីផ្សារ​ ជាដើម​។​ លោក​ គឹ​ម​ វុ​ទ្ធី​ បាន​សំណូមពរ​ឲ្យ​មន្ត្រី​សាធារណៈ​ផ្តល់​ព័ត៌មាន​ឲ្យ​ទំ​លំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ដោយ​កុំ​រើសអើង​និន្នាការ​នយោបាយ​។​ លោក គឹម វុទ្ធី៖ «សំណូមពរឲ្យអាជ្ញាធរចេះគោរពសិទ្ធិត្រូវទទួលបានព័ត៌មាន ព្រោះភាគច្រើនឲ្យតែប្រជាពល​រដ្ឋលោក​ចង់​ដឹងព័ត៌មាន ចង់ ទទួលបានអ្វី គឺលោកតែតែងលាក់បំាង វាហាក់បីផ្ទុយអំពីសិទ្ធិនៃការ​ទទួល​ព័ត៌​មាន»។

​តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី​  Anne​ Lemaistre​ បាន​ថ្លែង​ថា​ ច្បាប់​ស្តី​ពី​«​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​»​ នឹង​ផ្តល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​ប្រកបដោយ​តម្លាភាព​ និង​អភិបាលកិច្ច​ល្អ​។​
លោកស្រី  Anne​Lemaistre៖«នេះគឺជាច្បាប់ដែលផ្តល់លទ្ធិភាពជូន​ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន​សាធារណៈ អញ្ចឹង​វាជាច្បាប់មួយដ៏ សំខាន់ …….ហើយវាច្បាប់នេះអនុញ្ញាតនៅតម្លាភាព និងអភិ​បាល​កិច្ច​ល្អ…..ពិសេស​​ទទួល​​បានកម្មវត្ថុជាច្រើនពីរដ្ឋាភិបាលអំពីបញ្ហា សុខភាព កសិកម្ម បរិស្ថាន សិទ្ធិមនុស្ស»។

​សេច​ច​ក្តី​ព្រាង​ច្បាប់​នេះ​ បាន​ចែង​ថា​ ប្រជាពលរដ្ឋ​អាច​ស្នើ​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​ដោយ​លាយ​លក្ខ​អក្សរ​ ឬ​ផ្ទាល់មាត់​។​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កញា​រី​ទ្ធ​ ថ្លែង​កាលពីដើម​ខែកញ្ញា​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ តាក់តែង​បាន​លទ្ធផល​ជាង​ ៤០​ ភាគរយ​ហើយ​ ។​ លោក​រដ្ឋមន្ត្រី​ថា​ ក្រសួង​ចង់​បញ្ចប់​សេចក្តីព្រាងច្បាប់​នេះ​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ប៉ុន្តែ​ដោយសារ​តែ​ដៃគូ​ពាក់ព័ន្ធ​នៅ​មានការ​ខ្វែងគំនិត​គ្នា​មួយ​ចំនួន​នៅ​ទ្បើ​យ​ ទើប​ក្រសួង​ពន្យា​ពេល​រហូត​ទៅ​ដល់​ឆ្នាំ​ក្រោយ​ទៀត​។​ សេចក្តី​ព្រាង​បឋម​ ស្តី​ពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ មាន​ ៩​ ជំពូក​ និង​ ៣៦​ មាត្រា​ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ សេចក្តីព្រាងច្បាប់​នេះ​បាន​ព្រមព្រៀង​ និង​អនុម័ត​ បាន​ចំនួន​ ១៤​ មាត្រា​ ៕

Share

Image
Image
Image