ភ្នំពេញ៖ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក ម៉ម សុណង់ដូ នៅថ្ងៃ ចន្ទ ទី ២៦ កញ្ញា នេះបានចូលទៅបំភ្លឺចំពោះមុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជុំ វិញពាក្យបណ្ដឹងរបស់លោកដែលបានដាក់ពាក្យប្ដឹងបទបរិហារកេរិ៍្ដប្ដឹង ព្រះតេជគុណ ប៊ុត ប៊ុនទិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ។
ករណីនេះសាស្ដ្រាចារ្យសិក្សាពីនយោបាយបង្ហាញការយល់ឃើញថា បើសិនអ្នកនយោបាយមិនហ៊ានទទួលយកការរិះគន់ មិនគួរមកធ្វើជាអ្នកនយោបាយឡើយ ។
ក្រោយពីការចូលបំភ្លឺរឿងនេះភ្លាម វិទ្យុស្ដ្រីFM102 បានសុំសម្ភាសន៍លោកពីមូលហេតុដែលលោកសម្រេចដាក់ពាក្យប្ដឹងព្រះតេជគុណ ប៊ុត ប៊ុនទិញ ។ លោក ម៉ម សុណង់ដូ បានប្រាប់ថា ពីព្រោះតែព្រះតេជគុណបានបរិហាកេរ្ដិ៍លោកដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្ដិយសលោកក៏ដូចជាគណបក្សរបស់លោក ។
លោកបន្ដថា ព្រះសង្ឃប៊ុត ប៊ុនទិញ បានចោទលោកថា ការបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិ បតេយ្យ គឺបំណងដើម្បីកំទេចគណបក្សសង្គ្រោះជាតិ ព្រោះតែលោកទៅចរចាសុំតំណែងពីលោក កឹម សុខា និង លោក សម រង្ស៊ី ក្នុងគណបក្សសង្គ្រោះជាតិមិនបាន ។ លោកបានបញ្ជាក់ទៀតថា ព្រោះតែការចោទនេះហើយទើធ្វើឱ្យលោក មិនអាច ទុកឱ្យព្រះសង្ឃអង្គនេះ បន្តស្ថិតក្នុងភេទជាសង្ឃបានបន្ដទៀត។ លោក ម៉ម សុណង់ដូ«យើងគោរពព្រះសង្ឃជាសាវករបស់ព្រះសម្មាសម្ពុទ្ធ ហើយបើទុកឲ្យព្រះសង្ឃយកស្បង់ចីពរទៅរកស៊ី ទៅធ្វើនយោបាយហើយជាពិសេសទៅ និយាយភរភូត បង្អាប់មួយ បញ្ជើចមួយ ដោយគ្មានការពិតគឺវាគ្រោះថ្នាក់ដល់អ្នកនយោបាយផង និង ព្រះពុទ្ធសាសនាផង»។
ជុំវិញករណីនេះវិទ្យុស្ដ្រីមិនអាចស្វែងរកការបញ្ជាក់ពីព្រះតេជគុណ ប៊ុត ប៊ុនទិញ បានទេព្រោះព្រះអង្គកំពុងគង់នៅសហរដ្ឋអាមេរិកនៅឡើយ ។
ចំណែកលោក សូ ចន្ថា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ បានបង្ហាញការយល់ឃើញថា ក្នុងនាមលោក ម៉ម សូណង់ដូ ជាអ្នកធ្វើនយោបាយមួយរូប ត្រូវតែបើកចិត្ដឲ្យទូលាយដើម្បីទទួលយកការរិះគន់ផ្សេងៗ។ ជាងនេះលោកយល់ថា ការប្ដឹងអ្នករិះគន់ដូច្នេះ មើលទៅហាក់មានបំណង ចង់បំបិទសិទ្ធិសេរីភាពសម្ដែងមតិ ខណៈតុលាការនៅកម្ពុជាមិនទាន់មានឯរាជ្យពិតប្រាកដនៅឡើយ ។
សាស្ដ្រាចារ្យសិក្សាពីនយោបាយបញ្ជាក់ថា ពលរដ្ឋគ្រប់រូបគឺមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្ដែងមតិស្របទៅតាមរដ្ឋធម្មនុញ្ញ ។ ដោយលោកពន្យល់ថា បើអ្នកនយោបាយមិនហ៊ានទទួលយកការរិះគន់ ហើយមិនចង់ឲ្យគេរិះគន់ គឺមិនគួរធ្វើនយោបាយនោះទេ ។ លោក សូ ចន្ថា«សម្រាប់ខ្ញុំគិតថា ការរិះគន់របស់ប្រជាពលរដ្ឋខ្មែរគឺជាផ្នែកមួយ នៃការបញ្ចេញមតិ ហើយបើអ្នកនយោបាយខ្មែរមិនហ៊ានទទួលយកការរិះគន់ ហើយមិនចង់ឲ្យគេរិះគន់គួរតែឈប់ធ្វើនយោបាយទៀតទៅ»។
សូមជម្រាបថា ព្រះតេជគុណ ប៊ុត ប៊ុនទិញ គឺជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដែលមានប្រិជាប្រិយមួយរូប ហើយជាងនេះព្រះអង្គក៏ជាសកម្មជនការពារព្រៃឈើផងដែរ ៕