en     km
en     km

ហ្វី​លី​ពី​ន​ប្រកាស​ពី​ការ​ឆ្លង​វីរុស​ Zika​ ករណី​ដំបូង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​

Share

​ក្រុង​ម៉ានីល​៖​ ប្រទេស​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​ចន្ទ​ ទី​២៦​ កញ្ញា​នេះ​ បាន​រាយការណ៍​ពី​ករណី​ឆ្លង​មេរោគ​វីរុស​ Zika​ករណី​ដំបូង​ដែល​បាន​រក​ឃើញ​ថា​ បាន​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​។​ បញ្ហា​នេះ​បាន​គំរាមកំហែង​ដល់​ទារក​ក្នុង​ផ្ទៃ​ ខណៈ​ក្រុម​អាជ្ញាធរ​បាន​ព្រមាន​ទៅ​កាន់​ប្រជាជន​ធ្វើ​យ៉ាង​ជៀសវាង​កុំឱ្យ​មូស​ខាំ​។​

ទារកក្នុងរូបនេះមានផ្ទុកវីរុសហ្ស៊ីកា ដែលធ្វើឱ្យទ្រង់ទ្រាយក្បាលមានរាងតូច។រូបភាពCNA
ទារកក្នុងរូបនេះមានផ្ទុកវីរុសហ្ស៊ីកា ដែលធ្វើឱ្យទ្រង់ទ្រាយក្បាលមានរាងតូច។រូបភាពCNA

​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ហ្វី​លី​ពី​ន​ លោក​ Paulyn​ Ubial​ បានឱ្យ​ដឹង​ថា​  យ៉ាងតិច​ណាស់​មាន​  ករណី​នៃ​ជម្ងឺ​ Zika​ ១២​ ករណី​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទូ​ទាំង​ប្រទេស​ហ្វី​លី​ពី​ន​នៅ​ខែ​នេះ​។​ ក្នុង​នោះ​រួម​មាន​ទាំង​ស្ត្រី​វ័យ​ ២២​ ឆ្នាំ​ម្នាក់​មក​ពី​កោះ​សេ​ប៊ូ​ ដែល​ទារក​ក្នុង​ផ្ទៃ​របស់​នាង​បាន​ផ្ទុក មេរោគ​ Zika​ នេះ​ រយៈពេល​ ១៩​ ស​ប្តា​ហ៍​មក​ហើយ​។​

មន្ទីរ​សុខាភិបាល​បាន​និយាយ​ថា​៖«​ការ​ឆ្លុះ​អេកូ​ដំបូង​មិន​ទាន់​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​របស់​ទារក​ក្នុង​ផ្ទៃ​នោះ​ទេ​។​ តែ​នាង​នឹង​ត្រូវ​ត្រួតពិនិត្យ​ជា​ទៀងទាត់​ ក្នុងអំឡុងពេល​ដែល​នាង​កំពុង​ពពោះ​»​។​

ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បាន​ឆ្លង​មេរោគ​ Zika​ នេះ​ អាច​នឹង​ផ្តល់​កំណើត​ឱ្យ​ទារក​មាន​ទ្រង់ទ្រាយ​ក្បាល​តូច​ចំណែកឯ​ខួរក្បាល​ទារក​ក៏​ខុស​ប្រក្រតី​ពី​ទារក​ធម្មតា​ផង​ដែរ​។​

ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ប្រទេស​ហ្វី​លី​ពី​ន​ មាន​ករណី​ជម្ងឺ​ Zika​ នេះ​ចំនួន​ ១២​ ករណី​ ក្នុង​នោះ​មាន​ ៨​ នាក់​ជា​ស្ត្រី​ ដែល​មាន​អាយុ​ពី​ ៩​ ដល់​ ៥៥​ ឆ្នាំ​។​

ក្រុម​ពិសេស​មួយ​ក្រុម​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​តំបន់​ទាំងអស់​ដែល​រង​ផល​ប៉ះពាល់​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ការ​ឆ្លង​មេរោគ​ហ្ស៊ី​កា​នេះ​។​ ក្រុមការងារ​នេះ​ ក៏​បាន​ផ្តល់​អនុសាសន៍​ និង​វិធានការ​ដោះស្រាយ​មេរោគ​នេះ​ ដែល​ជម្ងឺ​នេះ​អាច​ត្រូវ​បាន​រីក​រាលដាល​ដោយសារ​មូស​ខាំ​ ឬ​តាម​រយៈ​ការ​រួម​ផ្លូវភេទ​។​

លោក​ Ubial​ បាន​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​ពលរដ្ឋ​បំផ្លាញ​ជំរក​មូស​ និង​ពាក់​ស្រោមអនាម័យ​នៅ​ពេល​រួម​ភេទ​៕​ប្រភព​៖CNA

Share

Image
Image
Image