ភ្នំពេញ៖ ភាគីពាក់ព័ន្ធមួយចំនួនរួមមាន កាកបាតក្រហមកម្ពុជា ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ អង្គការសង្គមស៊ីវិល ព្រមទាំងសិល្បករ សិល្បការិនី បានរៀបចំយុទ្ធការមួយដើម្បី ផ្សព្វផ្សាយ និងអប់រំ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ឱ្យបាយល់ដឹង ពីសុវត្តិភាពចរាចរណ៍ និងត្រៀមខ្លួនការពារពីគ្រោះថ្នាក់តាមមធ្យោបាយផ្សេងៗ នៅក្នុងពេលឱកាសពេលភ្នំបិណ្ឌនេះ។
យុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ កំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។ យុទ្ធនាការនេះបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយចាប់ពីនៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៦នេះតទៅ។
លោក ខឹម សុផល ប្រធានគម្រោងសុវត្តិភាពចរាចរណ៍ បានឱ្យដឹងថា យុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ នាកំឡុងបុណ្យភ្ជុំបិណ្ឌនេះ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាតក្រហម នឹងចុះអប់រំផ្សព្វផ្សាយពីសុវត្តិភាពចរាចរណ៍នៅតាមសហគមន៍ ក្នុងតំបន់គោលដៅនៅរាជធានីខេត្ត ចំនួន ៨ ព្រមទាំងចុះផ្សព្វផ្សាយនៅតាមចំណតយានយន្ត ទីប្រជុំជន និងនៅតាមផ្សារក្នុងរាជធានីភ្នំពេញ ព្រមទាំងខេត្តកណ្តាលផងដែរ។ ទន្ទឹមនិងនេះដែរ ក៏មានចុះចែកខិតប័ណ្ណអប់រំ និងបិទស្ទីកឃ័រលើយានយន្តជាមួយក្រុមការងារគណៈកម្មការធិការជាតិសុវត្តិភាពចរាចរណ៍ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមចំណតយានយន្តក្នុងរាជធានីភ្នំពេញ។
លោកបន្តថា ជាមួយនេះដែរ យុទ្ធនាការនេះ ក៏មានចាក់ស្ប៉តអប់រំសុវត្តិភាពចរាចរណ៍ ពីថ្ងៃទី២១ ដល់ថ្ងៃទី០៣ ខែតុលា នៅវិទ្យុស្ត្រីអេហ្វអឹម ១០២ ផងដែរ។ បន្ថែមពីនេះក៏មានចុះផ្សព្វផ្សាយ នៅតាមគ្រឹះស្ថានឧត្តមសិក្សា នៅខេត្តកំពង់ចាម សៀមរាប កណ្តាល និងរាជធានីភ្នំពេញ។
ប្រធានគម្រោងសុវត្តិភាពចរាចរណ៍រូបនេះ រំពឹងថា យុទ្ធនាការនេះ គឺផ្នែកមួយក្នុងការជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ និងគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ចំណែក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងដែរថា ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ប៉ូលិសចរាចរណ៍នៅតាមរាជធានី ខេត្តនឹងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងនៅតាមចំណត់ឡាន។ ក្នុងនោះដែរ ក៏មានដាក់ពង្រាយកម្លាំងនៅតាមរាជធានីខេត្តទាំងអស់ និងនៅតាមផ្លូវជាសំខាន់មួយចំនួន។ លោកថា ប៉ូលិសចរាចរណ៍នឹងចាត់វិធានការណ៍តឹងរ៉ឹងចំពោះអ្នកបើកបរដែលប្រើប្រាស់គ្រឿងស្រវឹង និងលើសល្បឿនកំណត់។លោក រុន រ័ត្នវាសនា៖«នៅក្នុងច្បាប់ចរាចរណ៍ នៅមាត្រា ៧៧ អ្នកបើកបរក្នុងសភាពស្រវឹងនេះ នៅក្នុងច្បាប់ទីមួយត្រូវឃាត់ខ្លួន ដាក់ពន្ធនាគារពីមួយខែទៅប្រាំមួយខែ ពិន័យជាប្រាក់ ពីប៉ែតសិបម៉ឺនរៀល ទៅបួនលានរៀល។ ហើយនៅក្នុងនេះសមត្ថកិច្ចនគបាលយុត្តធម៌ គ្មានសិទ្ធិឃាត់ខ្លួនដោយខ្លួនឯងទេ តែបញ្ជូនទៅតុលាការតែប៉ុណ្ណោះ។»
លោក យ៉ែម សំអូន ដែលបានចូលរួមក្នុងយុទ្ធនាការនេះដែរ ប្រាប់ថា ក្នុងលោកនាមជាសិល្បៈករ លោកនឹងបន្តធ្វើការផ្សព្វផ្សាយពីបញ្ហាសុវត្តិភាពចរាចរណ៍ និងជំរុញឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរចរណ៍ ជាពិសេសនៅក្នុងរដូវភ្ជុំបិណ្ឌនេះ ជាពេលដែលប្រជាពលរដ្ឋសំរុកធ្វើដំណើរទៅស្រុកកំណើត។ លោក យ៉ែម សំអូន៖«សម្រាប់នៅក្នុងសមាគមមិត្តសិល្បៈករជួយសង្គម មានបង្កើតជាស្ប៉តមួយដើម្បីបង្ហាញពីការពាក់មួកសុវត្តិភាពការងារ ហើយនឹងការផ្សព្វផ្សាយបន្ថែមទៀតទៅតាមប្រព័ន្ធហ្វេសប៊ុក នៃប្រូហ្វាល់សិល្បៈករមួយចំនួន និងផ្សេងទៀតមានការផ្សព្វផ្សាយជាចំហរ នៅផេករបស់សមាគមផ្ទាល់…។»
តាមរបាយការណ៍ប្រព័ន្ធព័ត៌មានជនរងគ្រោះ បានឱ្យដឹងថានៅក្នុងរយៈពេលមួយសប្តាហ៍អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០១៥ កន្លងមក មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៥៦នាក់ បើធៀបនឹងឆ្នាំ២០១៤ ចំនួនអ្នកស្លាប់កើនឡើង ៦នាក់។ អ្នកបើកបរបង្កគ្រោះថ្នាក់ខ្លាំងនៅពេលភ្ជុំបិណ្ឌ គឺម៉ូតូ បន្ទាប់មកគឺរថយន្តគ្រួសារ។
របាយការដដែលបន្តថា កសិករ គឺមានភាគរយនៃការគ្រោះថ្នាក់ខ្ពស់ជាងគេ បន្ទាប់មកកម្មករ និងសិស្សនិស្សិត។ មូលហេតុចំបងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ការបើកបរហួសល្បឿនកំណត់ និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕