ក្រុងម៉ានីល៖ ប្រទេសហ្វីលីពីននៅថ្ងៃចន្ទ ទី២៦ កញ្ញានេះ បានរាយការណ៍ពីករណីឆ្លងមេរោគវីរុស Zikaករណីដំបូងដែលបានរកឃើញថា បានកើតលើស្ត្រីមានផ្ទៃពោះម្នាក់។ បញ្ហានេះបានគំរាមកំហែងដល់ទារកក្នុងផ្ទៃ ខណៈក្រុមអាជ្ញាធរបានព្រមានទៅកាន់ប្រជាជនធ្វើយ៉ាងជៀសវាងកុំឱ្យមូសខាំ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន លោក Paulyn Ubial បានឱ្យដឹងថា យ៉ាងតិចណាស់មាន ករណីនៃជម្ងឺ Zika ១២ ករណីត្រូវបានគេរកឃើញនៅទូទាំងប្រទេសហ្វីលីពីននៅខែនេះ។ ក្នុងនោះរួមមានទាំងស្ត្រីវ័យ ២២ ឆ្នាំម្នាក់មកពីកោះសេប៊ូ ដែលទារកក្នុងផ្ទៃរបស់នាងបានផ្ទុក មេរោគ Zika នេះ រយៈពេល ១៩ សប្តាហ៍មកហើយ។
មន្ទីរសុខាភិបាលបាននិយាយថា៖«ការឆ្លុះអេកូដំបូងមិនទាន់រកឃើញពីភាពមិនប្រក្រតីរបស់ទារកក្នុងផ្ទៃនោះទេ។ តែនាងនឹងត្រូវត្រួតពិនិត្យជាទៀងទាត់ ក្នុងអំឡុងពេលដែលនាងកំពុងពពោះ»។
ស្ត្រីមានផ្ទៃពោះដែលបានឆ្លងមេរោគ Zika នេះ អាចនឹងផ្តល់កំណើតឱ្យទារកមានទ្រង់ទ្រាយក្បាលតូចចំណែកឯខួរក្បាលទារកក៏ខុសប្រក្រតីពីទារកធម្មតាផងដែរ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា បច្ចុប្បន្ននេះប្រទេសហ្វីលីពីន មានករណីជម្ងឺ Zika នេះចំនួន ១២ ករណី ក្នុងនោះមាន ៨ នាក់ជាស្ត្រី ដែលមានអាយុពី ៩ ដល់ ៥៥ ឆ្នាំ។
ក្រុមពិសេសមួយក្រុម ត្រូវបានគេបញ្ជូនទៅកាន់តំបន់ទាំងអស់ដែលរងផលប៉ះពាល់ ដើម្បីធ្វើការស៊ើបអង្កេតការឆ្លងមេរោគហ្ស៊ីកានេះ។ ក្រុមការងារនេះ ក៏បានផ្តល់អនុសាសន៍ និងវិធានការដោះស្រាយមេរោគនេះ ដែលជម្ងឺនេះអាចត្រូវបានរីករាលដាលដោយសារមូសខាំ ឬតាមរយៈការរួមផ្លូវភេទ។
លោក Ubial បានអំពាវនាវជាសាធារណៈឱ្យពលរដ្ឋបំផ្លាញជំរកមូស និងពាក់ស្រោមអនាម័យនៅពេលរួមភេទ៕ប្រភព៖CNA