ស្របជាមួយនឹងការលើកឡើងថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា គោរពរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិមិនទាន់បានពេញ ប្រធានស្តីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្តេជ្ញាថា នឹងការពារនូវច្បាប់កំពូលរបស់ជាតិមួយនេះ។ ប៉ុន្ដែមន្ដ្រីជាន់ ខ្ពស់បក្សកាន់អំណាចមានប្រសាសន៍ថា កម្ពុជាបានអនុវត្ដនីតិរដ្ឋ និង គោរពរដ្ឋធម្មនុញ្ញបានក្នុងកម្រិតល្អប្រសើរ។
ថ្លែងនៅក្នុងពិធីរម្លឹកខួបទី២៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញដែលប្រារព្ធធ្វើនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៤ ខែកញ្ញានេះ លោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិ បានប្រកាសទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា លោកក៏ដូចជាគណបក្សសង្គ្រោះជាតិ នឹងប្តេជ្ញាការពាររដ្ឋធម្ម នុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
លោកបន្តថា ស្ថាប័នទាំងអស់របស់ជាតិ ក៏មានតួនាទីក្នុងការការពារច្បាប់កំពូលមួយនេះដែរ ប៉ុន្តែ ប្រសិនបើស្ថាប័ននានា មិនការពាររដ្ឋធម្មនុញ្ញបានត្រឹមត្រូវទេ នោះប្រជាពលរដ្ឋត្រូវតែប្រើសិទ្ធិខ្លួនដើម្បីអ្នកការពារច្បាប់នេះ។ លោក កឹម សុខា៖ «ស្ថានប័នរដ្ឋទាំងអស់មានតួនាទីដូចគ្នា ក្នុងការការពាររដ្ឋធម្មនុញ្ញ ប៉ុន្តែប្រជាពលរដ្ឋក៏មានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ ជាអ្នកមានអំណាច ជាអ្នកខ្ពស់ជាងគេបំផុតចុងក្រោយហើយ។ បើមានការរំលោភនូវរដ្ឋធម្មនុញ្ញមិនអាចមកហាមប្រជាពលរដ្ឋមិនឱ្យការពារបានទេ។ នេះជាទស្សនៈនៅក្នុងគោលការណ៍ប្រជាធិបតេយ្យ។…ប្រជាពលរដ្ឋបើថាគេរំលោភហើយ ស្ថាប័ននានារំលោភហើយអំណាចទាំងអស់សុទ្ធតែចេញមកពីប្រជាពលរដ្ឋ អញ្ចឹង!ប្រជាពលរដ្ឋយកមកវិញ ដើម្បីការពារខ្លួនឯង។…ខ្ញុំនៅតែយល់ឃើញថាយកស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ ៩៣ មក យកមកមើលជជែកគ្នាទៅ អត់ឈ្លោះគ្នាកើតទេ។»
លោក ផៃ ស៊ីផាន អ្នកនាំរដ្ឋាភិបាល បានប្រាប់វិទ្យុស្ត្រីកាលពីថ្ងៃទី ២២ កញ្ញា ថា រដ្ឋាភិបាលបានគោរពច្បាប់រដ្ឋធម្មនុញ្ញហើយ។ លោកថា ប្រសិន បើគណបក្សប្រឆាំងយល់ថា រដ្ឋាភិបាលរំលោភលើច្បាប់កំពូលនេះ គឺអាចប្តឹងទៅក្រុមប្រឹក្សារដ្ឋធម្មនុញបាន។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ក្នុងកិច្ចពិភាក្សានៅក្នុងកម្មវិធីរបស់វិទ្យុស្រី្ត ថា ច្បាប់រដ្ឋធម្មនុញ្ញត្រូវបានតាក់តែងឡើងដើម្បីធានានូវសុភមង្គល សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងសង្គម និងការរីកចម្រើន។ ប៉ុន្តែលោកថា រដ្ឋាភិបាលសព្វថ្ងៃមិនទាន់បានគោរពច្បាប់នេះ ឱ្យបានពេញលេញនៅឡើយនោះទេ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ៖«តែកាលណាមានការរំលោភច្បាប់ វាមានអនាធិបតេយ្យ។ អនា ធិបតេយ្យ គឺការប្រើប្រាស់អំណាចរំលោភ អាហ្នឹងគឺយើងអត់បានសុខទេ មានការព្យាបាទគ្នាទៅវិញទៅមកអីអញ្ចឹងទៅ អាងតែយើងអាចរំលោភអំណាចតាមដែលយើងចង់បាន តាមអ្នកដូចជាធ្វើអំពើពុករលួយ ជាអ្នកសូកប៉ាន់ជាអាថ៌អញ្ចឹងទៅ។ អាហ្នឹងហើយប្រជាពលរដ្ឋអត់មានសុខ…»។
ជាមួយនឹងការប្តេជ្ញាការពារនូវរដ្ឋធម្មនុញ្ញ អនុប្រធានស្តីទីគណបក្សប្រឆាំងលោក កឹម សុខា ក៏ជំរុញឱ្យប្រជាពលរដ្ឋពិនិត្យឡើងវិញនូវ ការសច្ចា ប្រណិធានរបស់អ្នកនយោបាយខ្មែរ តើអ្នកណាខ្លះ បានគោរព និងអ្នកណាមិនគោរព នូវអ្វីដែលខ្លូនបានស្បថថា នឹងគោរពជានិច្ចនូវលទ្ធិប្រជា ធិបតេយ្យ សេរីនិយម និងពហុបក្ស ប្រឆាំងនឹងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម និងតស៊ូ ដើម្បីផ្សះផ្សារជាតិ ព្រមទាំងមាន ការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្សដូចមានចែងក្នុងប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ។ លោក ឡៅ ម៉ុងហៃ៖«នេះហើយជាការប្តេជ្ញា ដូចស្បថអញ្ចឹង សច្ចាប្រណិធានរបស់អ្នកនយោ បាយខ្មែរទាំងអស់ ដែលចូលកាន់ដំណែង គឺមានសេចក្តីអញ្ចឹង ខ្ញុំរម្លឹកថ្ងៃនេះ ដើម្បីឱ្យប្រជាពល រដ្ឋលោកបានធ្វើសាក្សី ហើយបងប្អូនអ្នកធ្វើតុលាការហើយកាត់សេចក្តីទៅលើសច្ចាប្រណិធាននេះ…។»
យ៉ាងណាមិញ ប្រធានស្តីគណបក្សប្រឆាំងរូបនេះ ចង់ឱ្យអ្នកនយោបាយខ្មែរទាំងអស់វិលមកការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិ ដើម្បីដោះស្រាយបញ្ហាជាតិដោយអហឹង្សាតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ៕