ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទត្រា ម៉ូឌី(Narendra Modi) និយាយកាលពីថ្ងៃអាទិត្យ ទី២៥ កញ្ញាថា ប្រទេសឥណ្ឌាដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេលំដាប់ទីបីរបស់ពិភពលោក នឹងចូលរួមជាផ្លូវការលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាស ធាតុ នៅថ្ងៃទី ២ ខែតុលាខាងមុខនេះ។
ការផ្តល់សច្ចាប័នពីសំណាក់ប្រទេសឥណ្ឌានៅពេលនេះ គឺស្របទៅតាមអ្វីដែលសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេរបស់ពិភពលោក នឹងសន្យាជួយពន្លឿនការអនុម័តជាប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុដែលគ្រោងបង្កើតឡើងនៅ ខែធ្នូ ខាងមុខនេះ។
លោក ម៉ូឌី និយាយថា៖«នៅថ្ងៃទី ២ ខែតុលាខាងមុខនេះ ជាពេលវេលាដើម្បីធ្វើសច្ចាប័នលើពិធីសារ COP21 ។ ប្រទេសឥណ្ឌានឹងធ្វើវានៅ Gandhi Jayanti »។ លោក ម៉ូឌី បន្តថា ការជ្រើសរើសថ្ងៃនេះគឺសំដៅដល់ខួបកំណើតលោក មហាត្មៈ គន្ធី ដែលមនុស្សជាច្រើនស្គាល់ថា លោកជាឪពុករបស់ឥណ្ឌាសម័យទំនើបនេះ។
លោក ម៉ូឌី បាននិយាយទៀតថា លោកបានជ្រើសរើសខួបកំណើតរបស់លោក គន្ធី(Gandhi) ជាថ្ងៃដែលយើងត្រូវបោះជំហានដើម្បីកាត់បន្ថយកាបូនឱ្យបានទាបមួយកំរិត។
លោក ម៉ូឌី និយាយនៅក្នុងកិច្ចប្រជុំថ្នាក់ជាតិគណបក្ស ប៉ារ៉ាទីយ៉ា ចាណាតា(Bharatiya Janata) នៅ Kozhikode រដ្ឋ Kerala ថា កាលពីខែមិថុនាឥណ្ឌាបង្ហាញថា ខ្លួននឹងធ្វើការឆ្ពោះទៅរកការចូលរួមក្នុងកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរអាកាសធាតុឆ្នាំនេះ។
COP21 សំដៅទៅលើសន្និសីទនៃភាគីពិធីការដែលបានសន្យា ទាំងប្រទេសអ្នកមាន និងប្រទេសអ្នកក្រក្នុងការទប់ស្កាត់ការកើនឡើងកម្រិតកាបូន និងមានគោលបំណងដើម្បីលុបបំបាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពរបស់មនុស្ស៕ ប្រភព៖Reuters