មនុស្សល្បីទី១ គឺកីឡាករវាយកូនគោលអាមេរិកលោក អាណុល ប៉ាលមើល (Arnold Palmer) ដែលត្រូវបានគេស្គាល់ថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនគោលបានស្លាប់នៅអាយុ ៨៧ កាលពីថ្ងៃអាទិត្យ ទី២៥ កញ្ញា ម្សិលមិញ។

កាសែត Pittsburgh បានរាយការណ៍ថាលោក Palmer បានស្លាប់នៅក្នុងមន្ទីរពេទ្យ UPMC រដ្ឋ Pennsylvania ជាទីកន្លែងដែលលោកត្រូវបានទទួលការធ្វើតេស្តរោគបេះដូង។
សមាគមកីឡាវាយកូនគោលអាមេរិកបានដាក់ងារលោកថា ជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៃកីឡាវាយកូនគោល។
កីឡាករវាយកូនគោល Tiger Woods បាននិយាយថា៖ «សូមអរគុណលោក Arnold សម្រាប់មិត្តភាពរបស់អ្នក ហើយលោកបានផ្តល់នូវសំណើចជាច្រើនជាមួយក្តីស្រឡាញ់ដល់មនុស្សជាតិ និងការបន្ទាបខ្លួនរបស់អ្នក»។
ក្នុងអាជីពដ៏យូររបស់លោក លោកបានឈ្នះការប្រកួតជាង ៩០លើក នៅទូទាំងពិភពលោក។
លោក Arnold Palmer កើតនៅ Latrobe រដ្ឋ Pennsylvania ក្នុងឆ្នាំ ១៩២៩ ជាកូនម្ចាស់ក្លិបវាយកូនគោលម្នាក់នៅទីនោះ។ គាត់ជាកីឡាករលេច ធ្លោបំផុតផ្នែកកីឡាវាយកូនគោលនៅចុងទសវត្សឆ្នាំ ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ ១៩៦០ ហើយលោកបានឈ្នះពានរង្វាន់ធំៗចំនួនប្រាំពីរ ជាងប្រាំពីររដូវកាលមកហើយ។
ចំណែកមនុស្សល្បីទី២ គឺលោកលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ(Christian GAUQUELIN des PALLIÈRES) លោកគឺជាស្ថាបនិករបស់អង្គការដើម្បីភាពញញឹមនៃកុមារហៅកាត់ថា PSE លោកបានទទួលមរណភាពនៅម៉ោងជិត ៧ យប់ ថ្ងៃទី២៤កញ្ញា ដោយជរាភាពក្នុងអាយុ ៨២ ឆ្នាំ។
លោក Christian GAUQUELIN des PALLIÈRES ប្រសូតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣៤ នៅក្បែរទីក្រុងប៉ារីស ប្រទេសបារាំង។
លោកបានចូលធ្វើការនៅក្រុមហ៊ុនម៉ាស៊ីនអាមេរិកដ៏ល្បីមួយ ឈ្មោះថា IBM នៅឆ្នាំ១៩៦២។ ពីរឆ្នាំក្រោយមក លោកបានរៀបការជាមួយកញ្ញា Bouchard Marie-France ហើយអ្នកទាំងពីរមានបុត្រចំនួន ៤នាក់។
រហូតមកដល់ឆ្នាំ ១៩៩៣ លោកបានសម្រេចចិត្តមកធ្វើការនៅស្រុកខ្មែរ ជាមួយនឹងអង្គការ Sipar ដើម្បីជួយលើកស្ទួយវិស័យអប់រំនិងអំណាននៅកម្ពុជា។ ក្នុងអំឡុងដែលគាត់ធ្វើការជាមួយអង្គការ Sipar ពេលនោះហើយ ដែលគាត់បានឃើញពីទុក្ខលំបាកវេទនារបស់កុមារក្រីក្រតាមផ្លូវនៅភ្នំពេញ។
បន្ទាប់មកលោក គ្រីស្យង់ ក៏បានសម្រេចចិត្តលាឈប់ពីអង្គការ Sipar ហើយបែរមកបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ PSE នៅឆ្នាំ១៩៩៥។ មកទល់នឹងពេលនេះ PSE បានជួយកុមារកម្ពុជារាប់សិបពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងឲ្យចាកចេញពីទុរគតភាព ហើយកុមារទាំងនោះទទួលបានការសិក្សា អាហារ សម្លៀកបំពាក់ និងការស្នាក់នៅសមរម្យ ព្រមទាំងបណ្តុះបណ្តាលវិជ្ជាជីវៈថែម៕